ការសិក្សាមួយដែលគេធ្វើឡើងពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា ប្រហែល៥១% នៃប្រជាជនអង់គ្លេស បានបង្ហាញការសោកស្តាយចំពោះការវិវត្តន៍ចុងក្រោយ នៃស្ថានភាពសេដ្ឋកិច្ចរបស់អង់គ្លេស ជាពិសេសពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។សារព័ត៌មានបរទេសធំៗបានចុះផ្សាយថា វិបត្តិការរស់នៅរបស់ពលរដ្ឋអង់គ្លេស អាចមានភាពប្រសើរឡើងបន្តិចម្តងៗ ប៉ុន្តែតម្លៃនៃការចំណាយប្រចាំថ្ងៃនៅតែមានបញ្ហាសម្រាប់ពលរដ្ឋមួយចំនួនធំ។
របាយការណ៍ស្ទង់មតិ ចុងក្រោយបំផុតរបស់ការិយាល័យស្ថិតិជាតិ និងនិន្នាការសង្គម បានគូសបញ្ជាក់ថា ប្រហែល៤៦% នៃមនុស្សពេញវ័យនៅចក្រភពអង់គ្លេស បានជួបបញ្ហាការកើនឡើងថ្លៃរស់នៅប្រចាំថ្ងៃ រវាងថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ ការស្ទង់មតិដែលគេបានធ្វើលើមនុស្សប្រមាណ២ពាន់នាក់ ដែលមានអាយុចន្លោះពី១៨ ទៅ៨០ឆ្នាំ បានបង្ហាញថា មានប្រហែល៤៦% គឺលែងមានលទ្ធភាពសន្សំប្រាក់ទុកទៀតហើយ។
ដោយឡែក ពលរដ្ឋ៤៣% បានអះអាងថា ការចំណាយរបស់ពួកគេកំពុងតែរឹតត្បិត ជាពិសេសលើរបស់ដែលគ្មានប្រយោជន៍ ខណៈដែល៣៤% កំពុងរៀនរឹតត្បិតការចំណាយ។ លើសពីនេះទៀត ការស្ទង់មតិបានរកឃើញថា ៥៨%នៃអ្នកឆ្លើយតបបានសារភាពថា ពួកគេមានការព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ដោយស្ត្រីមានការព្រួយបារម្ភច្រើនជាងបុរសជាមធ្យម គឺ១០%។ ដូចគ្នានេះ ៤៣%បាននិយាយថា ភាពតានតឹងនេះនាំឱ្យពួកគេមានការព្រួយបារម្ភគ្រប់ពេលវេលា ខណៈដែល៥៥% រាយការណ៍ពីជំងឺថប់បារម្ភ៕
ដោយៈ សរ សុជាតិ