បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នាពេលថ្មីៗនេះមក ឃើញថាការរំខាននៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាសឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង ពិសេសនៅច្រកសមុទ្រកោះតៃវ៉ាន់តែម្ដង កំពុងតែជួបបញ្ហារំខាន ដោយសារតែពេលនេះ ចិនកំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ព័ទ្ធជុំជិតតំបន់កោះតៃវ៉ាន់ និងបានហាមនាវា និងយន្ដហោះស៊ីវិលធ្វើដំណើរឆ្លងកាត់នោះផងដែរ ហើយកត្តានេះ ក៏បានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងផ្លូវសមុទ្រ និងផ្លូវអាកាសត្រូវធ្វើដំណើរវាងតំបន់នោះ ដែលបង្កឲ្យមានការចំណាយច្រើនផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា នៅពេលនេះខាងសមាគមនៅមិនទាន់មើលឃើញអ្វីដែលជាការរាំងស្ទះនូវទំនិញដែលឆ្លងកាត់ពីកោះតៃវ៉ាន់មកប្រទេសចិន និងសំដៅមកប្រទេសកម្ពុជានោះទេ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ គូសបញ្ជាក់ថា ប្រសិនជាស្ថានភាពមានការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរជាងនេះទៀតនោះ គឺប្រាកដណាស់ច្បាស់ជាមានការប៉ះពាល់ដល់ការដឹកជញ្ជូនកម្ពុជាជាក់ជាពុំខានឡើយ ដោយសារកោះតៃវ៉ាន់ក៏មានទំនិញមួយចំនួនដឹកមកកម្ពុជាដែរ ហើយកម្ពុជាក៏មានការនាំចេញទំនិញទៅកាន់ប្រទេសចិន និងប្រទេសមួយចំនួនផ្សេងទៀតតាមច្រកនោះដូចគ្នាដែរ។
ដោយឡែក ចំពោះការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសវិញ ឯកឧត្តម ស៊ីន ចាន់ សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ឲ្យដឹងដែរថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកម្ពុជា មិនមានការរងផលប៉ះពាល់អ្វីនោះទេ ដោយឯកឧត្តមបានពន្យល់ថា ជើងហោះហើរពីប្រទេសចិនមកកម្ពុជា គឺមិនមានប្រើប្រាស់ដែនអាកាសដែលពាក់ព័ន្ធនឹងការបិទរបស់ប្រទេសចិន នៅជុំវិញតំបន់កោះតៃវ៉ាន់នោះទេ ពោលគឺ កម្ពុជាមិនបានប្រើប្រាស់ដែនអាកាសឆ្លងកាត់កោះតៃវ៉ាន់នោះឡើយ។
គួរបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជាចិនមានចំនួនប្រមាណ ៦ពាន់លានដុល្លារ មានការកើនឡើងប្រមាណ២០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២១។ ចំណែកទំហំពាណិជ្ជកម្មកម្ពុជាជាមួយ តៃវ៉ាន់វិញមានចំនួនជាង ៦រយលានដុល្លារ មានការកើនឡើងចំនួន១៨%ផងដែរ។ នោះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕