ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា មន្ទីរបញ្ចកោណ ដែលជាសេនាធិការដ្ឋាន នៃកងទ័ពសហរដ្ឋអាម៉េរិក បានប្រកាសលុបចោលការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ ព្រមទាំងប្រកាសដកទ័ពរាប់ពាន់នាក់ចេញពីតំបន់អឺរ៉ុប។ ប៉ុន្តែជុំវិញវិធានការនេះ ក្រុមអ្នកវិភាគបានអះអាងថា អាម៉េរិក មិនអាចដកទ័ពលើសពី៥ពាន់នាក់ឡើយ ទោះបីជាប្រធានាធិបតី ត្រាំ ចង់ធ្វើតាមចិត្តក៏ដោយ។
មន្ត្រីយោធាជាន់ខ្ពស់របស់ណាតូម្នាក់វាយតម្លៃថា លោកមិនរំពឹងថា នឹងមានការដកទ័ពអាម៉េរិកបន្ថែមទៀតពីអឺរ៉ុប នោះទេ។ លោក អេឡិច ហ្រ្គីនកេវិច (Alex Grynkewich) មន្ត្រីយោធាអាម៉េរិក ប្រចាំអង្គការណាតូ បានបញ្ជាក់នៅទីស្នាក់ការកណ្តាលណាតូក្នុងទីក្រុងប្រ៊ុចសែល ថា តាមការប៉ាន់ស្មានអាម៉េរិក អាចនឹងដកទ័ពមែន ប៉ុន្តែស្ថិតក្នុងរង្វង់ប្រមាណ៥ពាន់នាក់ប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគឯករាជ្យ ក៏បានលើកឡើងដែរថា ផ្អែកតាមច្បាប់របស់អាម៉េរិកប្រធានាធិបតី មិនមានសិទ្ធិអំណាចពេញលេញក្នុងការដកទ័ពអាម៉េរិកចេញពីអង្គការណាតូនោះទេ លុះត្រាតែមានការអនុម័ត និងយល់ព្រមពីសភាជាតិជាមុនសិន។
គួរបញ្ជាក់ថា ការគំរាមដកទ័ពរបស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីលោកមានការខឹងសម្បារយ៉ាងខ្លាំងជាមួយប្រទេសអាល្លឺម៉ង់ ក្រោយលោកអធិការបតី ហ្វ្រីឌ្រិច មឺហ្ស (Friedrich Merz) បានលើកឡើងថា សហរដ្ឋអាម៉េរិក កំពុងត្រូវរងការធ្វើឱ្យអាម៉ាស់ដោយសារអ៊ីរ៉ង់ ព្រមទាំងបានរិះគន់ចំៗចំពោះអ្វីដែលលោកហៅថា កង្វះយុទ្ធសាស្ត្រ របស់វ៉ាស៊ីនតោននៅក្នុងសង្គ្រាម។ ភ្លាមៗក្រោយការរិះគន់នោះ លោក ត្រាំ បានប្រកាសផ្អាកផែនការបញ្ជូនកងទ័ពទៅដាក់ពង្រាយនៅប្រទេសប៉ូឡូញភ្លាមៗ ទោះបីជាកងកម្លាំងអាម៉េរិកប្រមាណ១ពាន់នាក់ជិតនឹងត្រូវឡើងយន្តហោះទៅហើយក្តី។
សូមរំលឹកថា អង្គការណាតូ គឺជាសម្ពន្ធភាពយោធាអន្តរជាតិ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៩ ដោយប្រទេសស្ថាបនិកចំនួន១២ រួមមានទាំងសហរដ្ឋអាម៉េរិកផងដែរ។ គិតមកទល់ពេលបច្ចុប្បន្ន អង្គការនេះមានប្រទេសជាសមាជិករហូតដល់៣២ប្រទេស ដែលភាគច្រើនជាបណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុប៕
ដោយៈ សរ សុជាតិ