បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបណ្តោះអាសន្នឱ្យមានការរឹបអូសទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុន Y & W ហ្គាមេន ដែលមានទីតាំងស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីថៅកែក្រុមហ៊ុនរត់គេចខ្លួនមិនទទួលខុសត្រូវ ដែលធ្វើឱ្យមានការផ្ទុះការតវ៉ាពីកម្មករនិយោជិត។តាមរយៈការរឹបអូសទ្រព្យសម្បត្តិ និងប្រាក់កក់របស់អ្នកដេញថ្លៃនេះ បានធ្វើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានថវិកា សម្រាប់បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់កម្មករនិយោជិតប្រមាណជាង៤ពាន់នាក់របស់ក្រុមហ៊ុននេះ។
បើតាមក្រសួងការងារកម្មករនិយោជិតអាចទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់របស់របស់ខ្លួននៅសាលាខណ្ឌដង្កោ ចាប់ពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ តទៅ ដោយភ្ជាប់មកជាមួយប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិតច្បាប់ដើម ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ព្រមទាំងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ។
សូមបញ្ជាក់ដែរថា ពាក់ព័ន្ធបញ្ហាក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញដំណោះស្រាយមួយចំនួនជូនដល់កម្មករនិយោជិត ក្នុងនោះមានការរក្សាអត្ថប្រយោជន៍ ប.ស.ស.នៅដដែលរហូតដល់រយៈពេល៣ខែ ហើយទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗនឹងយកលក់ឡៃឡុង។ ក្រៅពីនេះក្រសួងបានបញ្ជូនមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅផ្តល់ការងារថ្មីដល់កម្មករនិយោជិត។ ទន្ទឹមនេះ អាជ្ញាធរដែនដី ក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះក្នុងអំឡុងពេលរង់ចាំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ៕
អត្ថបទ៖ បូ ដូឡា