
ដោយឡែក យើងក្រឡេកមកមើលតំបន់អាស៊ានវិញ តើប្រទេសណាខ្លះដែលមានជាងគេ និងប្រទេសណាខ្លះ ដែលក្រជាងគេ?
តួលេខឆ្នាំ២០១៤ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា ប្រទេសមីយ៉ាន់ម៉ាមានចំនួនប្រជាជនដែលរស់នៅក្នុងភាពក្រីក្រច្រើនជាងគេបង្អស់។
ប្រជាជនមីយ៉ាន់ម៉ាយ៉ាងហោច ២៥,៦%នៃប្រជាជនសរុប ៥២,១២លាននាក់ (តួលេខឆ្នាំ២០១៥) រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ បន្ទាប់មក ឈរនៅលំដាប់ទី២ គឺប្រទេសហ្វ៊ីលីពិន ដែលមានប្រជាជន ២៥,២% នៃប្រជាជនសរុប ១០១,៥៧លាននាក់ ស្ថិតក្នុងភាពក្រីក្រ។
ទី៣ ប្រទេសឡាវ ដែលមានប្រជាជន ២៣,២% នៃប្រជាជនសរុប ៦,៤៩លាននាក់ កំពុងរស់ស្ថិតក្នុងភាពក្រីក្រ។
កម្ពុជានៅលេខរៀងទី៤ ដោយមានអត្រានៃប្រជាជនរស់នៅក្នុងភាពក្រីក្រ ១៣,៥% នៃចំនួនប្រជាជនសរុប ១៥,៤១លាននាក់។ ឥណ្ឌូនេស៊ី នៅលេខរៀងទី៥ មានប្រជាជន ១១,២% នៃចំនួនប្រជាជនសរុប ២៥៥,៤៦លាននាក់ រស់នៅក្នុងភាពក្រីក្រ។
នៅលេខរៀងទី៦ គឺប្រទេសថៃ មានអ្នកក្រ ១០,៩% ក្នុងចំណោមប្រជាជន ៦៧,២៤លាននាក់។ វៀតណាម ស្ថិតនៅលេខរៀងទី៧ មានអ្នកក្រ ៨,៤% ក្នុងចំណោមប្រជាជនសរុប ៩១,៧០លាននាក់ និងប្រទេសម៉ាឡេស៊ី នៅលេខរៀងទី៨ មានអ្នកក្រ ០,៦% ក្នុងចំណោមប្រជាជនសរុប ៣១លាននាក់។
ប្រទេសប្រ៊ុយណេ និងសិង្ហបុរី ទោះបីមិនមានទិន្នន័យក្ដី ក៏ប៉ុន្តែប្រទេសទាំងពីរនេះ ត្រូវបានចាត់ទុកជាប្រទេសដែលមានជាងគេបំផុត នៅក្នុងតំបន់អាស៊ាននេះ៕