មែនទែនទៅ ប្រទេសបង់ក្លាដែស ភាគច្រើនទិញប្រេងពីបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា ក្រោមកិច្ចព្រមព្រៀងរយៈពេលវែងរវាងភ្នាក់ងាររដ្ឋាភិបាល។ ក៏ប៉ុន្តែ ការនាំចូលនៅពេលឥឡូវនេះបានហក់ឡើងប្រហែល១០០ដុល្លារក្នុងមួយធុងបារ៉ែល ដែលបានធ្វើឲ្យប៉ះទង្គិចយ៉ាងខ្លាំងដល់ជីវភាពប្រជាជនបង់ក្លាដែស។ កត្តានេះបានជំរុញឲ្យបង់ក្លាដែស កំពុងពិចារណាលើលក្ខខណ្ឌទិញប្រេងពីទីក្រុងមូស្គូ ដែលបានលក់ចេញក្រោមតម្លៃទីផ្សារ ដើម្បីជួយសម្រួលស្ថានការណ៍ដ៏លំបាកមួយនេះ។
ជាមួយគ្នានេះ ក្រុមហ៊ុនប្រេងរុសស្នេហ្វ (Russneft ) របស់រុស្ស៊ីថ្មីៗនេះបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យបង់ក្លាដែសទិញប្រេងចម្រាញ់ក្នុងតម្លៃ ៥៩ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល រួមទាំងថ្លៃដឹកជញ្ជូនផងដែរ។ ទីក្រុងម៉ស្គូក៏បានផ្តល់ជូនបង់ក្លាដែសនូវប្រេងឆៅផងដែរ ទោះបីជាខ្លួនមិនមានសមត្ថភាពចម្រាញ់វាក៏ដោយ។
នៅសប្តាហ៍នេះ គំរូប្រេងឥន្ធនៈរបស់រុស្ស៊ីបានទៅដល់កំពង់ផែឈីតាហ្កង់ (Chittagong) ប្រទេសបង់ក្លាដែស ហើយក្រុមហ៊ុនប្រេងបង់ក្លាដែស គ្រោងនឹងត្រួតពិនិត្យគុណភាពលើប្រេងឥន្ធនៈផងដែរ។ កិច្ចសហប្រតិបត្តិការរវាងទីក្រុងដាកា (Dhaka) និងទីក្រុងមូស្គូអាចពាក់ព័ន្ធនឹងទំនិញផ្សេងទៀតក៏ថាបាន។ កាលពីពេលថ្មីៗ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបង់ក្លាដែស បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនមានការពិភាក្សាទាក់ទងនឹងស្រូវសាលី និងជីរបស់រុស្ស៊ីថែមទៀតផង ដោយលោកបាននិយាយថា ការចរចាសម្រាប់ស្រូវសាលី៣០ម៉ឺនតោន និងជី១០ម៉ឺនតោន គឺស្ថិតក្នុងដំណាក់កាលពិគ្រោះមុននឹងសម្រេច។
នាយករដ្ឋមន្ត្រីបង់ក្លាដែស លោក សើក ហាសីណា (Sheikh Hasina) នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់រដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែសីហា បានណែនាំដល់មន្ត្រីក្រោមអំណាចរបស់លោក ឲ្យពិនិត្យមើលពីលទ្ធភាពនៃការនាំចូលប្រេងពីរិស្សី។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋបង់ក្លាដែស (Sangbad Sangstha) បានស្រង់សម្តីរដ្ឋមន្រ្តីក្រសួងផែនការ លោក មេនណាន (M.A. Mannan) បានឲ្យដឹងថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឲ្យប្រជាជនបង់ក្លាដែសកំពុងរងទុក្ខដោយសារតែការកើនឡើងនៃតម្លៃប្រេងពិភពលោក ហើយវាជាបញ្ហាមួយ ដែលចាំបាច់ដោះស្រាយ។ លោកបន្តថា «នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រទេសឥណ្ឌា និងប្រទេសផ្សេងទៀតកំពុងទិញប្រេងពីរុស្ស៊ី ដូច្នេះយើងត្រូវមើលថាតើបង់ក្លាដែសអាចទិញបានដែរឬយ៉ាងណ។
គួរជម្រាបថា នៅដើមខែសីហាកន្លងទៅ អាជ្ញាធរប្រទេសអាស៊ីខាងត្បូងមួយនេះ បានដំឡើងថ្លៃប្រេងឥន្ធនៈភ្លាមៗដល់ទៅជាង៥០%នៃតម្លៃដើម ក៏ព្រោះតែលទ្ធភាពផ្គត់ផ្គង់ប្រេងមានតម្លៃកើនឡើងគួរឲ្យកត់សម្គាល់ដូចគ្នា។ ទន្ទឹមនឹងនោះ ទុនបម្រុង Forex របស់ប្រទេសនេះ ក៏បានធ្លាក់ចុះពី ៤៨ ពាន់លានដុល្លារ មកនៅត្រឹម ៣៩ ពាន់លានដុល្លារ ដោយសារតែវិក័យប័ត្រនៃការនាំចូលមានការកើនឡើង តែការនាំចេញធ្លាក់ចុះ បូករួមទាំងការផ្ទេរប្រាក់មានកម្រិតទាបផងដែរ។
លើសពីនេះ លោក អាសាន មេនស័រ (Ahsan H. Mansur) ដែលជានាយកប្រតិបត្តិនៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយនៃប្រទេសបង់ក្លាដែស ព្រមទាំងអ្នកជំនាញបង់ក្លាដែសផ្សេងទៀតបានប្រាប់ទីភ្នាក់ងារ Nikkei ថា បង់ក្លាដែសទទួលបានការគាំទ្រនូវវិធានការក្នុងការនាំចូលប្រេងពីរុស្សីដូចប្រទេសឥណ្ឌា ដើម្បីជួយកាត់បន្ថយសម្ពាធលើសេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែពួកគេបានស្នើឲ្យរដ្ឋាភិបាលទីក្រុងដាកា គួរផ្តល់ដំណឹងដល់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាមុនសិន មុននឹងសម្រេចទិញជាលើកចុងក្រោយ។
គួររំលឹកឡើងវិញថា ប្រទេសស្រីលង្កា គឺជាប្រទេសអាស៊ីខាងត្បូងមួយដែរ ដែលកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ហើយក៏បានសម្លឹងមើលការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសរុស្សីដែរ ក្នុងនោះក៏មានប្រទេសមីយ៉ាន់ម៉ា ដែលបានសម្រេចសម្រួចទិញប្រេងពីទីក្រុងម៉ូស្គូរួចបាត់ទៅហើយ៕