លោក ពិទិ ឌីសយ៉ាតាត(Piti Disyatat) លេខាធិការគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបាននិយាយថា ការដំឡើងអត្រាការប្រាក់នេះ នឹងធ្វើឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ ដែលជាការសមស្របសម្រាប់បរិយាកាសសេដ្ឋកិច្ចថៃ។ យ៉ាងណាមិញ គណៈកម្មាធិការនេះ ក៏នឹងពិចារណាកំណត់នូវអត្រាការប្រាក់រយៈពេលវែងក្នុងកិច្ចប្រជុំនាពេលខាងមុខផងដែរ។ លោក ពិទិ បញ្ជាក់ថា ធនាគារកណ្តាលថៃនឹងបន្តដំឡើងអត្រាការប្រាក់គោលបន្តិចម្តងៗ នៅក្នុងឆ្នាំ២០២៣នេះ រហូតទាល់តែអតិផរណាជាមធ្យមនឹងធា្លក់ចុះទៅដល់គោលដៅកំណត់ ដែលនឹងអាចសម្រេចបាននៅត្រឹមចុងឆ្នាំ២០២៣នេះ។
បើទោះបីជា អត្រាអតិផរណានៅក្នុងប្រទេសថៃ ស្រកចុះបន្តិចពីចំណុចកំពូល ៧,៨៦% នៅក្នុងខែសីហា មកនៅត្រឹម៥,៨៩%ក្នុងខែធ្នូកន្លងទៅក្តី ប៉ុន្តែវានៅតែជាអត្រាខ្ពស់ឆ្ងាយពីគោលដៅរបស់ធនាគារកណ្តាល ដែលបានកំណត់ត្រឹម ១% ទៅ ៣% ប៉ុណ្ណោះ។
គួររំឭកថា កាលពីខែសីហាឆ្នាំ២០២២ ធនាគារកណ្តាលថៃបានដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជិត៤ឆ្នាំកន្លងមកនេះ ក្នុងអត្រា ០,៧៥% ដើម្បីដោះស្រាយបញ្ហាអតិផរណា ដែលឡើងខ្ពស់។ ការដំឡើងអត្រាការប្រាក់គោលនេះ បានធ្វើឡើងជាបន្តបន្ទាប់មកទៀត នៅក្នុងខែកញ្ញា វិច្ឆិកា និងខែមករានេះ។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុបានឱ្យដឹងទៀតថា សេដ្ឋកិច្ចថៃត្រូវបានព្យាករថា នឹងបន្តកើនឡើងតាមរយៈការជំរុញពីវិស័យទេសចរណ៍ ដែលជួយស្រោចស្រង់សេដ្ឋកិច្ចឡើងវិញបានឆាប់រហ័ស ជាពិសេសគឺការវិលត្រឡប់របស់ភ្ញៀវទេសចរចិន។ កត្តានេះ នឹងជួយចូលរួមចំណែកផ្តល់ការងារ និងចំណូលកាន់តែប្រសើរក្នុងវិស័យនេះ ហើយនិងគាំទ្រដល់កំណើននៃការប្រើប្រាស់ឯកជនផងដែរ។
ធនាគារកណ្ដាលថៃ មិនបានបង្ហាញពីការព្យាករចុងក្រោយចចំពោះអតិផរណា និងកំណើនសេដ្ឋកិច្ចរបស់ខ្លួននោះទេ ប៉ុន្ដែ លេខាធិការគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានអះអាងថា សេដ្ឋកិច្ចថៃ នឹងអាចងើបឡើងជិតដល់កម្រិតនៅមុនកូវីដ១៩រាតត្បាត នៅឆ្នាំហើយនឹងបន្ដកំណើននៅឆ្នាំ២០២៤។
អាជ្ញាធរទេសចរណ៍ថៃ រំពឹងនឹងទទួលបានភ្ញៀវទេសចរពីប្រទេសចិនចំនួន៤លាននាក់ និងភ្ញៀវបរទេសសរុប២៥លាននាក់នៅឆ្នាំ២០២៣។ ទោះយ៉ាងណា ចំនួននេះគឺនៅទាបជាងឆ្នាំ២០១៩ ជាពេលមុនផ្ទុះកូវីដ១៩ ដែលទទួលបានភ្ញៀវសរុប ៣៩លាននាក់។
សូមជម្រាបថា ធនាគារកណ្តាលនៅអាស៊ីអាគ្នេយ៍ បានផ្តោតការយកចិត្តទុកដាក់លើគោលនយោបាយរូបិយវត្ថុរិតត្បិតជាងមុន ដើម្បីទប់ទល់នឹងអតិផរណាកើនឡើង។ ក្នុងនោះ ឥណ្ឌូណេស៊ី បានដំឡើងអត្រាការប្រាក់គោលដល់កម្រិតខ្ពស់បំផុតកាលពីសប្តាហ៍មុនគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ផងដែរ៕
អត្ថបទ៖ នៅ សំភី