ទោះយ៉ាងណា ប្រធានាធិបតីអាមេរិក ចូ បៃឌិនអះអាងថា ដ្បិតតែអតិផរណាអាចនឹងធ្លាក់ចុះវិញក៏ពិតមែន ប៉ុន្ដែប្រជាជននឹងនៅតែបន្ដរងផលប៉ះពាល់នៅឡើយ។ ដំណឹងនៃការធ្លាក់ចុះអតិផរណានេះទៀតសោត អាចជារឿងល្អមួយដែរ សម្រាប់ប្រធានាធីបតីអាមេរិកចូបៃឌិន ដើម្បីមានទឹកមាត់លេបខ្លះសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលជិតចូលមកដល់។ នេះបើតាមសាព័ត៌មានអន្តរជាតិធំៗជាច្រើន។
របាយការណ៍ពីក្រសួងការងារអាមេរិកបង្ហាញថា ជាមួយនឹងតម្លៃថាមពលធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះដល់អត្រាប្រចាំឆ្នាំ ៨,៥% កាលពីខែមុន ដែលកំរិតនេះ គឺកំរិតដែលប្រសើរជាងអ្វីដែលគេបានព្យាករណ៍ទៅទៀត។ យ៉ាងណាក៏ដោយ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅក្នុងខែកក្កដា មិនមានការប្រែប្រូលដូចនឹងអត្រាអតិផរណាឡើយ បើគេធៀបទៅនឹងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កាលពីខែមិថុនា។
គេនៅចាំបានថា កាលពីប៉ុន្មានខែមុនសេដ្ឋកិច្ចអាមេរិកជួបនឹងភាពរង្គោះរង្គើស្ទើរតែធ្លាក់ទៅក្នុងមាត់ជ្រះនៃវិបត្តិទៅហើយ ពោលគឺអត្រាអតិផរណាបានហក់ឡើងដល់អត្រា៩,១% កាលពីមិថុនា ជាអត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រអស់ពេល៤០ឆ្នាំមកហើយ ហើយបានថយចុះមកនៅនឹងត្រឹម៨,៥% កាលពីខែសីហា។ កាលនោះមានកត្តាជាច្រើនដែលបង្កឲ្យអតិផរណាកើនខ្ពស់យ៉ាងដូច្នេះ ដូចជា ការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះខ្លាំង ព្រោះពលរដ្ឋខំសន្សំប្រាក់មកវិញ បន្ទាប់ពីផលប៉ះពាល់នៃកូវីដ១៩ដ៏ធ្ងន់ធ្ងរនៅអាមេរិក។ ក្រោយមកទៀតសង្គ្រាមនៅអ៊ុយក្រែនក៏ផ្ទុះឡើង បានជះឥទ្ធិពលយ៉ាងដំណំដល់ខ្សែចង្វាក់ផ្គត់ផ្គង់។
អ្នកជំទាស់នឹងលោកចូ បៃឌិន បានចោទប្រកាន់ប្រធានាធិបតីរូបនេះថា ជាអ្នកធ្វើឱ្យអតិផរណាកើនឡើង ដោយសារលោកបានបញ្ចេញកញ្ចប់ទឹកប្រាក់ជំនួយសង្គ្រោះដល់ពលរដ្ឋ ដែលរងគ្រោះដោយសារកូវីដ១៩ក្នុងតម្លៃច្រើនជ្រុល ពោលគឺកញ្ចប់សង្គ្រោះមានទឹកប្រាក់ដល់ចំនួន ១,៩ទ្រីលានដុល្លារ ដែលបានអនុម័តកាលពីខែមីនាឆ្នាំមុន ភ្លាមៗបន្ទាប់ពីលោកចូលកាន់តំណែង។
យ៉ាងណាក៏ដោយចុះ លោក ចូ បៃឌិន បានអះអាងកាលពីថ្ងៃទី ៩ ខែសីហាថា ដ្បិតអតិផរណាបង្ហាញពីភាពថមថយចុះជាងមុនក្ដី ប៉ុន្ដែ នៅមានការងារជាច្រើនទៀត ដែលរដ្ឋាភិបាលអាមេរិកត្រូវធ្វើ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។ ប្រធានាធិបតីអាមេរិករូបនេះ បញ្ជាក់បន្ថែមថា ឥឡូវនេះ អាមេរិកកំពុងប្រឈមនឹងបញ្ហាប្រឈមជាសាកល រាប់តាំងពីវិបត្តិសង្គ្រាមនៅអឺរ៉ុប ធ្វើឲ្យរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងបញ្ហាការរាតត្បាតកូវីដ១៩ បង្កឲ្យមានការបិទខ្ទប់នៅក្នុងតំបន់អាស៊ីជាដើម ហើយសេដ្ឋកិច្ចអាមេរិក ក៏អាចនឹងប្រឈមបញ្ហាព្យុះភ្លៀងធ្ងន់ធ្ងរជាច្រើនទៀត នៅក្នុងពេលប៉ុន្មានខែទៅមុខទៀតនេះ។
ចំណែក គណបក្សសាធារណរដ្ឋបានបន្តការរិះគន់ចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោកបៃឌិនថែមទៀត ដោយព្រមានថា ការអនុម័តច្បាប់ស្ដីពីអាកាសធាតុ និងសុខាភិបាល កាលពីថ្ងៃ៧ សីហា របស់ព្រឹទ្ធសភា ជាមួយកញ្ចប់ថវិកាដ៏សម្បើមនោះ ក៏នឹងទទួលបានផល ផ្ទុយពីគោលបំណងដែលគេចង់បានផងដែរ។
ទោះយ៉ាងណាលោកប្រធានាធិបតីនៅតែទទូចថាគោលនយោបាយសេដ្ឋកិច្ចរបស់លោកកំពុងដំណើរការយ៉ាងប្រសើរ។ បន្ថែមពីលើអតិផរណាផ្តើមថមយ ការងារក៏កំពុងកើនឡើងវិញ ហើយប្រាក់ឈ្នួលកំពុងកើនឡើងដូចគ្នា។ នេះបើតាមការអះអាងរបស់លោកចូបៃឌិន។
សូមបញ្ជាក់ថា បើតាមការះអាងរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិក កាលពីថ្ងៃទី ១០ សីហា បានឲ្យដឹងថា ច្បាប់ស្ដីពីការកាត់បន្ថយអតិផរណារបស់អាមេរិក នឹងត្រូវសភាអាមេរិក អនុម័តនៅថ្ងៃទី ១២ ខែសីហាផងដែរ៕