តាមរបាយការណ៍ដដែល បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ កន្លងមកនេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនា ប្រមាណជាង ១លាន ៣សែននាក់ កើនឡើងប្រមាណ ១០% ជាមួយនឹងចំណូលជាង ៦១,៤ លានដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម បណ្ឌិត ថោង ខុន ធ្លាប់បានលើកឡើងដែរថា តំបន់ទេសចរណ៍នៅខេត្តសៀមរាប មិនត្រឹមតែនៅមាននៅទីក្រុងទេសៀមរាបតែមួយប៉ុណ្ណោះទេ ប៉ុន្ដែ មានតំបន់ទន្លេសាប និងតំបន់ជុំវិញជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍបន្ថែម។ ហើយទីក្រុងសៀមរាប ក៏កំពុងស្ថិតក្នុងការថែរក្សារបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណាឲ្យទីក្រុងនេះ មានសណ្ដាប់ធ្នាប់ និងអនាម័យ ស័ក្ដិសមជាទីក្រុង បេតិកភណ្ឌ។
ជុំវិញនឹងការបង្កើតតំបន់ទេសចរណ៍នេះដែរ ឯកឧត្តម បណ្ឌិត ថោង ខុន បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ន កម្ពុជាមានតំបន់អេកូទេសចរណ៍ជាច្រើន ដែលនឹងក្លាយផលិតផលទេសចរណ៍ដ៏ល្អ ប៉ុន្ដែ កម្ពុជានៅមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទាក់ទាញភ្ញៀវ ពិសេសទេសចរបរទេសឲ្យចូលមកកម្សាន្ដនៅឡើយទេ។ តែយ៉ាងណា ក្រសួងទេសចរណ៍កំពុងខិតខំជំរុញការងារនេះ សំដៅបង្កើតតំបន់ដែលជាផលិតផលទេសចរណ៍ ឲ្យបានកាន់តែច្រើន ហើយឯកឧត្តម បណ្ឌិត ថោង ខុន ជឿជាក់ថា នៅអនាគតកម្ពុជា នឹងក្លាយជាទិសដៅទេសចរដ៏ទាក់ទាញបំផុត។
សូមជម្រាបថា កំណើនទេសចរនៅឆ្នាំ២០១៨នេះ ត្រូវបានក្រសួងទេសចរណ៍រំពឹងថា នឹងមានកំណើនប្រមាណ១២% ឬស្មើនឹងចំនួនទេសចរប្រមាណ ៦លាននាក់ ខណៈដែលនៅឆ្នាំ ២០២០ គេរំពឹងថា ភ្ញៀវទេសចរនឹងកើនឡើងដល់លើស ៧លាននាក់ និងឆ្នាំ ២០២៥ ទៅ២០៣០ អាចកើនដល់ពី ១២ ទៅ១៥លាននាក់ ជាមួយនឹងចំណូលរំពឹងទុកពីវិស័យនេះ មានជាង ១០ពាន់លានដុល្លារអាមេរិក៕