សន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI ដោយមិនរាប់បញ្ចូលប្រទេសជប៉ុនបានបើកលក់នៅថ្ងៃសុក្រ ទី១៦ខែកញ្ញានេះក្នុងសកម្មភាពអវិជ្ជមាន ហើយក៏មានសកម្មភាពលក់ចេញវិញជាច្រើនផងដែរ ពោលគឺទីផ្សារនេះ បានធ្លាក់ចុះ១,១%។
នៅក្នុងតំបន់នេះដែរ ភាគហ៊ុនអូស្ត្រាលីបានធ្លាក់ចុះ ១,៣៤% ខណៈដែលសន្ទស្សន៍ភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ចុះ ១% ហើយសន្ទស្សន៍ភាគហ៊ុន Hang Seng នៅទីក្រុងហុងកុងបានធ្លាក់ចុះ ១,១% ខណៈដែលសន្ទស្សន៍ភាគហ៊ុន CSI300 របស់ប្រទេសចិនធ្លាក់ចុះ ០.៨៦%។
លោក Suresh Tantia អ្នករៀបចំយុទ្ធសាស្រ្តវិនិយោគជាន់ខ្ពស់នៅក្រុមហ៊ុន Credit Suisse បាននិយាយថា មានការផលប៉ះពាល់កំពុងតែលេចឡើងនៅក្នុងទីផ្សារភាគហ៊ុន ហើយពួកគេកំពុងឈានដល់ដំណាក់កាលមួយ ដែលត្រូវលៃលកបន្ថែមទៀតដើម្បីបញ្ជៀសការខាតបង់ ព្រោះអត្រាការប្រាក់នឹងបន្តកើនខ្ពស់ក្នុងរយៈពេលយូរទៅមុខទៀត។ អ្នកជំនាញរូបនេះ បានបន្ថែមថា ការឡើងថ្លៃប្រាក់ដុល្លារអាមេរិកមិនបានជួយដល់ទីផ្សារអាស៊ីនោះទេ ហើយវានឹងមានផលអវិជ្ជមានបន្ថែមទៀត សម្រាប់ទីផ្សារភាគហ៊ុននៅក្នុងតំបន់នេះ។
ទន្ទឹមនឹងដុល្លារអាមេរិកកំពុងកើនឡើង រូបិយបណ្ណធំៗផ្សេងៗទៀតកំពុងតែបង្ហាញពីការដាំក្បាលចុះខ្លាំងគួរឲ្យបារម្ភ។
ជាក់ស្ដែង ក្រុមអ្នកវិភាគទីផ្សារភាគហ៊ុន និងអ្នកគ្រប់គ្រងមូលនិធិបាននិយាយថា ការគំរាមកំហែងដោយការធ្វើអន្តរាគមន៍រូបិយបណ្ណរបស់ប្រទេសជប៉ុនអាចថយចុះ ក៏ប៉ុន្តែមិនអាចបញ្ឈប់ប្រាក់យ៉េនពីការធ្លាក់ថ្លៃ ឆ្ពោះទៅដល់កម្រិតទាបរយៈពេល៣ទសវត្សរ៍នៅមុនដំណាច់ឆ្នាំនេះបានឡើយ។
ចំណែកប្រាក់អឺរ៉ូវិញក៏បានធ្លាក់ចុះ ដោយធ្លាក់មកនៅត្រឹម១អឺរ៉ូស្មើមិនដល់១ដុល្លារនោះទេ។
ឥឡូវនេះក្រឡេកទៅមើលប្រាក់យន់របស់ចិនវិញម្ដង ប្រាក់យន់របស់ចិនក៏បានធ្លាក់ចុះហួសពីការស្មានទុកទៅទៀត ពោលគឺធ្លាក់ចុះមកនៅជាង ៧ យន់ក្នុងមួយដុល្លារអាមេរិកជាលើកដំបូងនៅក្នុង រយៈពេល ២ ឆ្នាំមកនេះ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចុងក្រោយនេះ ក៏បានធ្វើការព្យាករពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកថា នៅតែធ្លាក់ចុះ ហើយប្រទេសមួយចំនួនត្រូវគេរំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។ ក៏ប៉ុន្តែវាដូចជាលឿនពេកហើយដែលនិយាយថា តើនឹងមានវិបត្តិសេដ្ឋកិច្ចពិភពលោករីករាលដាលដែរ ឬយ៉ាងណានោះ។
មូលនិធិ IMF កាលពីខែកក្កដាបានកែសម្រួលការព្យាករការកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនមកនៅត្រឹម ៣,២% ក្នុងឆ្នាំ២០២២ និង ២,៩% នៅឆ្នាំ២០២៣ ហើយអង្គការអន្តរជាតិមួយនេះ នឹងបញ្ចេញនូវទស្សនវិស័យថ្មីមួយទៀតនៅខែក្រោយនេះ។
ដោយឡែក ធនាគារពិភពលោកវិញ ក៏បានអះអាងថា ពិភពលោកអាចឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ខណៈដែលធនាគារកណ្ដាលនៅទូទាំងពិភពលោកបាននិងកំពុងដំឡើងអត្រាការប្រាក់ក្នុងពេលដំណាលគ្នា ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើងនោះ៕