ការព្រមានពីការផ្ទុះឡើងនៃករណីឆ្លងកូវីដ១៩ខ្លាំងក្លារបស់រដ្ឋអំណាចទីក្រុងប៉េកាំងនេះ ធ្វើឡើងបន្ទាប់ពីមានការរឹតបន្តឹងជាថ្មី ដើម្បីទប់ស្កាត់កូវីដ ១៩ នៅក្នុងទីក្រុងប៉េកាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៩មិថុនាមក ដោយយ៉ាងហោចណាស់សង្កាត់ចំនួនពីរបានបិទកន្លែងកម្សាន្តមួយចំនួនបន្ទាប់ពីរកឃើញការផ្ទុះកូវីដ១៩ នៅក្នុងកន្លែងហាងផឹកស៊ី ផ្សារទំនើប និងស្ថានទូត នៅក្នុងសង្កាត់ទាំងនោះផងដែរ។
លោក Xu Hejian អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានប្រាប់សន្និសីទសារព័ត៌មានថា ការផ្ទុះឡើងនាពេលថ្មីៗនេះមានការរីករាលដាលយ៉ាងឆាប់រហ័សពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលចិនលោក Liu Xiaofeng បាននិយាយថា ទីក្រុងប៉េកាំងបានបិទខ្ទប់កន្លែងថ្មីចំនួន ៤៦ កន្លែងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដែលមនុស្សទាំងអស់ត្រូវស្ថិតនៅបរិវេនក្នុងផ្ទះ និង ស្ថិតក្រោមការគ្របគ្រង់របស់អាជ្ញាធរ។
គួររំឭកថា ទីក្រុងប៉េកាំងទើបតែបានបន្ធូរបន្ថយការទប់ស្កាត់កាលពីរសប្តាហ៍មុន ដែលត្រូវបានដាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងករណីឆ្លងកូវីដ១៩ធ្ងន់ធ្ងរ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។ រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងមានករណីវិជ្ជមានចំនួន ១១៥ និង អ្នកពាក់ព័ន្ធចំនួនជាង ៦ ពាន់នាក់ត្រូវបានរាយការណ៍ថា គឺមានពាក់ព័ន្ធនឹងករណីឆ្លងនៅក្នុងហាងផឹកស៊ី ដែលធ្វើឱ្យទីក្រុងដែលមានមនុស្សចំនួន ២២ លាននាក់ត្រឡប់ទៅក្នុងស្ថានភាពនៃការរឹតបន្តឹងឡើងវិញ។
ដោយឡែក នៅទីក្រុងស៊ាងហៃ មន្ត្រីបានប្រកាសពីករណីឆ្លងថ្មីក្នុងស្រុកចំនួន ៣ ករណី និង ករណីគ្មានរោគសញ្ញាចំនួនមួយករណី ដែលត្រូវបានរកឃើញនៅខាងក្រៅតំបន់បិទខ្ទប់កាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកស្រុកជិត ២៥ លាននាក់ក្នុងទីក្រុងបានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំរកមេរោគកូវីដ១៩។ គួរបញ្ជាក់ថា អាជ្ញាធរបានបញ្ជាឱ្យធ្វើតេស្ត PCR សម្រាប់អ្នកស្រុកចំនួន ១៦ សង្កាត់ក្នុងទីក្រុងស៊ាងហៃនៅចុងសប្តាហ៍នេះ ហើយសង្កាត់ចំនួន ៥ បានរារាំងពលរដ្ឋមិនឱ្យចាកចេញពីផ្ទះក្នុងអំឡុងពេលធ្វើតេស្តនោះទេ។
ទន្ទឹមនឹងនោះ មន្ត្រីក្នុងទីក្រុងបានគូសបញ្ចាក់ថា ពលរដ្ឋនឹងត្រូវបញ្ចប់ការធ្វើតេស្ត PCR យ៉ាងហោចណាស់សង្កាត់ ១ ក្នុងមួយសប្តាហ៍ ហើយនឹងបញ្ចប់ការធ្វើតេស្តទាំងអស់នៅត្រឹមថ្ងៃទី ៣១ ខែកក្កដា។
ទោះយ៉ាងណា បើប្រៀធៀបនឹងប្រទេសជាច្រើននៅជុំវិញពិភពលោក អត្រាឆ្លងនៃមេរោគកូវីត ១៩ របស់ប្រទេសចិន គឺមានកម្រិតទាបនៅឡើយ ខណៈចិនកំពុងអនុវត្តគោលនយោបាយគ្មានកូវីដយ៉ាងតឹងរ៉ឹងជាប្រទេសណាណាទាំងអស់។ រហូតមកដល់ពេលនេះ ប្រទេសចិន ដែលមានប្រជាជនសរុបចំនួន ១ពាន់៤រយលាននាក់នោះ មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ ត្រឹមតែជាង ៥ ពាន់អ្នកប៉ុណ្ណោះ និងមានករណីឆ្លងសរុបជាង២២ម៉ឺននាក់៕