បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ជំនួបពិភាក្សានាពេលខាងមុខនេះ គឺជាកិច្ចសន្ទនាផ្លូវការលើកដំបូងបង្អស់ ដែលផ្តោតលើសុវត្ថិភាព AI រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចក្នុងអាណត្តិទីពីរ ក្នុងនោះភាគីអាម៉េរិកនឹងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ស្កុត បេសសេន (Scott Bessent)។ ទោះជាយ៉ាងណាពេលវេលានៃជំនួបនេះនៅតែមានភាពស្រពេចស្រពិលនៅឡើយ ដោយមន្ត្រីសេតវិមានម្នាក់បានលើកឡើងថា មិនទាន់មានផែនការផ្លូវការណាមួយត្រូវបានបោះត្រាយល់ព្រមនៅឡើយទេ ខណៈដែលលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថា នឹងជួបជជែកទល់មុខគ្នានៅថ្ងៃទី២៤ ខែកញ្ញា នៅទីក្រុងវ៉ាស៊ីនតោន។
បើយោងតាមប្រភពពីផ្ទៃក្នុង ភាគីអាម៉េរិកមានបំណងចង់ជជែកស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការតាមដាន និងទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលបញ្ជាដោយ AI។ លើសពីនេះ អាម៉េរិកបានជំរុញឱ្យមន្ទីរពិសោធន៍ AI កំពូលៗរបស់ប្រទេសទាំងពីរបង្កើតយន្តការគ្រប់គ្រង តាមដាន និងចែករំលែកទិន្នន័យសម្ងាត់ទៅវិញទៅមក ដើម្បីទប់ស្កាត់គ្រោះមហន្តរាយសាយប័រ។ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន OpenAI និងសន្តិសុខសាយប័របានទម្លាយឱ្យដឹងថា ភ្នាក់ងារ AI បង្កើតដោយខុសច្បាប់ជិត៧០០គំរូបានលួចជ្រៀតជ្រែកចូលប្រព័ន្ធក្រុមហ៊ុន Hugging Face កាលពីខែកក្កដា និងបានព្យាយាមលុបបំបាត់ដានដោយស្វ័យប្រវត្តិ ដោយគ្មានមនុស្សម្នាក់ដឹងខ្លួនឡើយ។
លោក ផូល ទ្រីអូឡូ (Paul Triolo) អ្នកវិភាគជាន់ខ្ពស់នៅ DGA-Albright Stonebridge Group បានវាយតម្លៃថា ជំនួបរវាងមហាអំណាចបច្ចេកវិទ្យាទាំងពីរ កំពុងកើតឡើងចំពេលដ៏សំខាន់ ហើយប្រសិនបើគ្មានកិច្ចព្រមព្រៀងនៅពេលនេះទេ ឱកាសមាសនឹងត្រូវបាត់បង់ជារៀងរហូត។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងបារម្ភយ៉ាងខ្លាំងពីសមត្ថភាពរបស់ចិនក្នុងការបង្កើត AI កម្រិតខ្ពស់សម្រាប់ធ្វើសង្គ្រាមសាយប័រ រីឯទីក្រុងប៉េកាំង វិញក៏ចង់ទាមទារភាពស្អាតស្អំ និងដោះស្រាយការចោទប្រកាន់ជុំវិញការលួចកម្មសិទ្ធិបញ្ញា AI ពីអាម៉េរិកឱ្យដាច់ស្រេចផងដែរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស