អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គេសង្កេតឃើញថា និន្នាការនៃការស្អប់ខ្ពើមរបស់ក្រុមបាតុករភូមា ទៅលើជនជាតិចិនមានកាន់តែច្រើនឡើងៗ រាប់ចាប់តាំងពីកម្មករចិន អ្នកជំនួញចិន ក្រុមហ៊ុននិងរោងចក្រសហគ្រាសធំៗរបស់ចិន ដែលកំពុងរកស៊ីនៅភូមា ដោយថ្មីៗនេះមានរោងចក្រចិនជាច្រើនកន្លែង ត្រូវបានដុតបំផ្លាញដោយក្រុមបាតុករភូមា។ នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន រួមមាន Reuters និង South China Morning Post។
តើកំហឹងក្រេវក្រោធរបស់ក្រុមបាតុករភូមាទៅលើជនជាតិចិនដូច្នេះ កើតមានឡើងដោយសារអ្វី?
បើតាមការអះអាងរបស់ភ្នាក់ងារ Reuters បាតុករ និងជារួមពលរដ្ឋភូមាកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានជំនឿថា យោធាភូមាហ៊ានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំលោកស្រី Aung San Su Kyii ក៏ដោយសារតែមានចិនជាអ្នកទំនុកបម្រុង និងជាបង្អែកពីក្រោយ។ ពលរដ្ឋភូមាមើលឃើញថា ដោយសារតែមានចិន នៅពីក្រោយជាបង្អែកបែបនេះ ទើបយោធាភូមាហ៊ានធ្វើរដ្ឋប្រហារដោយមិនញញើតពីការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ នឹងមិនញញើតដៃក្នុងការ បង្ក្រាបនិងបាញ់សម្លាប់បាតុករអស់ជាច្រើននាក់។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លើសពីនេះទៅទៀត ក្រុមយោធាភូមាថែមទាំងបាននិយាយផ្គើននឹងអន្តរជាតិថែមទៀតផងកាលពីសប្តាហ៍មុន ឧត្តមសេនីយ៍យោធាភូមាលោក Soe Win បានលើកឡើងថា លោក និងក្រុមរបស់លោកមិនខ្លាចទណ្ឌកម្មអ្វីទៀតនោះទេ ព្រោះទណ្ឌកម្មជារឿងធម្មតាសម្រាប់ក្រុមលោកទៅហើយ។
គិតមកដល់ពេលនេះ មានរោងចក្រសហគ្រាសរបស់ចិនជាច្រើនត្រូវបានបាតុករភូមា ចូលទៅវាយកំទេច និងដុតបំផ្លាញ។ ខណៈដែលអំពើហិង្សាកំពុងផ្តោតលើចិនកាន់តែខ្លាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្សៅ លីជាន Zhao Lijian កាលពីថ្ងៃច័ន្ទទី១៥ ខែមីនា បានចេញមកថ្លែងថា រដ្ឋាភិបាលចិន កំពុងតាមដានស្ថានការណ៍នេះ ដោយយកចិត្តទុកដាក់បំផុត។ ទន្ទឹមនឹងនេះ ចិនបានអំពាវនាវ ឲ្យប្រជាជនចិនរស់នៅក្នុងប្រទេសភូមា ត្រូវមានការប្រុងប្រយ័ត្ន។ នេះបើតាមចេញផ្សាយរបស់សារព័ត៌មាន South china morning post។
យ៉ាងណាមិញ បើតាមប្រភពពីសហគ្រាសចិននៅភូមាកាលពីអង្គារម្សិលមិញបានឲ្យដឹងថា រដ្ឋចិនបានប្រកាសឲ្យសហគ្រាសរបស់ខ្លួន ត្រៀមជម្លៀសកម្មកររោងចក្រណាដែលមិនមានការងារចាំបាច់ចេញពីប្រទេសភូមា។
សូមបញ្ជាក់ដែរថា បន្ទាប់ពីរោងចក្រចិនជាច្រើនត្រូវបានវាយប្រហារកាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CGTN បានព្រមានថា ចិននឹងមិនអនុញ្ញាតឱ្យគេឈ្លានពាន បំផ្លាញទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់ខ្លួនបានជាដាច់ខាត ហើយប្រសិនបើអាជ្ញាធរភូមា មិនអាចគ្រប់គ្រងស្ថានការណ៍បាន និង ភាពវឹកវរនៅតែបន្តរីករាលដាល នោះប្រទេសចិនអាចនឹងត្រូវបង្ខំចិត្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួនហើយ ។
សូមរំឭកថា បើតាមប្រភពចុះផ្សាយដោយសារព័ត៌មានចិនជាភាសាអង់គ្លេស Global Times បានរាយការណ៍ពីទំហំខូតខាតរបស់រោងចក្រចិនកាលពីសប្តាហ៍មុន អាចមានតម្លៃគិតជាទឹកប្រាក់ ប្រមាណ៣២លានដុល្លារអាមេរិក៕