អាជីវកម្ម

តើអាជីវកម្មត្រូវបត់បែន និងផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មបែបណា ដើម្បីធានាការរស់រានក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា?


ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ច ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងរងសម្ពាធពីព្យុះវិបត្តិសកល បាននិងកំពុងរុញច្រានឱ្យម្ចាស់អាជីវកម្មជាច្រើនធ្លាក់ខ្លួនចូលក្នុងស្ថានភាពមិនសូវល្អ ហើយអាជីវកម្មមួយចំនួនអាចប្រឈមនឹងការបិទទ្វារដោយសារតែអំណាចទិញស្រុតចុះខ្លាំង ក្រោយប្រជាពលរដ្ឋចាប់ផ្តើមរឹតត្បិត និងកាត់បន្ថយការចំណាយ។ នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ តើម្ចាស់អាជីវកម្មក្នុងស្រុកត្រូវធ្វើពិពិធកម្ម និងបត់បែនខ្លួនយ៉ាងដូចម្តេច ដើម្បីរក្សាលំនឹងអាជីវកម្មឱ្យបន្តរស់រាន?
អាជីវកម្ម
ដោយ

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានគូសបញ្ជាក់ថា នៅពេលជួបវិបត្តិសេដ្ឋកិច្ច ឬបញ្ហាអតិផរកើនឡើង អ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺអ្នកប្រកបអាជីវកម្មខ្នាតតូច ដោយសារពួកគេខ្វះខាតទុនបម្រុងសម្រាប់ទប់ទល់ពេលជួបវិបត្តិនានា។ បើតាមអ្នកជំនាញរូបនេះ ស្ថិតក្នុងបរិបទដែលសេដ្ឋកិច្ចមានបញ្ហាប្រឈម ហើយអំណាចទិញធ្លាក់ចុះ ម្ចាស់អាជីវកម្មចាំបាច់ត្រូវមានភាពបត់បែនខ្ពស់ ដើម្បីរក្សាលំនឹង និងការប្រកួតប្រជែងរបស់ខ្លួន។ ក្នុងនោះអ្នកប្រកបអាជីវកម្មត្រូវធ្វើពិពិធកម្មទីផ្សារ និងបន្ថែមផលិតផលដែលមានតម្លៃទាបជាងមុន, កាត់បន្ថយថ្លៃដើម និងសន្សំសំចៃប្រភពថាមពល, ពង្រឹងសាច់ប្រាក់បម្រុង និងពង្រឹងជំនាញឌីជីថលក្នុងអាជីវកម្មរបស់ខ្លួនជាដើម។ តែយ៉ាងណា បញ្ហានេះ ក៏ទាមទារឱ្យមានការជួយអន្តរាគមន៍ពីរដ្ឋផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នអាជីវកម្មមួយចំនួននៅកម្ពុជាកំពុងប្រឈមមុខនឹងការបិទទ្វារ ដោយសារការធ្លាក់ចុះអំណាចទិញយ៉ាងគំហុក ក្រោយពលរដ្ឋរឹតត្បិតការចំណាយ។ ​សម្រាប់អ្នកជំនាញរូបនេះ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ គឺទាមទារឱ្យមានកញ្ចប់អន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាល បើមិនដូច្នេះទេស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងត្រូវប្រឈមមុខនឹងការដុនដាបកាន់តែខ្លាំងទៅៗ។ បើតាមអ្នកជំនាញរូបនេះ រដ្ឋាភិបាលត្រូវពន្លឿនការដាក់ចេញនូវវិធានការអន្តរាគមន៍មួយចំនួន ដូចជាយន្តការកាត់បន្ថយពន្ធលើប្រាក់ចំណូលសម្រាប់អាជីវកម្មដែលជួបបញ្ហាពិតប្រាកដ និងត្រូវការជំនួយបន្ទាន់ ដើម្បីកាត់បន្ថយការចំណាយប្រតិបត្តិការ។ បន្ថែមលើនេះ រដ្ឋាភិបាលក៏ត្រូវពិចារណាលើការកាត់បន្ថយថ្លៃដើមនាំចូល និងការដឹកជញ្ជូនផងដែរ ដើម្បីជួយសម្រាលបន្ទុកថ្លៃដើមទំនិញរបស់អាជីវកម្ម និងធានាឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញឡើងវិញ។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានព្យាករកំណើនថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៤%នៅឆ្នាំ២០២៦ និង៤,៨% នៅឆ្នាំ២០២៧។ ការព្យាករនេះ ត្រូវបានគណនាឡើងវិញដោយផ្អែកលើស្ថានភាពជាក់ស្តែង នៃម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈតាមរយៈទិន្នន័យបច្ចុប្បន្នភាពចុងក្រោយក្នុងរយៈពេល៩ខែឆ្នាំ២០២៦៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតពេជ្រក្នុងមន្ទីរពិសោធន៍នៅចិន កំពុងសម្លឹងទៅរកការផលិតពេជ្របម្រើឱ្យវិស័យ AI និងបន្ទះឈីប

ជារៀងរាល់ឆ្នាំក្រុមហ៊ុនផលិតពេជ្រក្នុងមន្ទីរពិសោធនានានៅក្នុងប្រទេសចិនផលិតពេជ្របានរហូតដល់២លានការ៉ាត់ ដោយក្នុងនោះប្រមាណ៧០% ត្រូវបម្រើឱ្យវិស័…

តើហ្វីលីពីន ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៦ កំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ?

ការសិក្សាស្រាវជ្រាវថ្មីមួយបានអះអាងថា ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៦ កំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចដ៏ស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ