ដំណើរការរើផលិតកម្មរបស់Apple ទៅកាន់ប្រទេសឥណ្ឌា និងវៀតណាមនេះ គឺជាសញ្ញាមួយដែលបង្ហាញពីជំហាននៃការធ្វើពិធិកម្មផលិតកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បើទោះបីជាមានក្ដីសង្ឃឹមខ្លះថា ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ត្រូវបានកាត់បន្ថយ នៅក្រោយពេលលោកចូបៃឌិន ចូលកាន់តំណែងយ៉ាងណាក៏ដោយ។
តាមប្រភពដែលបានប្រាប់សារព័ត៌មាន Nikkei បានឲ្យដឹងទៀតថា ពួកគេជឿថាផលិតកម្ម iPad នឹងចាប់ផ្ដើមនៅក្នុងប្រទេសវៀតណាមនៅក្នុងពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២១នេះ ដោយវាគឺជាលើកទី១ហើយដែលក្រុមហ៊ុន Apple នឹងផលិតឧបករណ៍នេះក្នុងចំនួនច្រើនបំផុតនៅក្រៅប្រទេសចិន។
នៅពេលខាងមុខនេះដែរ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះ ក៏នឹងមានបំណងនឹងរើផលិតកម្មទូរស័ព្ទ iPhone ទៅកាន់ប្រទេសឥណ្ឌាដែរ ដែលវាគឺជាមូលដ្ឋានផលិតដ៏ធំបំផុតទី២ របស់ក្រុមហ៊ុននេះ ក្នុងការផលិតទូរស័ព្ទ iPhone។ ក្រុមហ៊ុន Apple មានផែនការនឹងចាប់ផ្ដើមផលិតទូរស័ព្ទស្មាតហ្វូនសេរីចុងក្រោយរបស់ខ្លួន គឺ iPhone 12 ដែលជាមានភ្ជាប់ 5G ជាលើកដំបូង នៅក្នុងប្រទេសឥណ្ឌានៅក្នុងត្រីមាសទី១ ឆ្នាំ២០២១។
បន្ថែមពីនេះទៀត ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ក៏មានបំណងនឹងពង្រីកសមត្ថភាពផលិតផលិតផល Smart Speaker, កាសស្ដាប់ត្រចៀក និងកុំព្យូរទ័រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលវាគឺស្ថិតក្នុងផែនការយុទ្ធសាស្ត្របន្ដការធ្វើពិពិធកម្មរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Apple ក៏បានរើផលិតកម្មមួយចំនួននៃការផលិតឧកបរណ៍កុំព្យួទ័រ Mac mini ទៅកាន់ប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុនក៏មានផែនការនឹងរើផលិតកម្មកុំព្យួទ័រ MacBook ទៅកាន់ប្រទេសវៀតណាមនៅឆ្នាំ២០២១ផងដែរ។ ទោះជាបែបនេះក្ដី ផលិតកម្មកុំព្យូទ័រធំរបស់ Apple នៅតែស្ថិតនៅក្នុងប្រទេសចិនដដែល៕