
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម គឹម សន្ដិភាព រដ្ឋលខាធិកាទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងនាមក្រសួងយុត្តិធម៌ និង លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះទៀតសោត អាចសម្រេចទៅបាន គឺបន្ទាប់ពីទទួលបានការឯកភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចជ្រើសរើសយកធនាគារ អេស៊ីលីដា ជាធនាគារដៃគូសម្រាប់ប្រតិបត្តិការទូទាត់សេវាស្នើសុំព្រឹត្តបត្រថ្កោលទោស តាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានលើកឡើងថា “ ជាមោទនភាពដែលធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងយុត្តិធម៌ និងប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស។ តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ អតិថិជន និងសាធារណជន ទាំងអស់ អាចទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) តាមរយៈការស្កេន KHQR ដើម្បីសម្រួលដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋានអាចធ្វើការទូទាត់ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់។

លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ក្រោមកិច្ចសហប្រតិបត្តិការនេះ ជាជំហ៊ានថ្មីមួយទៀតក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធធនាគារនៅក្នុងវិស័យយុត្តាធិការ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដែលបានដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្រមតាមគោលនយោបាយជាតិ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល”។

អនុស្សរណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបន្តអភិវឌ្ឍយន្តការព្រឹត្តបត្រថ្កោលទោស តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលជាយន្តការសម្រាប់បម្រើសេវាសាធារណៈ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងកាត់បន្ថយការចំណាយថវិកាសម្រាប់បម្រើសេចក្តីត្រូវការរបស់សាធារណជន ដែលមានតម្រូវការព្រឹត្តបត្រថ្កោលទោស ស្របតាមគតិបណ្ឌិតណែនាំដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជនកម្ពុជាទូទៅ។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបប្រមាណ ៩,៤ពាន់លានដុល្លារ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ ជាមួយគ្នានេះ សមតុល្យឥណទានសរុបរបស់ធនាគារអេស៊ីលីដា មានប្រមាណ ៦,៥ ពាន់លានដុល្លារ, ប្រាក់បញ្ញើមានជាង ៦,៩ពាន់លានដុល្លារ និងអតិថិជនសរុបមានដល់ទៅជាង ៤លាន៤សែននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣។







