នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់ មេដឹកនាំប្រទេសបួនក្នុងចំណោមប្រាំពីរនៃក្រុមប្រទេស G7 បានសម្រេចហាមឃាត់ការនាំចូលមាសរបស់រុស្ស៊ីដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូបន្ថែមទៀត គឺដើម្បីកាត់ផ្តាច់មធ្យោបាយហិរញ្ញប្បទានដល់សេដ្ឋកិច្ចវិមានក្រឹមឡាំង ក្នុងការបន្តធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនបន្តទៀត។
ដោយឡែក ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន និងកាណាដាក៏បានយល់ព្រមលើការហាមឃាត់ការនាំចូលមាសពីរុស្សីផងដែរ។
ចក្រភពអង់គ្លេសបានបញ្ជាក់ថា ការហាមឃាត់ថ្មីនេះ គឺសំដៅទៅលើអ្នកមានទ្រព្យស្តុកស្តម្ភរបស់រុស្ស៊ី ដែលបាននិងកំពុងទិញមាសប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុពីទណ្ឌកម្មរបស់លោកខាងលិច។ ហើយការនាំចេញមាសរបស់រុស្ស៊ីមានតម្លៃដល់ទៅជាង ១៥ ពាន់លានដុល្លារកាលពីឆ្នាំមុន។
មួយវិញទៀត មេដឹកនាំប្រទេស G7 ក៏បានយល់ព្រមសន្យាបញ្ចេញកញ្ចប់ទឹកប្រាក់ចំនួន ៦០០ ពាន់លានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន និងដោះស្រាយលើផលប៉ះពាល់ដែលកើនឡើងតម្លៃស្បៀងអាហារ និងថាមពលនៅលើពិភពលោកថែមទៀតផង។
គួរជម្រាបថា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្គូល (Olaf Scholz) ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ G7 នេះ បានអញ្ជើញប្រទេសសេណេហ្គាល់ អាហ្សង់ទីន ឥណ្ឌូនេស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ជាប្រទេសដៃគូនៅក្នុងកិច្ចប្រជុំកំពូលនេះដែរ។ ស្របពេលដែល ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកបានសំដែងពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិចទៅមកលើរុស្ស៊ី។
ទោះបីជាបែបនេះក្តី មន្ត្រីសហភាពអឺរ៉ុបមួយរូបបានថ្លែងថា ប្រទេស G7 នឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហាទណ្ឌកម្មទាំងនេះ ជាមួយប្រទេសដៃគូរបស់ខ្លួនផងដែរ ហើយមន្ត្រីសហភាពអឺរ៉ុបដដែលនេះ ក៏បាននិយាយការពារប្លុករបស់ខ្លួនថា ការកើនឡើងតម្លៃអាហារសាកល គឺជាលទ្ធផលនៃសកម្មភាពរបស់រុស្ស៊ីទេ មិនមែនដោយសារតែទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់លើរុស្ស៊ីនោះឡើយ។
យ៉ាងណាក៏ដោយ នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំទ្វេភាគីក្រៅពីកិច្ចប្រជុំ G7 លោក Biden បានថ្លែងអំណរគុណដល់លោក ស្គូល Scholz អធិការបតីអាល្លឺម៉ង់ ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំលើបញ្ហាអ៊ុយក្រែន ហើយលោកបានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបរាជ័យរួចទៅហើយ ក្នុងការបំបែកសាមគ្គីភាពរបស់ក្រុមប្រទេស G7។
លោក Biden បានបញ្ជាក់ថា "លោកពូទីនប៉ានស្មានខុសតាំងដំបូងម្ល៉េះ ថា ណាតូ និង G7 នឹងបែកបាក់គ្នា តែលោកថា វាមិនអាចកើតឡើងបានទេ ហើយយើងក៏មិនឲ្យរឿងនោះកើតឡើងបានដែរ។
ក្រោយពីបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រទេស G7 គេរំពឹងថា មេដឹកនាំនៃប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរនេះ នឹងពិភាក្សាអំពីជម្រើសសម្រាប់ដោះស្រាយនៃការកើនឡើងតម្លៃថាមពល និងការជំនួសការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ក៏ដូចជាការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្សី នឹងមិនធ្វើឱ្យមានប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់ប្រជាជនរបស់ពួកគេផ្ទាល់នោះឡើយ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ