
បុរី មេគង្គ លែន បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ប្រគេនជូនដល់ព្រះសង្ឃ ចំនួន ២៥០អង្គ ដែលគង់នៅ វត្តប្រាសាទស្រះកណ្តាលខ្ទាស់ និង ពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួនជាង១៥០នាក់ ព្រមទាំងកុមារកំព្រាចំនួន១២៣នាក់ ដែលស្នាក់នៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិខ្ទាស់ សង្កាត់បុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួម ជាកិត្តិយសយ៉ាងខ្ពង់ខ្ពស់ពី សំណាក់ លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និង លោក កែ សួនសុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផងដែរ ។

ការប្រាព្ធកម្មវិធីនេះឡើង ក្នុងគោលបំណង ជួយគិតគូរ និងការយកចិត្តទុកដាក់ អំពីបញ្ហាសុខភាព ដល់អ្នកខ្វះខាតដូចជា ព្រះសង្ឃ ចាស់ជរា ជាពិសេស ក្មេងៗកុមារកំព្រា ដែលកំពុងតែជួបនូវការខ្វះខាត ពុំមានលទ្ធភាព ឬពុំមានពេលគ្រប់គ្រាន់ ក្នុងការទៅត្រួតពិនិត្យ និងព្យាបាលអោយទាន់ពេលវេលា លើបញ្ហា ត្រចៀក ច្រមុះ បំពង់ក ដែលជាទីតាំងសំខាន់សម្រាប់សរីរាង្គ របស់មនុស្សគ្រប់រូប ។

គួរបញ្ជាក់ផងដែរថាមណ្ឌល កុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ទាស់ គឺជាមណ្ឌលសម្រាប់ជាការស្នាក់នៅរយៈពេលយូអង្វែងដែលផ្តល់អ្វីៗទៅតាមតម្រូវការចាំបាច់ សម្រាប់ការអភិវឌ្ឍន៍របស់កុមារ ដែលបានបាត់បង់ឪពុក ឬម្តាយ ឬបាត់បង់ទាំងឪពុកនិងម្តាយបង្កើត កុមារកំព្រារ កុមារទំនាស់ជាមួយច្បាប់ កុមាររស់នៅក្នុងគ្រួសារក្រីក្រ កុមារពិការ កុមារអនាថា កុមារទទួលផលប៉ះពាល់ដោយសារគ្រឿងញៀន ជាដើម។ល។


កន្លងមកយើងតែងសង្កេតឃើញ ជារឿយៗថា បុរី មេគង្គ លែន មិនត្រឹមតែបានចូលរួមក្នុងការអភិវឌ្ឍន៍ផ្នែកអចនលទ្រព្យអោយកាន់តែរីកចម្រើនប៉ុណ្ណោះទេ ក្នុងនោះយើងបានសង្កេតឃើញថាបុរីបានផ្តល់ការងារជាច្រើនកន្លែង ដល់បុគ្គលិក កម្មករ និយោជិក ស្របពេលដែលបុរី មានការលូតលាស់និង ឈានទៅមុខយ៉ាងឆាប់រហ័ស ផងដែលនោះធ្វើអោយបុរី តែងតែជួយគិតគូ និងយកចិត្តទុកដាក់ខ្ពស់ដល់សង្គមជាតិក្នុងការងារមនុស្សធម៌ ដើម្បីចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល ការផ្តល់ជំនួយប្រាក់ឧបត្ថម្ភសប្បុរសធម៌ ទៅតាមកម្មវិធីផ្សេងៗ មិនដែលអាក់ខាន មិនថានៅក្នុងរាជធានី ឬ តាមបណ្តាខេត្ត ជាក់ស្តែងដូចជា ការផ្តល់ជំនួយសម្រាប់ កម្មវីធីនៅក្នុងថ្ងៃនេះជាដើម ។
