នៅសប្ដាហ៍ទី៣ នៃខែសីហានេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានឈប់សម្រាករយៈពេល១សប្ដាហ៍ពេញ ប៉ុន្ដែបើបូកទាំថ្ងៃសោរ៍ អាទិត្យទៀត គឺការឈប់សម្រាកនេះមានរយៈពេលដល់ទៅ ៩ថ្ងៃឯណោះ ដោយការឈប់សម្រាកនេះ គឺធ្វើឡើងតាមការសន្យារបស់រាជរដ្ឋាភិបាល ដែលឈប់សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាលពីខែមេសាកន្លងនេះ។
លោក ស៊យ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា តាមការចុះស្រង់ទិន្នន័យពីអាជ្ញាធរលើផ្ទះសំណាក់សណ្ឋាគារនៅក្នុងខេត្តកំពតបានបង្ហាញឲ្យឃើញថា ការកក់បន្ទប់ស្នាក់នៅគឺមានសកម្មភាពកើនឡើងជាបន្ដបន្ទាប់ ដោយមកទល់ពេលនេះទទួលបានការកក់ពីភ្ញៀវប្រមាណ ៣០%ហើយ ពិសេសសេវាបន្ទប់ស្នាក់នៅនៅតាមដងព្រែក។ បើតាមប្រធានមន្ទីរទេសចរខេត្តកំពត នៅក្នុងខេត្តនេះ មានបន្ទប់សម្រាប់ជួលស្នាក់នៅជាង ៤ពាន់បន្ទប់ ក្នុងនោះ សណ្ឋាគារមានចំនួន ១២ កន្លែង ក្រៅពីនោះ ភាគច្រើនជាផ្ទះសំណាក់ និងបឹងហ្គាឡូ។
ទន្ទឹមនឹង ការកក់បន្ទប់ស្នាក់នៅកំពុងមានការកើនឡើងនេះដែរ អាជ្ញាធរខេត្តកំពតក៏បាននិងកំពុងចុះធ្វើការអប់រំផ្សព្វផ្សាយពីវិធានការនានាទៅដល់ម្ចាស់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តផងដែរក្នុងគោលដៅទប់ស្កាត់នូវការឆ្លងមេរោគកូវីដ-១៩ អំឡុងពេលពលរដ្ឋមកធ្វើដំណើរកម្សាន្ដនាសប្ដាហ៍ខាងមុខនេះ។ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅក្នុងខេត្តនេះ មានមូលដ្ឋានអាជីវកម្មមានប្រមាណ ៦០០ ទីតាំង ហើយអាជ្ញាធរបានចុះធ្វើការអប់រំផ្សព្វផ្សាយបានប្រមាណ ៩០%ហើយ។ លោកបន្ថែមថា ខេត្តកំពតមានតំបន់ទេសចរណ៍ចំនួន១៧ គោលដៅហើយនៅរយៈពេល២ខែចុងក្រោយនេះ ចំនួនភ្ញៀវទេសចរមកធ្វើដំណើរកម្សាន្ដក្នុងខេត្តកំពតបានហក់កើនឡើងទ្វេដង។
ជុំវិញនឹងការកក់បន្ទប់ស្នាក់នៅនេះដែរ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ងូវ សេងកាក់បានលើកឡើងដែរថា ចំពោះតួលេខជាក់ស្ដែង គឺខាងមន្ទីរទេសចរណ៍ខេត្តមិនទាន់បានប្រមូលអស់នៅឡើយទេ ប៉ុន្ដែតាមការត្រួតពិនិត្យជាបឋមឃើញថា ការកក់នៅមានចំនួនតិចតួចនៅឡើយទេ។
យ៉ាងណាក៏ដោយ លោក សេងកាក់បន្ថែមថា ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសដែលនឹងមកកម្សាន្ដនៅថ្ងៃឈប់សម្រាកនាសប្ដាហ៍ទី៣ នៃខែសីហានេះ អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងត្រៀមរៀបចំនូវកម្មវិធីជាច្រើនដូចជាជិះកង់ ជិះទូក ពិព័រណ៌ម្ហូបអាហារ និងកម្មវិធីធ្វើដំណើរទៅតាមគោលដៅទេសចរណ៍ផ្សេងៗទៀត។ ជាមួយគ្នានេះ អាជ្ញាធរខេត្តសៀមរាបក៏បាននិងកំពុងរៀបចំអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាក់ការចម្លងកូវីដ-១៩ ទៅកាន់ម្ចាស់អាជីវកម្មទេសចរណ៍នានាផងដែរ។
តាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍រូបនេះ សម្រាប់ខេត្តសៀមរាបក្នុងមួយខែៗ ទទួលបានភ្ញៀវទេសចរមកស្នាក់នៅប្រមាណជិត៣ពាន់នាក់ប៉ុណ្ណោះ ក្នុងនោះភ្ញៀវជាតិប្រមាណជាង១ពាន់នាក់ ខណៈបរទេសមានប្រមាណ ជិត២ពាន់នាក់។
សូមបញ្ជាក់ថា របាយការណ៍ថ្មីមួយពីក្រសួងទេសចរណ៍បានបង្ហាញថា នៅក្នុងខែកក្កដាកន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានធ្វើដំណើរកម្សាន្ដនៅទៅទាំងប្រទេសកម្ពុជាមានប្រមាណ ៧៤ម៉ឺននាក់ ដោយក្នុងនោះ ខេត្តកំពតទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រមាណជាងជាង១៤ម៉ឺននាក់ បន្ទាប់មកគឺខេត្តកែបទទួលបានជិត១២ម៉ឺននាក់ បន្ទាប់ពីនេះ គឺខេត្តកណ្ដាល កោះកុង, ព្រះវិហារ និងមណ្ឌលគីរី៕