ទោះយ៉ាងណា សមាជិកអាស៊ានមួយចំនួនមិនបានអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៅបាងកកឡើយ ទោះបីជាមានការអញ្ជើញពីរដ្ឋាភិបាលលោកប្រាយុទ្ធក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី កញ្ចនា ផាតារ៉ាឈូក(Kanchana Patarachoke) ប្រាប់អ្នកយកព័ត៌មានថា ជំនួបក្រៅផ្លូវការកាលពីថ្ងៃព្រហស្បតិ៍មានតែ៥ប្រទេសប៉ុណ្ណោះបានចូលរួម ដូចជាវត្តមានរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ វៀតណាម និងថៃខ្លួនឯង។ ក្រៅពីនោះ ពុំមានឡើយវត្តមានរដ្ឋមន្ត្រីការបរទេស ឬតំណាងពីភាគីប្រទេស ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលសុទ្ធសឹងជាអ្នកមានជំហររិះគន់ខ្លាំងលើរបបសឹក បើធៀបនឹងសមាជិកអាស៊ានឯទៀត។
មិនមានលទ្ធផលជាក់ស្តែងណាមួយទទួលបានពីការពិភាក្សានេះទេ ដោយអ្នកនាំពាក្យក្រសួងការបរទេសថៃអះអាងថា ពួកគេបានផ្តោតការពិភាក្សាលើជំនួយមនុស្សធម៌ និងការស្វែងរកវិធី ដើម្បីជំរុញការអនុវត្តផែនការដំណោះស្រាយទាំង៥ចំណុចជាឯកច្ឆន្ទរបស់អាស៊ាន។
ដោយឡែក បើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសលោក វូនណា ម៉ងល្វីន បានទទូចឱ្យរដ្ឋសមាជិកអាស៊ានបរិហារសកម្មភាពរបស់រដ្ឋាភិបាលស្រមោល NUG ថាជាភេរវករ ហើយមីយ៉ាន់មិនលើកទឹកចិត្តឱ្យមានការគាំទ្រទាំងស្មារតី សម្ភារៈ និងហិរញ្ញវត្ថុសម្រាប់អង្គការភេរវករមួយនេះឡើយ។
ទន្ទឹមនេះ បើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជានៅថ្ងៃទី ២២ខែធ្នូ បានអះអាងថាកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការមានលក្ខណៈបើកចំហ ស្មោះត្រង់ ស្របទៅតាមចំណុចទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ បើតាមភាគីកម្ពុជា អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើវិធីសាស្ត្រជាក់ស្តែង ដែលអាចពន្លឿនការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច រួមទាំងយុទ្ធសាស្ត្រច្រកចេញ (Exit Strategy) ដែលអាច ជួយមីយ៉ាន់ម៉ាត្រឡប់រកភាពប្រក្រតីវិញ និងសន្តិភាពឱ្យបានឆាប់បំផុត។
មែនទែនទៅ ការមិនបានមកចូលរួមពីសមាជិកអាស៊ានដទៃ ទំនងជាកំពុងបង្ហាញថា សមាជិកអាស៊ានទាំង១០ អាចមានភាពមិននចុះសម្រុងផ្ទៃក្នុងខ្លះ ទៅលើថាតើគេត្រូវមានទំនាក់ទំនងជាមួយរបបយោធា ដែលបានដណ្តើមអំណាចកាលពីខែកុម្ភៈឆ្នាំមុន ឬយ៉ាងណា ខណៈដែលជិត២ឆ្នាំមកនេះ រដ្ឋប្រហារបានបង្អាក់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ហើយបានធ្វើឱ្យប្រទេសមួយនេះធ្លាក់ចូលទៅក្នុងជម្លោះ និងការដាំក្បាលចុះនៃសេដ្ឋកិច្ច។
សូមជម្រាបថា មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង ត្រូវបានគេផាត់ចេញពីកិច្ចប្រជុំអាស៊ានដោយសារមិនបានគោរពការសន្យាកាលពីឆ្នាំមុនក្នុងការចាប់ផ្តើមការចរចាជាមួយរដ្ឋាភិបាលស្រមោល របស់លោកស្រី អ៊ុង សានស៊ូជី ដែលកំពុងជាប់ពន្ធនាគារ និងមិនបានអនុវត្តតាមកិច្ចព្រមព្រៀងដំណោះស្រាយទាំង៥ចំណុច៕