អចលនទ្រព្យ​ក្នុង​អំឡុងពេល​វិបត្តិកូវីដ១៩

អ្នកជំនាញ៖ ចរន្ដ​ទិញ​ដូរ​អចលនទ្រព្យ​កំពុង​ចាប់ផ្ដើម​ងើប​ឡើងវិញ​បណ្ដើរៗ​ហើយ ចាប់ពី​ដើម​ខែ​ឧសភា​មក


ចរន្ដ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បាន​និង​កំពុង​ចាប់ផ្តើម​មាន​សន្ទុះ​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ចាប់ពី​ដើម​ខែ​ឧសភា​មក ពិសេស​គឺ​តម្លៃ​អចលនទ្រព្យ ស្ថិត​នៅ​ក្រោម​៧​ម៉ឺន​ដុល្លារ​ទៅ ១០​ម៉ឺន​ដុល្លារ ការទិញដូរ​នៅតែ​មាន​សកម្មភាព​ច្រើន​ដូច​មុន​ដដែល។ នេះ​បើ​តាម​ការអះអាង​របស់​អ្នក​ជំនាញ​អចលនទ្រព្យ​កម្ពុជា។
គម្រោងអគារ​ធំមួយ នៅ​រាជធានី​ភ្នំពេញ ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់មិនទាន់រួចរាល់។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឲ្យ​ដឹង​ថា សកម្មភាព​ទិញដូរ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅពេល​នេះ បាន​ចាប់ផ្តើម​មាន​សកម្មភាព​ងើប​ឡើងវិញ​ជា​បណ្តើរៗ​ហើយ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី​ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​១៩។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន ភ្នាក់ងារ​របស់​លោក​ចាប់ផ្តើម​រវល់​ជាមួយនឹង​ការងារ​ផ្តល់​សេវាកម្ម​ឡើង​វិញ ប៉ុន្តែ ចំពោះ​វិនិយោគ​ធំៗ​មកពី​បរទេស​នៅមិនទាន់​មាន​ច្រើន​នោះ​ឡើយ។ អ្វី​ដែល​ជា​សកម្មភាព​ទិញលក់​ច្រើន​ក្នុង​អំឡុង​ខែ​ឧសភា​នេះ គឺ​ភាគច្រើន​បំផុត​ជា​វិនិយោគទុន​ក្នុង​ស្រុក។

យ៉ាងណាក៏​ដោយចុះ បើទោះបី​ជា​មាន​ការងើបឡើងវិញ​បន្តិច​ក៏​ពិតមែន ប៉ុន្តែ ប្រធាន​សមាគម​រូបនេះ​នៅតែ​ចាត់​ទុក​ថា សកម្មភាព​នេះ​នៅតែ​តិច​ជាង​ឆ្នាំ​ទៅមិញ​ដដែល គឺ​តិចជាង​ចន្លោះពី ២០ ទៅ ៣០ភាគរយ។ ប៉ុន្តែ សកម្មភាព​ទិញ​លក់ អចលនទ្រព្យ​ស្ថិតនៅ​ក្នុង​កម្រិត​ប៉ុណ្ណឹង​នៅតែអាច​ចាត់ទុក​ធម្មតា សម្រាប់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ព្រោះ​បើ​ធៀប​ជាមួយនឹង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ាន និង​អាមេរិក​វិញ គឺ​កម្ពុជា​ជាប្រទេស​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ​ជាងគេ។

លោក ច្រឹក សុខនីម បាន​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​ទើបតែ​ចាប់​ផ្តើម​មាន​សញ្ញា​ល្អ​ប្រសើរ​ឡើងវិញ​ត្រឹមពី​ដើម​ខែ​ឧសភា​នេះ​ទេ ដូច្នេះ ក៏​មិនទាន់​មាន​សញ្ញា​នៃ​ការរីកចម្រើន​ខ្ពស់​នៅ​ឡើយ តែ​លោក​រំពឹង​ថា វាអាច​នឹង​មាន​កំណើន​ខ្ពស់​ឡើងវិញ​ចាប់ពី​ត្រីមាស​ទី៣ ឆ្នាំ​២០២០នេះ តទៅ។

យ៉ាងណា​ក្នុង​អំឡុង​ពេលនេះ បើទោះបី​ជា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ជួប​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូវីដ​១៩ ដែល​ធ្វើ​ឲ្យ​សកម្មភាព​នៃ​ការទិញ-លក់​បាន​ធ្លាក់ចុះ​ក៏​ពិត​មែន ប៉ុន្តែ តម្លៃ​គឺ​មិនមាន​ការធ្លាក់​ថ្លៃ​នោះ​ឡើយ​ពោល​គឺ​នៅរក្សា​តម្លៃ​ទីផ្សារ​ដូចមុន​ដដែល បើទោះជា​មាន​អ្នក​ប្រកាស​លក់​បន្ទាន់​ក៏ដោយ ព្រោះ​បើ​ប្រៀបធៀប​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា ទៅនឹង​ប្រទេស​ជិតខាង អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​តម្លៃ​មួយ​ទាប​ដដែល។

នៅក្នុងពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និងក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះសីហនុ នារសៀល​ថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក៏បាន​អះអាង​ដែរ​ថា អចលនទ្រព្យ​តម្លៃ ពី ១០​ម៉ឺន​ដុល្លារ ទៅ ២០​ម៉ឺន​ដុល្លារ រហូត​តម្លៃ​ពី​កន្លះលាន​ដុល្លារ ទៅ ១លាន​ដុល្លារ​ក៏នៅតែ​លក់​ដាច់ ប៉ុន្ដែ អចលនទ្រព្យ​ដែល​លក់​ដាច់​ខ្លាំង​ជាងគេ​ក្នុង​ពេលនេះ គឺ​តម្លៃ​អចលនទ្រព្យតម្លៃ ក្រោម ៧ម៉ឺនដុល្លារ ព្រោះ​អចលនទ្រព្យ​ប្រភេទ​នេះ​រដ្ឋមិន​តម្រូវ​ឲ្យ​មាន​ការបង់ពន្ធ​ប្រថាប់​ត្រា​នោះឡើយ។

បើយើង​ក្រឡេក​ទៅ​មើល​ទិន្នន័យ​ពី​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​វិញ បង្ហាញ​ថា នៅដើម​ឆ្នាំ​២០២០​នេះ គិតត្រឹម​ខែ​មេសា គឺ​មានគ​ម្រោង​សំណង់​សរុប​ជាង ៥៣១​គម្រោង ដែល​មាន​ទុន​វិនិយោគ​ជាង ៤៧៥​លាន​ដុល្លារ ធៀបនឹង​ត្រឹមខែ​មេសា​ឆ្នាំ២០១៩ មាន​គម្រោង ៣២១ គម្រោង ដែល​មាន​ទុន​វិនិយោគ​ជាង ១ពាន់​លាន​ដុល្លារ ពោល​គឺ​ថយចុះ​ជាង ៥៤ភាគរយ។ 

ទោះយ៉ាងណា បើពិនិត្យ​មើល​ពីការអភិវឌ្ឍ​វិស័យ​សំណង់​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​វិញ បង្ហាញ​ឲ្យ​ឃើញ​ថា វិស័យ​នេះ​បាន​បន្ត​រីកចម្រើន​ជា​លំដាប់ ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត គឺ​សុទ្ធសឹងតែ​បាន​បង្ហាញ​ពី​តួលេខ​នៃ​ការអភិវឌ្ឍ​កើនឡើង​ជាមួយនឹង​សំណង់​អគារ​លំនៅដ្ឋាន សំណង់​អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ សំណង់​សណ្ឋាគារ និង​សំណង់​លំនៅដ្ឋាន​លក្ខណៈបុរី។

របាយការណ៍​បាន​បង្ហាញ​ទៀត​ថា គិតចាប់​តាំង​ពី​ឆ្នាំ២០០០ មកដល់ត្រឹមខែមេសាឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជា​បាន​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ទូទាំង​ប្រទេស​សរុបជាង ៥ម៉ឺន​គម្រោង ដែលគិតជា​ទឹក​ប្រាក់​ជាង ៥​ម៉ឺន​៦​ពាន់​លាន​ដុល្លារ ដែលក្នុងនោះ​មាន​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់​ឡើង​ទៅ ជិត ២​ពាន់​អគារ និង​គម្រោង​អគារ​បុរី​លំនៅដ្ឋាន និង​បណ្តុំ​លំនៅដ្ឋាន​លក្ខណៈ​បុរី​មាន​ជាង ៣០០​គម្រោង៕




អត្ថបទបន្ទាប់


ជាង១២០ប្រទេសគាំទ្រ​ឲ្យ​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​វីរុស​កូវីដ១៩

ព័ត៌មាន
ប្រទេសជាង ១២០ មកពីជុំវិញ​ពិភពលោក គាំទ្រ​ការស៊ើបអង្កេត​រក​ប្រភពដើម​នៃ​ការផ្ទុះ​វីរុស​ឆ្លងរាតត្បាត កូវីដ១៩។ នេះ​បើតាម​ការ​ចុះផ្សាយ​របស…

តម្លៃប្រេងឆៅ អាចនឹងបន្តកើនឡើងទៀត ខណៈប្រទេសផលិតប្រេងធំៗកំពុងរៀបចំផែនការកាត់បន្ថផលិតកម្មបន្ថែម

ព័ត៌មាន
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានបន្តងើបឡើងវិញសន្សឹមៗ ដោយអ្នកជំនួញ កំពុងទន្ទឹងរង់ចាំពី លទ្ធផលនៃកិច្ចប្រជុំរវាង បណ្តាប្រទេសផលិតប្រេងយក្សៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ