លោកស្រី ស៊ូវ៉ាន់នី ចេស្ដាស័ក្ដិ (Suwannee Jesdasak) នាយិកាជាន់ខ្ពស់ធនាគារកណ្ដាលថៃ បានអះអាងប្រាប់សារព័ត៌មានថៃ The Nation ថា ការរៀបចំបំណុលឡើងវិញសម្រាប់ពលរដ្ឋដែលកំពុងជំពាក់លុយធនាគារនេះ គឺផ្អែកទៅលើការព្រមព្រៀងគ្នារវាងស្ថាប័នជាម្ចាស់បំណុល និង អតិថិជនជាកូនបំណុលរបស់ខ្លួន។ ដូច្នេះ ក្នុងន័យនេះ ធនាគារកណ្ដាលថៃ មិនបានណែនាំឲ្យមានធនាគារពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុត្រូវកាត់បន្ថយបំណុលរបស់អតិថិជននោះឡើយ។
មន្ត្រីជាន់ខ្ពស់ធនាគារកណ្ដាលថៃរូបនេះ បានបន្ថែមថា សមាគមធនាគារថៃ មានការយល់ច្រឡំ ចំពោះសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារកណ្ដាលដែលបានផ្សព្វផ្សាយបន្តដោយសារព័ត៌មានកាលពីសប្ដាហ៍មុន ប៉ុន្ដែ ធនាគាកណ្ដាលបានជួបពិភាក្សាជាមួយខាងសមាគមធនាគាររួចរាល់ហើយទាក់ទងនឹងបញ្ហាខាងលើនេះ។
លោកស្រី ស៊ូវ៉ាន់នី ចេស្ដាស័ក្ដិ (Suwannee Jesdasak) នាយិកាជាន់ខ្ពស់ធនាគារកណ្ដាលថៃ បាននិយាយយ៉ាងដូច្នេះថា «យើងមិនបានអំពាវនាវឲ្យធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុកាត់បន្ថយបំណុលនោះទេ ប៉ុន្ដែ យើងបានអំពាវនាវឲ្យពួកគេ ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីជួយដល់អ្នកជំពាក់បំណុលដែលកំពុងជួបការលំបាក។»
លោកស្រី ស៊ូវ៉ាន់នី បន្ថែមថា ធនាគារអាចជួយដល់កូនបំណុលរបស់ខ្លួន ដោយកាត់បន្ថយការបង់រម្លស់, ផ្លាស់ប្ដូរលក្ខខណ្ឌកម្ចី, ផ្ដល់ប្រាក់កម្ចីអនុគ្រោះបន្ថែម ឬជួយសម្រាលបន្ទុកបំណុលសម្រាប់អតិថិជនរបស់ខ្លួនជាដើម។
នៅក្នុងអំឡុងពេលកូវីដ-១៩នេះ រាជរដ្ឋាភិបាលថៃ ក៏បានដាក់ចេញនូវវិធានការជំនួយដោះស្រាយបញ្ហាបំណុល សម្រាប់ពលរដ្ឋរបស់ខ្លួនផងដែរ។
ធនាគារកណ្ដាលថៃ រំពឹងថា ចំនួនអ្នកខ្ចីបំណុល នឹងមកដាក់ពាក្យសម្រាប់វិធានការជំនួយដោះស្រាយបញ្ហាបំណុលកាន់តែច្រើនថែមទៀតនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដោយសារតែបញ្ហាឆ្លងរីករាលដាលកូវីដ-១៩នៅក្នុងប្រទេសនៅតែបន្ដកើនខ្ពស់។
គិតមកត្រឹមខែកក្កដាឆ្នាំ២០២១ ចំនួនអ្នកខ្ចីបំណុលសរុបនៅប្រទេសថៃមានជាង១២លានគណនី ក្នុងនោះ មានជាង១១លានគណនី ស្ថិតក្នុងក្រុមកម្ចីសម្រាប់ការប្រើប្រាស់, ជាង១លានគណនីទៀត គឺជាកម្ចីនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងមានជាង៣ម៉ឺនគណនី ជាកម្ចីសម្រាប់សាជីវកម្ម៕