នៅរយៈពេលបីថ្ងៃចុងក្រោយនេះនេះ គេសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិក បានសម្រេចលុបចោល និង ពន្យារជើងហោះហើររាប់ពាន់ជើង ដោយសារតែបញ្ហាកង្វះបុគ្គលិកអាកាសចរណ៍បម្រើការ ព្រោះតែបុគ្គលិកទាំងអស់នោះ មានជាប់ពាក់ព័ន្ធនឹងការឆ្លងកូវីដ១៩ ខណៈដែលនាវាធ្វើដំណើរទេសចរណ៍ជាច្រើនទៀត ក៏បានលុបចោលការចូលចត បន្ទាប់ពីមានការរកឃើញករណីឆ្លងកូវីដ១៩នៅក្នុងកប៉ាល់ទាំងអស់នោះ។ មួយវិញទៀត នៅប្រទេសចិន ក៏កំពុងមានការរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃកាន់តែខ្ពស់ទៅៗផងដែរ។ កត្តាទាំងអស់នេះហើយ ត្រូវបានអ្នកជំនាញអះអាងថា វាបានជះឥទ្ធិពលអវិជ្ជមានគួរឲ្យកត់សម្គាល់ទៅលើផ្សារភាគហ៊ុននៅអាស៊ី រួមទាំងតម្លៃទីផ្សារប្រេងផងដែរ។ តួយ៉ាង ផ្សារភាគហ៊ុនធំៗនៅ ជប៉ុន កូរ៉េខាងត្បូង សៀងហៃ មានការរអិលធ្លាក់ចុះទាំងអស់។
អ្នកជំនាញខាងទីផ្សារមូលបត្រនៅជប៉ុននិយាយថា ការព្រួយបារម្ភពីការរីករាលដាលកាន់តែខ្លាំងក្លានៃមេរោគបំប្លែងថ្មីអូមីក្រុង បានធ្វើឲ្យអ្នកវិនិយោគមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះការជួញដូរផ្សារភាគហ៊ុន ពិសេសការទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែមានតម្លៃថ្លៃៗ។
ទន្ទឹមនឹងនេះដែរ តម្លៃទីផ្សារប្រេងឆៅនៅទីផ្សារអាមេរិកឯណោះវិញ ក៏មានការធ្លាក់ចុះ៥៩សេនដែរ មានតម្លៃត្រឹមតែ ៧៣ដុល្លារ២០សេន។ ក៏ប៉ុន្ដែ សម្រាប់ប្រេងឆៅអង់គ្លេសវិញបែរជា មានការកើនឡើង២៦សេន ដោយមានតម្លៃ ៧៦ដុល្លារ៤០សេនក្នុងមួយធុងបារ៉ែល។
ទាក់ទងនឹងទីផ្សារប្រេងឆៅនេះដែរ អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមមានប្រទេសរុស្ស៊ីផងដែរ នឹងធ្វើការសម្រេចិត្តឆាប់ៗនេះ ថាតើពួកគេនឹងត្រូវបង្កើនការផលិតប្រេងឲ្យបានដល់ ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ឬក៏អត់ នៅក្នុងខែកុម្ភៈខាងមុខនេះ។ ក៏ប៉ុន្ដែ រុស្ស៊ីបានបោះពាក្យសម្ដីមុនការសម្រេចចិត្តនេះថា តម្លៃប្រេងអាចនឹងមិនមានការប្រែប្រួលខ្លាំងនោះទេនៅឆ្នាំក្រោយនេះ ជាមួយនឹងតម្រូវការប្រេងអាចងើបឡើងវិញដល់កម្រិតនៅមុនពេលមានកូវីដ១៩ គឺនឹងត្រូវចំណាយពេលដល់ចុងឆ្នាំ២០២២៕