តាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg ការដឹកជញ្ជូនកាហ្វេតាមកប៉ាល់ពីប្រទេសវៀតណាម ដែលជាប្រទេសអ្នកដាំកាហ្វេរ៉ូប៊ូស្តារដ៏ធំ បានបន្តធ្លាក់ចុះជាលំដាប់ នេះមិនមែនដោយសារតែវៀតណាមដាំដុះមិនបាននោះទេ ប៉ុន្តែមានមូលហេតុធំៗចំនួន៣ ដែលនៅពីក្រោយបញ្ហានេះ ដូចជា៖
ទី១- កសិករនៅវៀតណាមមួយចំនួនចាប់ផ្តើមបោះបង់ការដាំដុះដំណាំកាហ្វេ
តម្លៃគ្រាប់កាហ្វេចុះថោក មិនអាចទូទាត់ថ្លៃកម្លាំងពលកម្មនិង ថ្លៃចំណាយការដាំដុះបាន ធ្វើឲ្យកសិករវៀតណាមមួយចំនួនបោះបង់ការដាំដុះដំណាំកាហ្វេ។
ទី២- បញ្ហាខ្វះខាតទូកុងតឺន័រសម្រាប់ដឹកជញ្ជូន
បើតាមលោក ផាន ហួងអាញ់ (Phan Hung Anh) នាយកប្រតិបត្តិនៃក្រុមហ៊ុនទិញលក់កាហ្វេមួយកន្លែងក្នុងខេត្ត ប៊ិញដុង ភាគខាងត្បូងប្រទេសវៀតណាមបានឲ្យដឹងថា ពុំមានអ្នកណាចង់បញ្ជាទិញគ្រាប់កាហ្វេពីប្រទេសវៀតណាមទៀតនោះទេ ទោះបីវៀតណាមមានគ្រាប់កាហ្វេសម្រាប់លក់ក៏ដោយ។ នេះក៏ដោយសារតែអ្នកនាំចូលកាហ្វេពីវៀតណាមទៅ ពិបាកនឹងទទួលបានប្រាក់ចំណេញ ដោយសារតែការដឹកជញ្ជូនមានតម្លៃថ្លៃពេក។
ការដឹកជញ្ជូនតាមទូកុងតឺន័រពីវៀតណាមទៅកាន់តំបន់អឺរ៉ុប ត្រូវចំណាយយ៉ាងហោចណាស់ ១ម៉ឺនដុល្លារក្នុងមួយទូកុងតឺន័រ ដែលតម្លៃនេះបានកើនឡើង៦ ទៅ៧ដងឯណោះ បើធៀបនឹងឆ្នាំ២០២០។
ទី៣- ភាពមិនប្រាកដប្រជានៃវិបត្តិកូវីដ១៩ក្នុងប្រទេសវៀតណាម
ខេត្តទាំង៥នៃតំបន់តំបន់ខ្ពង់រាបភាគកណ្តាល ដែលជាតំបន់ដាំដុះកាហ្វេធំជាងគេរបស់ប្រទេសវៀតណាម បានរកឃើញករណីឆ្លងកូវីដ១៩កើនឡើងយ៉ាងលឿនរហ័សពី ១០ករណីដល់ជាង ៣០០ករណីក្នុងពេលត្រឹមមួយសប្តាហ៍ចុងក្រោយ។ នេះបើតាមទិន្នន័យពីក្រសួងសុខាភិបាលវៀតណាម។
ជាមួយគ្នានេះវិធានការណ៍បិទខ្ទប់ ដែលតម្រូវឲ្យពលរដ្ឋស្នាក់នៅតែក្នុងផ្ទះ បានរារាំងកសិករពីការដាំដុះកាហ្វេពីមួយថ្ងៃទៅមួយថ្ងៃ ដែលប្រការនេះនឹងឈានទៅធ្វើឲ្យមានការពន្យារពេលក្នុងការប្រមូលផលកាហ្វេ ហើយព្រមទាំងធ្វើឲ្យការផ្គត់ផ្គង់កាហ្វេមិនទាន់តម្រូវការតែម្តង។
សូមជម្រាបថា កាលពីឆ្នាំ២០២០ វៀតណាមជាប្រទេសនាំចេញគ្រាប់កាហ្វេគិតជាទឹកប្រាក់មានច្រើនជាងគេលំដាប់ទី៥ក្នុងពិភពលោក ជាមួយនឹងចំនួនទឹកប្រាក់ប្រមាណជាង ២ពាន់៣រយលានដុល្លារអាមេរិក តាមពីក្រោយប្រទេសធំៗចំនួន៤ទៀត រួមមាន ប្រេស៊ីលនៅលំដាប់ទី១ ស្វីសឈរនៅលេខ២ អាល្លឺម៉ង់លេខ៣ និងកូលំបីឈរនៅលេខ៤។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ World’s Top Export ដែលតាមដាននឹងកត់ត្រាពីការនាំចេញផលិតផលនានាពីប្រទេសជុំវិញពិភពលោក៕