ស្របពេលដែលកម្ពុជាកំពុងប្រកាន់ខ្ជាប់នូវយន្តការច្បាប់ ការទូត និងការប្រុងប្រៀបការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ ក្រុមអ្នកជំនាញបានជំរុញឱ្យភាគីទាំងពីរដោះស្រាយវិវាទតាមរយៈការចរចា និងយន្តការបច្ចេកទេសវាស់វែងបោះបង្គោលព្រំដែន ស្របតាមច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសសង្គ្រាមដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា តាមរយៈដំណើរទស្សនៈកិច្ចរបស់លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីនៅតំបន់ព្រំដែនជាមួយកម្ពុជានាពេលថ្មីៗ គួបផ្សំការសាងសង់លេណដ្ឋានជាបន្តបន្ទាប់នៅតាមព្រំដែននេះ កំពុងបង្ហាញឱ្យឃើញពីបញ្ហាប្រឈម និងមានហានិភ័យខ្ពស់នៃការប៉ះទង្គិចគ្នានៅតាមព្រំដែន។ អ្នកជំនាញរូបនេះចាត់ទុកដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីថៃមកកាន់តំបន់ព្រំដែនគ្រាន់ជាចលនា ដើម្បីបង្វែរការចាប់អារម្មណ៍របស់ប្រជាជនថៃពីបញ្ហាផ្ទៃក្នុង និងសេដ្ឋកិច្ចថៃមកផ្តោតលើបញ្ហាព្រំដែនតែប៉ុណ្ណោះ ខណៈកាលពីកន្លងទៅលោក អានុទីន ក៏បានជាប់ឆ្នោតដោយសារបញ្ហាព្រំដែននេះផងដែរ។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ កម្ពុជាក៏បានត្រៀមខ្លួនឆ្លើយតបទាំងផ្លូវច្បាប់ យុទ្ធសាស្រ្តការទូត សេដ្ឋកិច្ច និងយោធាផងដែរ។
ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយរំលឹកជាថ្មីថា ប្រទេសថៃមិនអាចកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើកម្លាំងទ័ព ដែលខុសពីខ្សែបន្ទាត់ព្រំដែនអន្តរជាតិនោះទេ ដោយមានតែបន្តឱ្យក្រុមបច្ចេកទេសវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរទើបអាចយកជាការបាន តែយ៉ាងណាលុះត្រាតែប្រទេសទាំងពីរចរចាគ្នាឈានដល់ដោះស្រាយវិវាទព្រំដែននេះជាមួយគ្នាសិន។ បើតាមអ្នកជំនាញរូបនេះ រដ្ឋាភិបាលកម្ពុជា ក៏មិនបានឱបដៃឈរមើលប្រទេសថៃឈ្លានពាននោះដែរ ដោយកម្ពុជាបានធ្វើកំណត់ទូតតវ៉ា និងសម្របសម្រួលដល់ក្រុម AOT ចុះទៅត្រួតពិនិត្យជាក់ស្ដែង ជាពិសេសជួយសម្រួលដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិតែម្តង។ បើតាមអ្នកជំនាញរូបនេះ កម្ពុជាត្រូវខិតខំប្រឹងឱ្យខ្លាំង តាមរយៈការធ្វើពិពិធកម្មខាងវិស័យយោធា និងយុទ្ធោបករណ៍ឱ្យបានរឹងមាំក្នុងការការពារដេនអធិបតេយ្យភាព ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីនៃក្រសួងព័ត៌មានបានគូសបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយផ្អែកលើសន្ធិសញ្ញា និងអនុសញ្ញាបារាំង–សៀម ពិធីសារកំណត់ព្រំដែន ផែនទី និងលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ និងគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធ។ ជាក់ស្ដែងកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង ឬការបង្កើតអង្គហេតុសម្រេចដោយឯកតោភាគីឡើយ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា