ចំណាប់អារម្មណ៍របស់វិនិយោគិន កំពុងតែធ្លាក់ចុះសម្រាប់ការវិនិយោគលើធនាគារខ្នាតតូចមួយចំនួននៅប្រទេសចិន ដែលកំពុងរងផលប៉ះពាល់ខ្លាំងជាងធនាគារធំៗ ដែលគាំទ្រដោយរដ្ឋចិន ដោយការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសនេះ និងស្ថានភាពបំណុលអាក្រក់នៅតាមធនាគារតូចៗជាច្រើនកំពុងកើនឡើង។ បំណុលអាក្រក់ ឬឥណទានមិនដំណើរការ គឺសម្ដៅលើឥណទាន ដែលអ្នកខ្ចីមិនមានលទ្ធភាពសង ឬមិនបានសងត្រឡប់លើសពី៣ខែ។ តួយ៉ាងដូចជាធនាគារ China Bohai Bank ដែលបានចុះបញ្ជីនៅក្រុងហុងកុង មានមូលដ្ឋាននៅក្នុងទីក្រុងធៀនជីន (Tianjin) នៅជិតទីក្រុងប៉េកាំងប្រទេសចិនបានរាយការណ៍ថា នៅឆមាសទី១ឆ្នាំនេះ ធនាគារនេះ មានប្រាក់ចំណេញសុទ្ធត្រឹមតែប្រមាណ ៥៦០លានដុល្លារប៉ុណ្ណោះនៅឆមាសទី១ឆ្នាំនេះ ពោលគឺបានធ្លាក់ចុះជិត ៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក មីង ធៀន (Ming Tian) ដែលដឹកនាំការវិភាគធនាគារចិនជាមួយក្រុមហ៊ុន S&P Global Ratings បាននិយាយនៅក្នុងហេតុមួយកាលពីចុងខែសីហាថា ធនាគារនេះកំពុងប្រឈមនឹងសម្ពាធហិរញ្ញវត្ថុ ដោយសារការផ្ដល់កម្ចីរបស់ខ្លួននៅតាមតំបន់ភាគខាងជើង និងភាគឦសាននៃប្រទេសចិនមានការចុះខ្សោយ។
ទីក្រុងតូចៗជាច្រើនមានគម្រោងលំនៅឋានជាប់គាំង ខណៈដែលកំណើនសេដ្ឋកិច្ចចុះខ្សោយកំពុងប៉ះពាល់ដល់ហិរញ្ញវត្ថុគ្រួសារ ហើយនេះគឺជាដំណឹងអាក្រក់សម្រាប់ធនាគារតូចៗ ដែលភាគច្រើនបានរងផលប៉ះពាល់ទ្វេដង ចំពោះទីផ្សារអចលនទ្រព្យ ក្នុងតំបន់តាមរយៈការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះ។
ធនាគារ Standard Chartered ដែលជាម្ចាស់ភាគហ៊ុនធំជាងគេទី៣របស់ធនាគារ Bohai Bank កំពុងកាត់បន្ថយការវិនិយោគរបស់ខ្លួនទៅលើស្ថាប័នផ្តល់ប្រាក់កម្ចីក្នុងតំបន់ ដោយសារការព្រួយបារម្ភពីគុណភាពបំណុលសាជីវកម្ម និងបុគ្គល។ នេះបើយោងតាមលោក សាលីម រ៉ាសវី (Saleem Razvi) ប្រធានមន្ត្រីហិរញ្ញវត្ថុសម្រាប់ធនាគារ Standard Chartered។
ធនាគារ Standard Chartered ដែលកាន់កាប់ភាគហ៊ុនជាង១៦%នៅក្នុងធនាគារ Bohai គិតត្រឹមដំណាច់ខែមិថុនា បានឃើញប្រាក់ចំណេញរបស់ខ្លួនដែលទទួលបានពីធនាគារ Bohai របស់ចិនធ្លាក់ចុះ៥១លានដុល្លារ បើធៀបនឹងឆមាសទី១នៃឆ្នាំ២០២២។ នេះបើតាមទិន្នន័យប្រាក់ចំណូលបណ្តោះអាសន្នរបស់ធនាគារចក្រភពអង់គ្លេសមួយនេះបានបង្ហាញ។
បំណុលអាក្រក់ ឬឥណទានខូច ដែលបានមកពី ក្រុមហ៊ុនអភិវឌ្ឍន៍បានហក់ឡើងដល់ជិត៥% ខណៈបំណុលអាក្រក់ ដែលបានមកពីបុគ្គលដែលជាអ្នកខ្ចីប្រាក់ទិញផ្ទះ នៅក្នុងធនាគារ Bohai Bank របស់ចិន បានហក់ឡើងដល់ ជិត២៧%។
សូមបញ្ជាក់ថា បើតាមការសិក្សារបស់ Nikkei Asia ដែលបានពិនិត្យលើធនាគារចំនួន២០ ក្នុងចំណោមធនាគារចំនួន៣០ ដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនហុងកុងបង្ហាញថា មានធនាគារចំនួន១៤ ដែលបង្ហាញពីឥណទានមិនដំណើរការកើនឡើង នៅក្នុងប្រាក់កម្ចីទិញផ្ទះ ធៀបនឹងចុងឆ្នាំ២០២២ ដោយមានអត្រាខ្ពស់បំផុតដល់ទៅ ៦០%។ ធនាគារចំនួន១៣បានរាយការណ៍អំពី បំណុលអាក្រក់របស់ពួកគេកើនឡើង នៅក្នុងឥណទានដែលផ្ដល់ទៅឲ្យអ្នកអភិវឌ្ឍ។