លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា យន្តការរៀបចំឥណទានឡើងវិញរបស់ធនាគារជាតិនៃកម្ពុជា គឺជាវិធានការបណ្ដោះអាសន្នដើម្បីសម្រាលសម្ពាធហិរញ្ញវត្ថុរបស់អតិថិជន និងកាត់បន្ថយឥណទានមានហានិភ័យរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងគ្រាអាសន្នណាមួយ ប៉ុន្តែបើការអនុវត្តអូសបន្លាយរយៈពេលវែង វាក៏អាចជះផលប៉ះពាល់ដល់ស្ថិរភាពប្រព័ន្ធធនាគារទាំងមូលដែរ។ ដូច្នេះអ្នកជំនាញរូបនេះយល់ថា ការសម្រេចបញ្ចប់យន្តការរៀបចំឥណទានឡើងវិញនេះ គឺជារឿងចាំបាច់ និងទាន់ពេលវេលា ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុពិតប្រាកដ។ លោក កាំង តុងងី បានបន្ថែមថា ទោះបីជាឥណទានមិនដំណើរការ (NPL) អាចនឹងមានការកើនឡើងខ្លះបន្ទាប់ពីការបញ្ចប់នេះ ក៏ប៉ុន្តែវានឹងមិនកើនឡើងជាគំហុកឡើយដ្បិតគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានត្រៀមលក្ខណៈទុកជាមុនរួចរាល់ក្នុងគោលដៅពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុឱ្យរឹងមាំក្នុងរយៈពេលមធ្យម និងវែង។
ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការបញ្ចប់យន្តការរៀបចំឥណទានឡើងវិញនេះ គឺធ្វើឡើងដើម្បីបញ្ជាក់ថា ពលរដ្ឋកម្ពុជាពិតជារងសម្ពាធឥណទានមែនឬយ៉ាងណា ដ្បិតកន្លងមកការបើកឱ្យមានការរៀបចំឥណទានឡើងវិញដោយទូលាយ ជំរុញឱ្យមានកូនបំណុលដែលមិនជួបការលំបាកធ្ងន់ធ្ងរស្នើសុំបន្ធូរបន្ថយបន្ទុកដែរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះឥណទានរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ការកំណត់ឱ្យមានការរៀបចំឥណទានឡើងវិញចំពោះតែអ្នកដែលមានតម្រូវការចាំបាច់ពិតប្រាកដ គឺនឹងជួយសម្រាលបន្ទុកពលរដ្ឋប្រកបដោយប្រសិទ្ធភាព ចំគោលដៅ និងទប់ស្កាត់ការខាតបង់ជាប្រព័ន្ធដល់វិស័យធនាគារទាំងមូល។
គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដា បានចេញលិខិតមួយដោយសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់បញ្ឈប់ការអនុវត្តវិធានការអនុគ្រោះសម្រាប់ឥណទានដែលបានរៀបចំឡើងវិញ ដែលកន្លងមកបានអនុញ្ញាតឱ្យអតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចរៀបចំឥណទានដែលមានស្រាប់ឡើងវិញក្រោមវិធានការសម្រាលបន្ទុកបណ្តោះអាសន្ន។ ការសម្រេចបិទបញ្ចប់វិធានការអនុគ្រោះនេះធ្វើឡើងដើម្បីឱ្យប្រាក់បម្រុងសម្រាប់ការខាតបង់ឥណទាន និងកម្រិតមូលធនរបស់គ្រឹះស្ថានធនាគារឆ្លុះបញ្ចាំងពីហានិភ័យពិតប្រាកដ។ យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការណ៍នេះមិនមែនមានន័យថា ការរៀបចំឥណទានឡើងវិញត្រូវបិទទាំងស្រុងនោះទេ ដោយអតិថិជននៅតែអាចស្នើសុំរៀបចំឥណទានឡើងវិញបាន ក្រោមបទប្បញ្ញត្តិ និងលក្ខខណ្ឌធម្មតា។ បន្ថែមពីនេះការសម្រេចនេះនឹងមិនប៉ះពាល់ដល់អតិថិជនប្រមាណ២០ ម៉ឺននាក់ ដែលបានរៀបចំឥណទានឡើងវិញរួចរាល់ក្នុងទំហំទឹកប្រាក់សរុបប្រមាណ៤ពាន់លានដុល្លារ នោះឡើយ៕