អាជ្ញាធរ និង អ្នកជំនាញសេដ្ឋកិច្ច នៅរដ្ឋម៉ារីឡែន សហរដ្ឋអាម៉េរិក បាននិយាយថា ការដួលរលំបាក់ស្ពាន Francis Scott Key បានបណ្តាលឲ្យមានការបិទផ្លូវចរាចរណ៍កប៉ាល់របស់កំពង់ផែ បាល់ទីម័រដែលជាកំពង់ផែមមាញឹកទី១៧នៅសហរដ្ឋអាម៉េរិកទាំងមូល។
សារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា ការរាំងស្ទះដោយសារតែឧបត្តិហេតុនេះ បានបង្កផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងសម្រាប់រដ្ឋមួយនេះ ជាពិសេសគឺទីក្រុងបាល់ទីម័រតែម្តង ហើយគេបានប៉ាន់ប្រមាណថា ប្រសិនបើបញ្ហាមិនអាចដោះស្រាយបានទេ ទីក្រុងនេះនឹងខាតបង់ផលសេដ្ឋកិច្ច ក្នុងមួយថ្ងៃ១៥លានដុល្លារ ។
លោកស្រី ម៉ារី កាន ( Mary D. Kane ) ប្រធាន និងជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្ម រដ្ឋម៉ារីឡែនបាននិយាយថា ពលរដ្ឋ ៣ម៉ឺន៥ពាន់នាក់ បានប្រើប្រាស់ស្ពានដែលបាក់ ជារៀងរាល់ថ្ងៃ រីឯកំពង់ផែបាល់ទីម័រជាប្រភពការងារផ្ទាល់ដល់ពលរដ្ឋអាម៉េរិកលើសពី ១ម៉ឺន៥ពាន់នាក់និង អ្នកដែលទទួលផលដោយប្រយោលប្រមាណ១៤ម៉ឺននាក់ផ្សេងទៀត ។
លោកស្រីបានថ្លែងប្រាប់សារព័ត៌មានថា ផលប៉ះពាល់សេដ្ឋកិច្ចដែលនឹងត្រូវទទួលដោយទីក្រុងបាល់ទីម័រ និងរដ្ឋ ម៉ារីឡែន គឺធំធេង ។ មិនតែប៉ុណ្ណោះហេតុការណ៍នេះក៏នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចក៏ដូចជាខ្សែសង្វាក់ នៃការផ្គត់ផ្គងនៅតំបន់ឆ្នេរខាងកើតទាំងមូលរហូតដល់រដ្ឋមីស៊ីស៊ីពី។
មកដល់ពេលនេះគេដឹងថា កំពង់ផែបាល់ទីម័រ ក្នុងរដ្ឋម៉ារីឡែននេះ គឺជាប្រភពនៃកន្លែងនាំចូល រថយន្តច្រើនជាងកំពង់ផែផ្សេងទៀតនៅក្នុងសហរដ្ឋអាម៉េរិក ហើយក្រៅពីនោះវាក៏ជាមជ្ឈមណ្ឌលភស្តុភាកម្មមួយលើការដឹកជញ្ជូនធ្យូងថ្ម ឧស្ម័នធម្មជាតិ និង ជាចំណតនាវាទេសចរណ៍ផងដែរ។ ហើយការដួលរលំបាក់ស្ពាន Francis Scott Key នេះគឺជាគ្រោះមហន្តរាយដ៏ធំមួយ ហើយនឹងបង្កើតបញ្ហាសំខាន់ៗនៅឆ្នេរខាងកើតសហរដ្ឋអាម៉េរិកទាំងការនាំចូលនិងនាំចេញ៕
ដោយៈ សរ សុជាតិ