យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Clare O'Neil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលការចេញផ្សាយជាផ្លូវការនូវយុទ្ធសាស្ត្រចំណាកស្រុកថ្មីរបស់រដ្ឋាភិបាលថា អូស្ត្រាលីបានធ្វើការយ៉ាងសកម្ម ដើម្បីធ្វើឲ្យមានតុល្យភាពល្អបំផុតនៅក្នុងប្រព័ន្ធចំណាកស្រុករបស់ប្រទេសអូស្ត្រាលី។ លោកស្រីបានបន្ថែមថា កំណែទម្រង់របស់រដ្ឋាភិបាលកំពុងដាក់សម្ពាធឱ្យមានការធ្លាក់ចុះរួចហើយលើការធ្វើចំណាកស្រុកសុទ្ធពីបរទេស ហើយវិធានការថ្មីនេះនឹងរួមចំណែកបន្ថែមទៀតដល់ការធ្លាក់ចុះ ដែលបានរំពឹងទុក។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ការកើនឡើងនៃការធ្វើចំណាកស្រុកសុទ្ធពីក្រៅប្រទេសក្នុងឆ្នាំ២០២២-២០២៣ ត្រូវបានជំរុញដោយនិស្សិតអន្តរជាតិ។
មែនទែនទៅ ការសម្រេចរឹតបន្តឹងថ្មីនេះកើតឡើងបន្ទាប់ពីការធ្វើអន្តោប្រវេសន៍សុទ្ធមកកាន់ប្រទេសអូស្ត្រាលី ត្រូវបានគេរំពឹងថា នឹងបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងអត្រា៥១ម៉ឺននាក់ក្នុងឆ្នាំ២០២២-២០២៣។ តាមទិន្នន័យផ្លូវការបានបង្ហាញថា វិធានថ្មីនេះនឹងជួយទមា្លក់លំហូរចំនួនជនចំណាកស្រុកមកនៅត្រឹមមួយភាគបួនប្រហែលមួយលាននាក់ ក្នុងរយៈពីរឆ្នាំខាងមុខ។
គួរជម្រាបថា អូស្ត្រាលីបានបង្កើនចំនួនទទួលជនចំណាកស្រុកបរទេសកាលពីឆ្នាំមុន ក្នុងការជ្រើសរើសបុគ្គលិកដើម្បីបំពេញការខ្វះខាតនៅក្នុងអាជីវកម្មសំខាន់ៗរបស់ខ្លួន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បានជំរុញឱ្យមានការគ្រប់គ្រងព្រំដែនកាន់តែតឹងរ៉ឹង រក្សានិស្សិត និងកម្មករបរទេសនៅប្រទេសដើមអស់រយៈពេលជិតពីរឆ្នាំ។
កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា ចំនួននៃការធ្វើចំណាកស្រុកមកកាន់ប្រទេសអូស្ត្រាលី ចាំបាច់ត្រូវត្រឡប់ទៅកម្រិតប្រកបដោយនិរន្តរភាពឡើងវិញ ព្រោះបើតាមលោក«ប្រព័ន្ធនេះត្រូវបានខូចបាត់ទៅហើយ»។
អូស្តា្រលីគឺជាប្រទេសមួយដែលធ្លាប់តែពឹងផ្អែកយូរណាស់មកហើយលើកម្លាំងអន្តោប្រវេសន៍ ដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងស្រុក ឥលូវនេះបានក្លាយជាទីផ្សារការងារដ៏តឹងតែងបំផុតមួយក្នុងពិភពលោក បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី បានជំរុញឱ្យបង្កើនល្បឿននៃការនាំចូលកម្មករបរទេស ដែលមានជំនាញខ្ពស់ និងសម្រួលកន្លែងស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ពួកគេកាន់តែរលូន។
ទោះជាយ៉ាងណា នៅក្រោមគោលនយោបាយរឹតបន្តឹងថ្មីនេះ និស្សិតអន្តរជាតិនឹងតម្រូវឱ្យមានការវាយតម្លៃខ្ពស់លើការធ្វើតេស្តភាសាអង់គ្លេស ទើបអាចសិក្សានៅប្រទេសនេះបាន។ ហើយវាក៏នឹងបញ្ចប់ការអនុញ្ញាតឱ្យសិស្សបន្តការស្នាក់នៅក្នុងប្រទេសអូស្ត្រាលីផងដែរ។
ក្នុងនោះ ទិដ្ឋាការពិសេសថ្មីសម្រាប់កម្មករបរទេសដែលមានជំនាញខ្ពស់ នឹងត្រូវបង្កើតឡើងក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ដើម្បីជួយអាជីវកម្មក្នុងស្រុកជ្រើសរើសជនចំណាកស្រុកពីក្រៅប្រទេសបានលឿនជាងមុន ចំពេលមានការប្រកួតប្រជែងខ្លាំងជាមួយនឹងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀតនៅក្នុងតំបន់ និងលើពិភពលោក៕