ធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាប្រាក់ ០,២៥% បន្ថែមទៀតហើយ

ដូចការគ្រោងទុក ធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាប្រាក់ ០,២៥% បន្ថែមទៀត និងថា អាចដំឡើងថែមទៀតនៅខែកញ្ញា


ដូចទៅនឹងការលើកឡើងពីក្រុមអ្នកវិភាគ និងរៀបចំគោលនយោបាយមែន នៅទីបំផុត ធនាគារ កណ្តាលអាមេរិក (Fed) បានដំឡើងអត្រាការប្រាក់គោល ០,២៥%ទៀត កាលពីថ្ងៃទី២៦ ខែកក្កដា ក្នុងបំណងដើម្បីបន្ថយល្បឿនសេដ្ឋកិច្ច និងជំរុញឱ្យកម្រិតអតិផរណាត្រឡប់ទៅរកអត្រា ២% តាមការកំណត់របស់ខ្លួនវិញ។
ធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាប្រាក់ ០,២៥% បន្ថែមទៀតហើយ

ទោះយ៉ាងណា ធនាគារកណ្ដាលអាមេរិកអះអាងថា ការដំឡើងអត្រាការប្រាក់លើកចុងក្រោយ អាចនឹងធ្វើឡើងម្ដងទៀតនៅខែកញ្ញាខាងមុខ។ គ្រាន់តែធនាគារកណ្ដាលអាមេរិកបានប្រកាសដំឡើង អត្រាការប្រាក់នេះភ្លាម គេឃើញធនាគារកណ្ដាលមួយចំនួននៅអាស៊ីចាប់ផ្ដើម ដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំជាច្រើន។

នេះគឺជាការដំឡើងអត្រាការប្រាក់លើកទី១១ហើយ ដែលធនាគារកណ្ដាលអាមេរិកបានធ្វើនៅក្នុងកិច្ចប្រជុំ១២លើកចុងក្រោយរបស់ខ្លួនដោយកំណត់អត្រាការប្រាក់គោលឱ្យស្ថិតនៅចន្លោះពី៥,២៥% ទៅ៥,៥០% ជាកម្រិតខ្ពស់បំផុតមួយ ដែលគេមិនធ្លាប់បានឃើញក្នុងរយៈពេលប្រហែល ២២ ឆ្នាំមកនេះ។

លោក ផៅវែល បាននិយាយថា គណៈកម្មាធិការ(ទីផ្សារបើកចំហសហព័ន្ធ)នឹងបន្តវាយតម្លៃព័ត៌មានបន្ថែមទៀត និងផលប៉ះពាល់របស់វាចំពោះគោលនយោបាយរូបិយវត្ថុនេះ ហើយលោកក៏មិនទាន់ធានាទាំងស្រុងថា នេះជាការដំឡើងចុងក្រោយឬយ៉ាងណានោះទេ ដោយលោកបានទុកឱ្យទ្វារបើកចំហសម្រាប់ការសម្រេចថា ដំឡើងម្ដងទៀត ឬក៏អត់នៅក្នុងកិច្ចប្រជុំនៅខែកញ្ញា។

គ្រាន់តែធនាគារកណ្ដាលអាមេរិកប្រកាសដំឡើងអត្រាការប្រាក់បាន១ថ្ងៃហើយភ្លាម ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃភ្លាមតែម្ដងនៅថ្ងៃព្រហស្បតិ៍នេះ ដ្បិតក្រុមអ្នកវិនិយោគលើទីផ្សារជឿជាក់ថា វាអាចជាកាដំឡើងអត្រាការប្រាក់លើកចុងក្រោយរបស់សហរដ្ឋអាមេរិក បើទោះបីជាធនាគារកណ្ដាលបើកចំហរទ្វារសម្រាប់ការដំឡើងនៅខែកញ្ញាខាងមុខក្ដី។

លោក អេមីន ហាជីយេវ (Emin Hajiyev) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Insight Investment បាននិយាយថា គេអាចដំឡើងអត្រាការប្រាក់ម្ដងទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ប៉ុន្តែលោកសង្ឃឹមថា ការដំឡើងអត្រាការប្រាក់កាលពីថ្ងៃទី២៦កក្កដា អាចជាការដំឡើងលើកចុងក្រោយ ។

ស្របពេលដែលធនាគារកណ្ដាលអាមេរិកដំឡើងអត្រាការប្រាក់បន្ថែម ធនាគារកណ្ដាលក្រុងហុងកុង នៅថ្ងៃទី ២៧ ខែកក្កដា បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ០,២៥%បន្ថែមទៀតដែរ ឱ្យឡើងដល់ ៥,៧៥% ពោលគឺក្រោយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីធនាគារកណ្ដាលអាមេរិកបានធ្វើដំឡើងរួចហើយ។ គោលនយោបាយរូបិយវត្ថុរបស់ក្រុងហុងកុងត្រូវផ្សាភ្ជាប់ជាមួយនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដោយធ្វើយ៉ាងណាឱ្យតម្លៃប្រាក់ដុល្លារហុងកុងប្រមាណ ៧,៧៥-៧,៨៥ដុល្លារហុងកុង ប្ដូរបានមួយដុល្លារអាមេរិក។

ចំណែកធនាគារកណ្ដាលថៃឯណោះវិញ បានប្រកាសនៅថ្ងៃទី២៧កក្កដានេះដែរថា ខ្លួននឹងធ្វើការដំឡើងអត្រាការប្រាក់គោល ០,២៥%ថែមទៀតឱ្យដល់ ២,២៥% នៅថ្ងៃទី០២ ខែសីហាខាងមុខនេះ។

ភាគហ៊ុននៅអាស៊ីវិញ បានកើនឡើងដែរ នៅថ្ងៃទី ២៧ ខែកក្កដា បន្ទាប់ពីធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់ ពោលគឺបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៥ខែមកនេះ ចំពេលដែលមានក្ដីរំពឹងថា ទំនោរនៃការដំឡើងអត្រាការប្រាក់របស់អាមេរិក នឹងត្រូវបញ្ចប់ ហើយសេដ្ឋកិច្ចនឹងចាប់ផ្ដើមគេចផុតពីការធ្លាក់ចូលក្នុងវិបត្តិ ដែលកត្តាទាំងនេះ នឹងជំរុញដល់ទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល ជាមួយនឹងហានិភ័យដែលមានជាទូទៅ លែងធ្ងន់ធ្ងរដូចមុន៕




អត្ថបទបន្ទាប់


អបអរសាទរ “ខួប ២០ឆ្នាំនៃធុរកិច្ចប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ” របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

កាលពីថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្រារព្ធកម្មវិធីខួប ២០ឆ្នាំក្រោមប្រធានបទ “២០ ឆ្នាំនៃធុរកិច្ចប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ…

អាមេរិកថា ទ្វារនៅតែបើកចំហរសម្រាប់នូវែលសេឡង់ ប្រសិនបើចង់ចូលរួមកិច្ចព្រមព្រៀងសន្តិសុខ AUKUS

អាមេរិកថា ទ្វារនៅតែបើកចំហរសម្រាប់នូវែលសេឡង់ ប្រសិនបើចង់ចូលរួមកិច្ចព្រមព្រៀងសន្តិសុខ AUKUS !! ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃទៅកាន់ប្រទេសនូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ