ធនាគារកណ្ដាលអាមេរិក

មន្ត្រីជាន់ខ្ពស់ធនាគារកណ្ដាលអាមេរិកម្នាក់បានបង្ហើបថា អត្រាការប្រាក់គោលអាចនឹងត្រូវបន្ដដំឡើងថែមទៀត


សមាជិកក្រុមប្រឹក្សានៃទេសាភិបាលធនាគារកណ្ដាលអាមេរិកម្នាក់បានលួចបង្ហើយឱ្យដឹងថា ធនាគារកណ្ដាលអាមេរិកទំនងជានឹងត្រូវធ្វើការដំឡើងអត្រាការប្រាក់គោលបន្ថែមទៀតមួយកម្រិតទៀត ដើម្បីកាត់បន្ថយអតិផរណាឱ្យមកស្ថិតនៅក្នុងកម្រិតមួយតាមការកំណត់របស់ធនាគារនេះ ក្រោយពីបានដំឡើងអត្រាការប្រាក់គោល ០,២៥%ក្នុងកិច្ចប្រជុំលើក១២កាលពីចុងខែកក្កដា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
ធនាគារកណ្ដាលអាមេរិកទំនងជានឹងត្រូវការដំឡើងអត្រាការប្រាក់គោលបន្ថែមទៀតក្នុងពេលខាងមុខនេះ
ដោយ

លោកស្រី មីឆែល បូម៉េន (Michelle Bowman) ជា​សមាជិក​ ក្រុម​ប្រឹក្សាទេសាភិបាល​នៃធនាគារ​កណ្ដាល​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍ ទី៥ ខែ​សីហា​ថា លោកស្រី​រំពឹង​ថា ធនាគារ​កណ្ដាល​អាមេរិក​​ទំនងជា​​នឹង​ត្រូវ​ការ​​ដំឡើង​អត្រា​ការប្រាក់​គោល​បន្ថែម​ទៀត​ដើម្បីធ្វើឱ្យកម្រិត​​អតិផរណា​ស្ថិត​នៅ​លើ​ផ្លូវឆ្ពោះ​ទៅ​​រក​​គោល​ដៅ​ ២% ត្រឡប់មកវិញ។​​​​

លោកស្រី ​បូម៉េន បាន​និយាយថា លោកស្រី​បានគាំទ្រដល់ការដំឡើងអត្រាការប្រាក់ ០,២៥%របស់ធនាគារ​កណ្ដាល​អាមេរិក​កាលពីខែមុន​ដោយសារ​កម្រិត​អតិផរណា​នៅតែ​​​ខ្ពស់​​​​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់ចំណាយ​​កាន់​​តែ​ច្រើន​ ការស្ទុះងើបឡើងវិញនៅក្នុងទីផ្សារលំនៅឋាន និងទីផ្សារការងារ​ដែលកំពុងតែ​ជួយ​​ជំរុញ​បង្កើន​តម្លៃកាន់តែ​ខ្ពស់ថែម​ទៀត​។

លោកស្រី​បាន​បន្ថែម​ថា គោលនយោបាយរូបិយវត្ថុមិនស្ថិត​នៅលើ«ផ្លូវ​ដែលត្រូវ​កំណត់ជាមុន»​នោះ​ទេ ហើយទិន្នន័យនឹងជំរុញឱ្យ​មាន​ការសម្រេចចិត្តនាពេលអនាគត ដោយលោកស្រី​បាន​បន្ថែម​ថា ពួកគេ​គួរតែបន្ត​ឆន្ទៈក្នុងការបង្កើនអត្រាមូលនិធិ​សហព័ន្ធនៅឯ​កិច្ចប្រជុំ​នាពេលខាងមុខ បើទោះបីជា ទិន្នន័យក្នុង​ពេល​ខាង​មុខ​បាន​បង្ហាញថា កំណើន ​អតិផរណានៅទ្រឹងក្ដី។

លោកស្រី ​បូម៉េន តែងតែបញ្ចេញទស្សនៈ​ដែលមាន​ភាព​ស្រពិចស្រពិល​ជាងមិត្តរួមការងារ​មួយចំនួនទៀត​​របស់​លោកស្រី​។

នៅក្នុងព្យាករណ៍ដែលបានចេញផ្សាយ​នៅក្នុងខែមិថុនា អ្នកបង្កើតគោលនយោបាយរបស់​ធនាគារ​កណ្ដាល​អាមេរិក​​ភាគច្រើន​រំពឹងថា នឹងបញ្ចប់ឆ្នាំនេះ ជាមួយ​អត្រាការប្រាក់គោល​​របស់​ធនាគារ​កណ្ដាល​អាមេរិក​នៅត្រឹមកម្រិត ​៥,៦% ។

បន្ទាប់ពីការដំឡើងអត្រាការប្រាក់ថ្មីៗនេះ​ប្រធានធនាគារ​កណ្ដាល​លោក ជេរ៉ូម ផៅវែល បានទុកឱ្យ​ទ្វារបើកចំហសម្រាប់​ការដំឡើង​ម្ដង​ទៀតនៅក្នុងខែកញ្ញា​ ប៉ុន្តែក៏បានផ្តល់​សញ្ញាដែរ​​ថា អតិផរណា​ធ្លាក់​ចុះ​អាចជំរុញ​ឱ្យផ្អាកការ​ដំឡើង​អត្រា​ការ​ប្រាក់​នេះ​ជា​បន្ត​ទៀត​​​។

លោកស្រី ​បូម៉េន ​បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួនពាក់​ព័ន្ធ​នឹង​អតិផរណា ដែល​តាម​​សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាងខ្លាំង​រហូត​ដល់អត្រាប្រចាំឆ្នាំ​៣%​ក្នុងខែមិថុនា​ គឺ​បាន​ធ្លាក់ចុះពីកម្រិត​៩%នៅ​ក្នុង​ឆមាសទី១​​ឆ្នាំមុន។

ដោយឡែក របាយការណ៍ទីផ្សារការងារ​ប្រចាំខែ​របស់​ក្រសួងការអាមេរិក ដែលបាន​ចេញផ្សាយ​នៅថ្ងៃទី ៤សីហា បាន​បង្ហាញថា ការជួលបុគញគល​មានការថយចុះ​នៅក្នុងខែមិថុនា ប៉ុន្ដែ អត្រាគ្មានការងារធ្វើ គឺស្ថិតនៅក្នុងកម្រិត ៣,៥% ដែលនៅតែមានល្បឿនយឺតនៅឡើយ។ ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់ធនាគារកណ្ដាលអាមេរិកបានកត់សម្គាល់ឃើញថា នៅតែមានការងារ​ច្រើនទៀតដែលនៅទំនេរ​ ច្រើនជាងចំនួនកម្មករ​ដែលធ្វើការងារនៅក្នុង​វិស័យនោះ។

ទន្ទឹមនឹងនេះ ធនាគារនានា​ក៏បន្ដ​បង្កើន​ការផ្ដល់កម្ចី ទៅកាន់​ក្រុមគ្រួសារពលរដ្ឋ និងអាជីវកម្ម ទោះបីជា​ការផ្ដល់កម្ចីទាំងនោះ មានល្បឿនយឺតជាង​មុនក្ដី៕

អត្ថបទ៖ សុខ​ ជា




អត្ថបទបន្ទាប់


ទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រារព្ធខួបលើកទី៧៨ឆ្នាំ ក្រោយរងគ្រោះដោយគ្រាប់បែកនុយក្លេអ៊ែរ និងអំពាវនាវឱ្យ ពិភពលោក «គ្មាននុយក្លេអ៊ែរ»

ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា បានប្រារព្ធខួបលើកទី៧៨ឆ្នាំ ចំពោះសោកនាដកម្មប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានក្លាយប្រទេសដំបូងគេបង្អស់ត្រ…

ពលរដ្ឋនៅក្នុងប្រទេសឡាវ កំពុងបន្ដរងផលប៉ះពាល់ ខណៈអត្រាអតិផរណានៅតែមានក្នុងកម្រិតខ្ពស់

នៅក្នុងរយៈពេល៦ខែកន្លងមកនេះ របាយការណ៍បានអះអាងថា តម្លៃទំនិញនិងសេវាកម្មនៅក្នុងប្រទេសឡាវបានកើនឡើងរហូតដល់ទៅជាង ៣៨% ។ ជាមួយនឹងអត្រានេះ ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ