
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច ដែលបានដឹកនាំក្រុមទីប្រឹក្សាសិក្សាលទ្ធភាពផ្នែកសេដ្ឋកិច្ច និង បច្ចេកទេស លើគម្រោងបង្កើតផ្សាររាត្រីនៅក្រុងបាត់ដំបងនេះ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ផ្សារដែលចាប់ផ្តើមសិក្សាសម្រាប់ការសាងសង់តាំងពីឆ្នាំ២០១៦មួយនេះ ត្រូវបាននិងកំពុងសាងសង់ឡើងនៅលើផ្ទៃដី ជាង៧,០០០ម៉ែត្រការ៉េ ជាមួយនឹងចំនួនតូប ១០០តូប នឹងអាចជួលដល់អាជីវករមួយតូបតម្លៃប្រមាណ ២០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ ខណៈដែលទំហំតូបមាន២ម៉ែត្រx២,២០ម៉ែត្រ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងពេលវេលាខ្ញុំមិនបានដឹងច្បាស់នោះទេ ប៉ុន្តែ ផ្សារនេះ បានសាង់សង់ជិតរួចរាល់ហើយ នឹងប្រហែលជាសម្ពោធនៅមុនថ្ងៃបោះឆ្នោតជាតិឆ្នាំ២០១៨»។

លោកបន្តថា ផ្សារនេះមានលក្ខណៈពិសេស ពីព្រោះ ស្ថិតតំបន់ល្អ ដែលមានពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើន ដើរឆ្លងកាត់ ព្រមទាំងអនុញ្ញាតឲ្យអាជីវករអាចយកផលិតផលរបស់រោងសិប្បកម្ម ផលិតផលកសិកម្ម និង ផលិតផលក្នុងស្រុកជាច្រើនទៀត មកដាក់លក់ផងដែរ។
បើតាមការបញ្ជាក់ពី រដ្ឋបាលក្រុងបាត់ដំបង គិតត្រឹមចុងឆ្នាំ២០១៧កន្លងទៅ បាត់ដំបង មានផ្សារសរុបចំនួន ១៥កន្លែង នៅក្នុងក្រុង ក្នុងនោះ ផ្សារទំនើបចំនួន២ ផ្សារធំៗចំនួន៣ និងផ្សារតូចៗចំនួន១០ ខណៈដែល ផ្សាររាត្រីលក់ចំណីអាហារ មានចំនួន ២កន្លែង ផ្ទះល្វែងលក់ចំណីអាហារមានចំនួន១៦កន្លែង និងផ្ទះល្វែងលក់វត្ថុ អនុស្សាវរីយ៍មានចំនួន ៥កន្លែង។

សូមជម្រាបថា បច្ចុប្បន្នខេត្តបាត់ដំបង បានក្លាយជាទិសដៅទេសចរណ៍បែបប្រវត្តិសាស្ត្រ និងធម្មជាតិមួយ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅទស្សនា ខណៈដែលខេត្តនៅភាគពាយព្យនៃប្រទេសកម្ពុជាមួយនេះ ត្រូវបានគេស្គាល់ថា ជាក៏ជាខេត្តជង្រុកស្រូវដ៏ធំជាងគេរបស់កម្ពុជាផងដែរ៕