ឱសថដែលក្រុមហ៊ុន AstraZeneca អះអាងថា មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩នេះនេះ គឺមានការប្រើប្រាស់លាយបញ្ចូលគ្នានូវប្រភេទឱសថដែលបង្កើតអង្គបដិបក្ស២ប្រភេទ ដែលគេឲ្យឈ្មោះថា AZD7442 ។ ឱសថនេះ ជួយកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ ឬអាចកាត់បន្ថយការស្លាប់បាន៥០% សម្រាប់អ្នកជំងឺដែលមិនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយពួកគេទាំងនោះ ជាក្រុមអ្នកជំងឺដែលមានចេញអាការៈត្រឹមរយៈពេល៧ថ្ងៃ ឬតិចជាងនេះ។ បន្ថែមពីនេះ ប្រសិទ្ធភាពរបស់ឱសថក្នុងការកាត់បន្ថយហានិភ័យ នឹងមានកាន់តែប្រសើរ ប្រសិនបើប្រើវាដើម្បីព្យាបាលអ្នកជំងឺដែលទើបតែចាប់ផ្ដើមមានអាការៈត្រឹមរយៈពេល៥ថ្ងៃដំបូង។
ការសាកល្បងឱសថរបស់ AstraZenecaនេះ គឺបានធ្វើឡើងនៅក្នុងប្រទេសចំនួន១៣ និងប្រើប្រាស់លើមនុស្សជាង ៩០០នាក់។
លោក មេន ប៉ាងហ្គាឡូស (Mene Pangalos) នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca បាននិយាយថា លទ្ធផលនៃការព្យាលបាលរបស់ឱសថនេះ គឺជាការគូសបង្ហាញផ្លូវដ៏មានសក្ដានុពលក្នុងថ្ងៃអនាគត សម្រាប់ប្រើប្រាស់វាជាថ្នាំការពារដែលមិនមែនជាថ្នាំវ៉ាក់សាំង។
លោក ប៉ាងហ្គូឡូសជឿជាក់ថា ឱសថដែលទើបជោគជ័យលើការប្រឆាំងនឹងកូវីដ១៩នេះ នឹងមានគុណសម្បត្តិពិតប្រាកជាង ក្នុងការការពារការឆ្លងមេរោគឆ្លង បើធៀបនឹងការប្រើប្រាស់វាសម្រាប់ព្យាបាល។
ក្រុមហ៊ុន AstraZeneca ក៏កំពុងស្នើទៅកាន់និយ័តករអាមេរិក កាលពីសប្ដាហ៍មុនដើម្បីអនុញ្ញាតឲ្យប្រើប្រាស់ឱសថរបស់ខ្លួននេះ សម្រាប់ចាក់ការពារការឆ្លងមេរោគកូវីដ១៩ផងដែរ ហើយប្រសិនបើអាជ្ញាធរអនុញ្ញាតឲ្យប្រើប្រាស់ប្រាស់ឱសថនេះ សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ គឺរឹតតែប្រសើរ។ ទោះយ៉ាងណា ក្រុមហ៊ុននេះ ក៏នឹងត្រូវដាក់បញ្ជូនទិន្នន័យថ្មីបន្ថែមទៀត ទាក់ទងនឹងប្រសិទ្ធភាពនៃការព្យាបាលរបស់ឱសថនេះ ទៅកាន់និយ័តករសុខាភិបាលសកលនាពេលខាងមុខបន្ដទៀត ដើម្បីពិនិត្យតាមដាន និងវាយតម្លៃ មុននឹងដាក់អនុញ្ញាតឲ្យមានការប្រើប្រាស់ជាផ្លូវការ៕