អាស៊ាន-អ៊ីស្រាអែល

អាស៊ាន តាមដានសង្គ្រាមនៅអ៊ីស្រាអែល ខណៈប្រទេសខ្លះត្រៀមយន្តហោះដឹកពលរដ្ឋខ្លួន


បណ្តាប្រទេសអាស៊ាន កំពុងតាមដានសភាពការណ៍វិវត្តន៍នៃសង្រ្គាមរវាងអ៊ីស្រាអែល-ហាម៉ាស់ យ៉ាងយកចិត្តទុកដាក់ ដែលមកដល់ពេលនេះបានអ្នកស្លាប់បាត់បង់ជីវិតជាង១ពាន់នាក់ និងរបួសរាប់សិបនាក់ ហើយក្នុងនោះក៏មានពលរដ្ឋអាស៊ានមួយចំនួនផងដែរ។ តូលេខត្រួសៗបានឲ្យដឹងថា ពលរដ្ឋអាស៊ាន នៅអ៊ីស្រាអែល មានប្រមាណជាងបីម៉ឺននាក់ នៅក្នុងនោះថៃ បានរាយការណ៍ថា កំពុងតែត្រៀមយន្តហោះយោធាសរុប៦គ្រឿង ដើម្បីចាំជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីស្រាអែល។
អាស៊ាន-អ៊ីស្រាអែល
ដោយ

បណ្តាសារព័ត៌មានធំៗនៅក្នុងតំបន់អាស៊ាន បានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋអាស៊ានលើសពី១០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់។

បើតាមព័ត៌មានបឋមដែលទទួលបាន គឺមានប្រជាពលរដ្ឋនៅតាមប្រទេសក្នុងតំបន់អាស៊ានជាង៣ម៉ឺននាក់កំពុងរស់នៅប្រទេសអ៊ីស្រាអែល។ តួរលេខអ្នកដែលស្លាប់ច្រើននៅពេលនេះ គឺជាពលរដ្ឋថៃ ហើយនៅក្នុងនោះក៏មាននិស្សិតកម្ពុជាម្នាក់ផងដែរ។

តាមសារព័ត៌មាន the Nation បានរាយការណ៍ថា នៅពេលនេះថៃ មានប្រជាពលរដ្ឋប្រមាណជា៥ពាន់នាក់កំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សា ដែលជាកន្លែងផ្ទុះសង្រ្គាម ហើយក៏មានសេចក្តីរាយការណ៍ថា មានពលរដ្ឋថៃ ចំនួន១២នាក់ ​បានស្លាប់បាត់បង់ជីវិត ក្នុងនោះក៏មានមួយចំនួនត្រូវបានក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងផងដែរ។

ពាក់ព័ន្ធនឹងស្ថានការណ៍នេះលោកឧត្តមសេនីយ ផានផាកឌី ផាត់ថាណាគុល (Phanphakdee Phatthanakul)មេទ័ពអាកាសថៃ បានអះអាងថា កងទ័ពអាកាសថៃ កំពុងត្រៀមយន្តហោះចំនួន៦គ្រឿង ដោយនៅក្នុងនោះមានយន្តហោះដឹកជញ្ជូនយោធា C-130 ចំនួន៥គ្រឿង និងយន្តហោះដឹកអ្នកដំណើរ Airbus 340 ចំនួនមួយគ្រឿង ដាក់ឱ្យនៅរង់ចាំ ដើម្បីជម្លៀសពលករថៃ នៅពេលដែលអ៊ីស្រាអែលបើកដែនអាកាសរបស់ខ្លួន។

ដោយឡែកសម្រាប់ហ្វីលីពិនវិញ មានសេចក្តីរាយការណ៍ថា មានពលរដ្ឋសរុបប្រមាណជា ៣ម៉ឺននាក់ ប៉ុន្តែភាគច្រើនបំផុតនៃពូកគេគឺស្នាក់នៅ និងបំពេញការងារនៅក្រៅតំបន់ក្តៅ ខណៈដែលពលករហ្វីលីពីន៨នាក់ ដែលជាប់នៅហ្គាហ្សា មានសេចក្តីរាយការណ៍ថា ត្រូវបានជូយសង្រ្គោះរួចហើយ។

ពាក់ព័ន្ធនឹងសភាពការណ៍នេះ លោក អេនរីកេ ម៉ាណាឡូ (Enrique Manalo) រដ្ឋមន្ត្រីការបរទេសហ្វីលីពិន បានលើកឡើងថា ហ្វីលីពីនកំពុងតាមដានស្ថានការណ៍ក្នុងប្រទេសអ៊ីស្រាអែល ហើយនឹងបន្តមើលថែរក្សាសុខុមាលភាពរបស់ប្រជាជនហ្វីលីពីន ដែលរងផលប៉ះពាល់ដោយស្ថានភាពបច្ចុប្បន្ន។

សម្រាប់កម្ពុជាមានសេចក្តីរាយការណ៍ពីក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិថា កម្ពុជាមានពលរដ្ឋរស់នៅទីនោះចំនួន៤៥០រូប ដោយពួកគេភាគច្រើនសុទ្ធតែជានិស្សិតកម្មសិក្សាផ្នែកកសិកម្ម ក្នុងនោះមានម្នាក់បានបាត់បង់ជីវិត។

ដោយឡែកសម្រាប់វៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានរាយការណ៍ថា ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានភាពស្មុគ្រស្មាញហើយអំពើហិង្សាបានបណ្តាលឱ្យមនុស្សរាប់រយនាក់រងរបួស ។

ស្ថានទូតបានពង្រាយមន្ត្រី ដើម្បីរក្សាទំនាក់ទំនងជាប្រចាំជាមួយសហគមន៍វៀតណាម នៅអ៊ីស្រាអែល ដើម្បីបន្តធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធ និងបេសកកម្មការទូតក្នុងតំបន់ ដើម្បីអនុវត្តវិធានការការពារពលរដ្ឋវៀតណាម។

រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវៀតណាម រួមទាំងសហគមន៍វៀតណាម នៅអ៊ីស្រាអែល មន្ត្រីក្នុងការធ្វើដំណើរអាជីវកម្ម និងភ្ញៀវទេសចរ នៅតែមានសុវត្ថិភាព។

ដោយឡែកសិង្ហបុរី ក៏បានយកចិត្តទុកដាក់នឹងបញ្ហនេះផងដែរ ក្រសួងការបរទេសដែនកោះមួយនេះបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រជាជនសិង្ហបុរី គួរតែជៀសវាងការធ្វើដំណើរទាំងអស់ទៅកាន់តំបន់ហ្គាហ្សា និងតំបន់ព្រំដែនរបស់អ៊ីស្រាអែល ជាមួយតំបន់ហ្គាហ្សាស្ទ្រីប លីបង់ និងស៊ីរី៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ប្រទេសអាហ្វហ្គានីស្ថាន ជួបគ្រោះរញ្ជួយដីស្លាប់មនុស្សជាង២ពាន់នាក់

រដ្ឋបាលរបស់ក្រុមតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន បានរាយការណ៍ថា មនុស្សជាង២ពាន់៤រយនាក់បានស្លាប់ និងជាង២ពាន់នាក់ទៀត បានរងរបួសនៅក្នុងហេតុ…

អ៊ីស្រាអែលពង្រាយទ័ពជាង១០ម៉ឺននាក់ សម្រាប់សង្គ្រាមជាមួយហាម៉ាស នៅ Gaza

មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ក៏ដូចជាប៉ាឡេស្ទីន ដែលជម្លោះប្រដាប់អាវុធរវាងកងទ័ពអ៊ីស្រាអែល និងការវាយឆ្លក់ប្រហារពីក្រុមជ្រុលនិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ