នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ប្រទេសបង់ក្លាដេសនឹងចុះអនុស្សរណៈជាមួយកម្ពុជា ដោយសន្យាទិញអង្ករពីកម្ពុជាប្រមាណ១លានតោន ក្នុងរយៈពេល៥ឆ្នាំ ខណៈដែលកន្លងមកប្រទេសមួយនេះ ធ្លាប់បានចូលមកទាក់ទងកម្ពុជាជាច្រើនលើកមកហើយ ប៉ុន្ដែ មិនមានកិច្ចព្រមព្រៀងអ្វីនោះទេ។
អនុស្សរណៈនេះ ត្រូវបានគេមើលឃើញថា នឹងនាំមកនូវអត្ថប្រយោជន៍ដ៏ធំធេងចំពោះវិស័យស្រូវអង្ករកម្ពុជា។
លោក ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ បានឲ្យដឹងថា ការលក់អង្ករទៅឲ្យប្រទេសបង់ក្លាដេសចំនួន១លានតោនេះ គឺនឹងត្រូវមានកិច្ចសហការជាមួយក្រុមហ៊ុននៃសមាជិកសហព័ន្ធស្រូវអង្ករជាច្រើនផ្សេងទៀត។
លោកបន្តថា កិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០១៧នេះតទៅហើយ ខណៈដែល១ឆ្នាំដំបូង លោករំពឹងថា កម្ពុជានឹងអាចនាំចេញអង្ករទៅប្រទេសបង់ក្លាដេសប្រមាណ ២៥ម៉ឺនតោន។
សូមបញ្ជាក់ដែរថា កន្លងមកកម្ពុជាមិនធ្លាប់បាននាំអង្ករចេញទៅប្រទេសបង់ក្លាដេសនោះទេ ខណៈដែលកាលពីពេលថ្មីៗនេះ ប្រទេសបង់ក្លាដេសទើបតែបានចុះហត្ថលេខាទិញអង្ករពីប្រទេសវៀតណាម ១លានតោន ក្នុងរយៈពេល៥ឆ្នាំដូចគ្នានឹងកម្ពុជាដែរ។
គួររំលេចដែរថា គិតត្រឹមឆមាសទី១ឆ្នាំនេះ កម្ពុជាបាននាំអង្ករចេញទៅ៥៦ប្រទេស ដែលមានចំនួនប្រមាណ២៨ម៉ឺនតោន ក្នុងនោះប្រទេសដែលជាទីផ្សារអង្ករដ៏ធំរបស់កម្ពុជាមានដូចជា ប្រទេសចិន បារាំង ប៉ូឡូញ អង់គ្លេស និងហុល្លង់ ជាដើម៕