ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញភូមិសាស្រ្តនយោបាយ និងអ្នកជំនាញផ្នែកច្បាប់បានលើកឡើងស្រដៀងគ្នាថា កម្ពុជា នៅតែមានអាទិភាពខ្ពស់ក្នុងការទាមទារដីធ្លី និងទីតាំងដែលថៃ កំពុងកាន់កាប់ដោយខុសច្បាប់ទាំងនោះត្រឡប់មកវិញ តាមរយៈមូលដ្ឋានច្បាប់ដ៏រឹងមាំ គួបផ្សំនឹងសន្ធិសញ្ញា ព្រមទាំងអនុសញ្ញាអន្តរជាតិ ដែលមានស្រាប់។ ខណៈភាគីថៃកំពុងរកលេសគេចវេះមិនព្រមចូលតុចរចា កម្ពុជា ចាំបាច់ត្រូវស្វែងរកយុទ្ធសាស្ត្រដើម្បីបង្ខំឱ្យថៃ ចូលមកដោះស្រាយ ឬក៏ត្រូវចាត់វិធានការដាក់ពាក្យប្ដឹងទៅកាន់តុលាការអន្តរជាតិ តែម្ដង។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ថៃ កំពុងរុញច្រានជាតិថៃខ្លួនឯងឱ្យធ្លាក់ចូលអន្លង់យ៉ាងជ្រៅ នៃការបំពានច្បាប់អន្តរជាតិពាក់ព័ន្ធនឹងការកាន់កាប់ទីតាំងក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈមូលដ្ឋានច្បាប់អន្តរជាតិបានចាក់ឬសយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ដែលមិនអាចឱ្យភាគីណាមួយមកកែប្រែខ្សែបន្ទាប់ព្រំដែនដោយឯកតោភាគីបាននោះឡើយ។ អ្នកជំនាញរូបនេះបានរម្លឹកថា នៅក្នុងអំឡុងពេលដែលថៃបានចូលឈ្លានពានកម្ពុជាកាលពីកន្លងទៅ ថៃបានបរាជ័យ និងបាក់មុខចំនួន២លើករួចមកហើយ ដោយបច្ចុប្បន្នថៃនៅតែបំពានជាដដែល។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាត្រូវប្រកាន់ខ្ជាប់យុទ្ធសាស្រ្តការទូត និងដើរតាមច្បាប់អន្តរជាតិ ប៉ុន្តែក៏ត្រូវពង្រីងវិស័យការពារជាតិ ដើម្បីការពារដែនអធិបតេយ្យភាពជាតិប្រសិនបើមានហេតុការណ៍អាក្រក់កើតឡើង។
ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា ថៃនៅតែយកកម្ពុជាធ្វើជាឧបករណ៍សម្រាប់ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈកម្ពុជាតែងតែទប់ទល់ និងឆ្លើយតបចំពោះមុខនៅពេលដែលថៃធ្វើសកម្មភាពឈ្លាពាន។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញពីការឈ្លានពាន ជាពិសេសឯកសារពាក់ព័ន្ធ ដែលអាចប្រើជាមូលដ្ឋានច្បាប់សម្រាប់ដាក់ពាក្យបណ្ដឹងទៅតុលារអន្តរជាតិ។
អ្នកជំនាញរូបនេះមើលឃើញថា ប្រសិនបញ្ហាព្រំដែននៅតែបន្តអូសបន្លាយទាំងពលរដ្ឋថៃ និងកម្ពុជានឹងទទួលរងផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់យ៉ាងធ្ងនធ្ងរ ជាពិសេសការបន្សល់នៅកាកសំណល់ពីសង្គ្រាមដូចជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ យ៉ាងណាមិញលោកបណ្ឌិត បានសង្កត់ធ្ងន់ថា សកម្មភាពប៉ុនប៉ងលុបខ្សែបន្ទាត់ព្រំដែនដោយកម្លាំងយោធាថៃខុសច្បាប់ វាមិនអាចយកជាការបានឡើយ ដោយមានតែយន្តការច្បាប់អន្តរជាតិតែប៉ុណ្ណោះ។
ដោយឡែកលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទយល់ឃើញថា ការកាន់កាប់ទីតាំងក្នុងទឹកដីខ្មែររបស់យោធាថៃមិនអាចកែប្រែខ្សែបន្ទាត់ព្រំដែនបាននោះទេ បើទោះពីនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរបានចែងថា ភាគីណាឈរជើងនៅទីតាំងណាឱ្យនៅត្រង់នោះក៏ដោយ ដែលបញ្ហាព្រំដែននេះ គឺត្រូវដោះស្រាយដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។ អ្នកជំនាញច្បាប់រូបនេះបានពន្យល់ថា កម្ពុជានៅតែអាចដាក់សម្ពាធផ្នែកកាទូត ដើម្បីឱ្យថៃដកទ័ពចេញពីកម្ពុជា ក៏ដូចជាដាក់ពាក្យប្ដឹងទៅតុលាការអន្តរជាតិ បើទោះបីត្រូវចំណាយពេលយូរ។ យ៉ាងណាមិញអ្នកជំនាញរូបនេះសង្កេតឃើញថា បើទោះបីជាថៃមិនបានបដិសេធចូលតុកិច្ចចរចាជាមួយកម្ពុជាក៏ពិតមែន ប៉ុន្តែថៃកំពុងរកលេសពន្យារពេលចូលតុចរចា ដែលជាហេតុធ្វើឱ្យកម្ពុជាលំបាកក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ។
បើតាមការគូសបញ្ជាក់ពីលោកមេធាវី សុខ សំអឿន ការប្រើប្រាស់កម្លាំងទ័ព ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន គឺមិនមានអ្វីខុសឆ្គងទៅនឹងច្បាប់អន្តរជាតិនោះទេ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែពង្រឹងប្រព័ន្ធការពារជាតិឱ្យបានខ្លាំងក្លា និងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ លោក បានវាយតម្លៃថា ថៃនឹងមិនងាយព្រមចូលតុចរចា ឬឡើងទៅដោះស្រាយនៅតុលាការអន្តរជាតិដោយងាយៗនោះឡើយ ព្រោះបើកាលណាពួកគេយល់ព្រម ថៃនឹងត្រូវប្រឈមមុខនឹងការសងសំណងរាល់ការខូចខាតទាំងឡាយ ដែលពួកគេបានបង្កឡើងលើកម្ពុជានាពេលកន្លងមក។ ហេតុដូច្នេះហើយ កម្ពុជាចាំបាច់ត្រូវតែប្រើគ្រប់យុទ្ធសាស្ត្រ ដើម្បីក្របួចកភាគីថៃឱ្យចូលតុចរចា និងឡើងទៅកាន់តុលាការអន្តរជាតិ ព្រមទាំងរក្សាជម្រើសប្រើប្រាស់កម្លាំងយោធាជាចាំបាច់ ដើម្បីការពារបូរណភាពទឹកដីឱ្យបានដាច់ខាត៕
អត្ថបទ៖ ជា ម៉ារ៉ា