ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple ដែលជាក្រុមហ៊ុនផលិតទូរសព្ទ iPhone បានស្នើសុំបណ្ដាក់ទុនវិនិយោគជាថ្មីជាមួយទំហំទុនរហូតដល់១ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីប្រទេសនេះបានបដិសេធសំណើរបស់ខ្លួនកាលពីពេលថ្មីៗ។ ទំហំវិនិយោគនេះមានការកើនឡើង១០ដង បើនឹងទំហំទុនវិនិយោគ ដែលក្រុមហ៊ុននេះបានស្នើសុំកាលពីខែមុន។ ការព្យាយាមដាក់សំណើសុំវិនិយោគជាបន្តបន្ទាប់របសក្រុមហ៊ុននេះ គឺដើម្បីបើកផ្លូវសម្រាប់ទីផ្សារទូរសព្ទ iPhone 16 នៅលើទឹកដីឥណ្ឌូនេស៊ី បន្ទាប់ពីប្រទេសនេះហាមឃាត់មិនលក់ទូរសព្ទស៊េរីនេះនៅក្នុងទឹកដីខ្លួន។
រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ឥណ្ឌូនេស៊ី លោក រ៉ូសាន រ៉ូស្លានី បានប្រាប់សមាជិកសភា កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានជជែកគ្នារួចហើយពាក់ព័ន្ធនឹងសំណើរនេះ ហើយរំពឹងថា គម្រោងវិនិយោគដែលមានទំហំទឹកប្រាក់រហូតដល់១ពាន់លានដុល្លារនេះនឹងត្រូវបានទទួលយកនៅចុងសប្ដាហ៍នេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple មិនអាចទទួលបានលិខិតអនុញ្ញាតលក់ទូរសព្ទ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានឡើយ ដោយសារក្រុមហ៊ុនអាម៉េរិកមួយនេះមិនបានឆ្លើយតបតាមតម្រូវការរបស់ឥណ្ឌូនេស៊ី ខណៈដែលប្រទេសនេះបានតម្រូវឱ្យមានចំណែកធនធានក្នុងស្រុកចំនួន៣៥%នៃការផលិតទូរសព្ទនេះ។
សូមរំលឹកថា ដំបូងឡើយក្រុមហ៊ុននេះបានដាក់សំណើសុំវិនិយោគ១០លានដុល្លារ សម្រាប់ការបើកផ្លូវទីផ្សារទូរសព្ទ iPhone 16 នេះ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌូនេស៊ី បានច្រានចោល ហើយបន្ទាប់មកក្រុមហ៊ុនខ្នាតយក្សនេះ ក៏បានបង្កើនទំហំវិនិយោគរហូតដល់១០០លានដុល្លារ ប៉ុន្តែត្រូវបានរដ្ឋាភិបាលប្រទេសនេះបដិសេធម្ដងទៀត ដោយលើកឡើងពីការខ្វះគោលការណ៍នៃភាពយុត្តិធម៌។ នេះបើយោងតាមក្រសួងឧស្សាហកម្មរបស់ឥណ្ឌូនេស៊ី។
លោក រ៉ូស្លានី បាននិយាយថា ក្រុមហ៊ុន Apple ក៏បានទទួលអត្ថប្រយោជន៍មិនស្ទើរដែរពីទីផ្សារអ្នកប្រើប្រាស់ដ៏ធំរបស់ឥណ្ឌូនេស៊ី ខណៈក្រុមហ៊ុននេះកំពុងផ្តល់អាទិភាពដល់ការវិនិយោគនៅតាមប្រទេសជិតខាងមានដូចជាវៀតណាមជាដើម។ ដូច្នេះហើយក្រុមហ៊ុននេះមិនគួរណាផ្ដោតតែការវិនិយោគធំៗនៅវៀតណាម នោះទេ ពួកគេគួរតែផ្ដោតលើឥណ្ឌូនេស៊ីផង ព្រោះកាលពីមុន ពួកគេ ក៏ទទួលបានផលចំណេញពីការលក់ទូរសព្ទ iPhone នៅក្នុងទីផ្សាររបស់ឥណ្ឌូនេស៊ី ផងដែរ៕
អត្ថបទ៖ សុខ មង្គល