Bitcoin បានហក់ឡើងថ្លៃរហូតដល់ជិត៨ម៉ឺន១ពាន់ដុល្លារអាម៉េរិក ក្នុងមួយកាក់ ដែលជាកម្រិតកំណត់ត្រាមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ ការហក់ឡើងថ្លៃយ៉ាងគំហុកនេះបង្ហាញថា បណ្ដាវិនិយោគិនមានការរំពឹងទុកខ្ពស់ថា Bitcoin នឹងបន្តហក់ឡើងថ្លៃបន្ថែមទៀត ជាពិសេសក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះ។
នៅលើ Platform ជួញដូរគ្រីបតូដ៏ធំមានឈ្មោះថា Deribit ទំហំនៃការភ្នាល់បានបង្ហាញថា Bitcoin នឹងបន្តឡើងថ្លៃលើស៩ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយកាក់ បានឈានដល់ជាង២,៨ពាន់លានដុល្លារអាម៉េរិក ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា ទីផ្សារមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើគ្រីបតូ។ លើសពីនេះទៀត ការសន្យាជួយគាំទ្រគ្រីបតូពីសំណាក់លោក ដូណាល់ ត្រាំ រួមទាំងការបញ្ចុះអត្រាការប្រាក់ផង ក៏បានជួយជំរុញឱ្យមានសុទិដ្ឋិនិយមថា ទីផ្សាររូបិយប័ណ្ណគ្រីបតូនឹងបន្តហក់ឡើងផងដែរ។
ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាថានឹងធ្វើឱ្យសហរដ្ឋអាម៉េរិក ក្លាយជារដ្ឋធានីគ្រីបតូនៃភពផែនដី។ ការសន្យារបស់លោក ដូណាល់ ត្រាំ ចំពោះសហគមន៍គ្រីបតូ រួមមានការបង្កើតទុនបម្រុងគ្រីបតូក្នុងទំហំ១៦ពាន់លានដុល្លារអាម៉េរិក និងការបញ្ចុះអត្រាការប្រាក់ផងដែរ។ សូមបញ្ជាក់ថា ជាធម្មតា ការបញ្ចុះអត្រាការប្រាក់នឹងធ្វើឱ្យគ្រីបតូហក់ឡើងថ្លៃ៕
ដោយ: តែម សុខុម