វិស័យ AI

ក្រុមហ៊ុនផលិតពេជ្រក្នុងមន្ទីរពិសោធន៍នៅចិន កំពុងសម្លឹងទៅរកការផលិតពេជ្របម្រើឱ្យវិស័យ AI និងបន្ទះឈីប


ជារៀងរាល់ឆ្នាំក្រុមហ៊ុនផលិតពេជ្រក្នុងមន្ទីរពិសោធនានានៅក្នុងប្រទេសចិនផលិតពេជ្របានរហូតដល់២លានការ៉ាត់ ដោយក្នុងនោះប្រមាណ៧០% ត្រូវបម្រើឱ្យវិស័យគ្រឿងអលង្ការ។ ទោះជាយ៉ាងណាក្រុមហ៊ុនផលិតពេជ្រទាំងនោះកំពុងបង្វែរទិសដៅឧស្សាហកម្មផលិតពេជ្រចិនឱ្យក្លាយជាវត្ថុធាតុដើមបច្ចេកវិទ្យាខ្ពស់ សម្រាប់ផ្គត់ផ្គង់ការផលិតឧបករណ៍អេឡិចត្រូនិក បន្ទះឈីប បញ្ចេកវិទ្យា AI និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។
វិស័យ AI
ដោយ

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២៦ ខែតុលា ថា បណ្តាក្រុមហ៊ុនផលិតពេជ្រក្នុងមន្ទីរពិសោធន៍នៅចិន ដែលកំពុងក្តោបក្តាប់ការផ្គត់ផ្គង់ប្រមាណពាក់កណ្តាលនៅលើពិភពលោកកំពុងរំកិលខ្លួនចេញពីការផលិតត្បូងពេជ្រគ្រឿងអលង្ការធម្មតា ដោយសារទីផ្សារមានការប្រកួតប្រជែងកាន់តែខ្លាំង និងសម្ពាធនៃការធ្លាក់ចុះតម្លៃ។ ការផ្លាស់ប្តូរទិសដៅនេះមិនត្រឹមតែជាយុទ្ធសាស្ត្រអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទម្ងន់យុទ្ធសាស្ត្រ នៃឧស្សាហកម្មនេះនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យារវាងមហាអំណាចអាម៉េរិក និងចិនផងដែរ។ ប្រសិនបើពេជ្រផលិតក្នុងមន្ទីរពិសោធន៍ត្រូវបានយកទៅប្រើប្រាស់កាន់តែទូលំទូលាយក្នុងឧបករណ៍អេឡិចត្រូនិក បន្ទះឈីប និងប្រព័ន្ធបន្ធូរកម្ដៅ នៃហេដ្ឋារចនាសម្ព័ន្ធ AI នោះ ភាពលេចធ្លោលើសមត្ថភាពផលិតកម្មរបស់ចិនអាចនឹងក្លាយជាចំណុចខ្លាំងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ AI។
ក្រុមអ្នកវិភាគ និងបណ្តាក្រុមហ៊ុនផលិតបានលើកឡើងថា ការផ្លាស់ប្តូរតម្រូវការរបស់វិស័យផ្សេងៗដូចជាបន្ទះឈីប ប្រព័ន្ធគ្រប់គ្រងកម្ដៅ និងបច្ចេកវិទ្យាកុំព្យូទ័រ នឹងក្លាយជាក្បាលម៉ាស៊ីនជំរុញកំណើនបន្ទាប់ ដ៏មានឥទ្ធិពលសម្រាប់ឧស្សាហកម្មពេជ្រ។ មូលហេតុ គឺដោយសារពេជ្រផលិតក្នុងមន្ទីរពិសោធន៍មានលក្ខណៈសម្បត្តិពិសេសក្នុងការស្រូប និងបញ្ចេញកម្ដៅជួយបង្កើនប្រសិទ្ធភាពការងារ និងល្បឿនរបស់ឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់។
សញ្ញានៃការផ្លាស់ប្តូរនេះបានលេចឡើងកាន់តែច្បាស់កាលពីខែមិថុនា កន្លងទៅ បន្ទាប់ពីលោក លីប ប៊ូ តាន់ (Lip-Bu Tan) នាយកប្រតិបត្តិក្រុមហ៊ុន Intel បានទម្លាយថា លោកបានដាក់ទុនវិនិយោគផ្ទាល់ខ្លួននៅក្នុងក្រុមហ៊ុន Diamond Foundry ដែលជាក្រុមហ៊ុនផលិតពេជ្រក្នុងមន្ទីរពិសោធន៍ កំពុងអភិវឌ្ឍបន្ទះឈីបពេជ្រកម្រិតខ្ពស់។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនផលិតពេជ្រក្នុងមន្ទីរពិសោធន៍ធំៗនៅក្នុងប្រទេសចិន ក៏បានចាប់ផ្តើមបោះទុនវិនិយោគ ដើម្បីត្រៀមលក្ខណៈឆ្លើយតបនឹងកំណើនតម្រូវការនាពេលអនាគតផងដែរ។ ក្នុងនោះក្រុមហ៊ុន ហ៊ើណាន លីលៀង ដាយម៉ុន (Henan Liliang Diamond) បានរៀបចំផែនការបង្វែរថវិការហូតដល់ ជាង១៤៩លានដុល្លារអាម៉េរិក ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មពេជ្របម្រើឱ្យវិស័យបច្ចេកវិទ្យាទំនើបវិញ។
ប្រសិនបើបន្ទះឈីបពេជ្រសម្រាប់គ្រប់គ្រងកម្ដៅត្រូវគេយកទៅប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងបន្ទះឈីប AI និងមជ្ឈមណ្ឌលទិន្នន័យនោះ ក្រុមហ៊ុនចិននឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាជាមួយក្រុមហ៊ុនផលិតសម្ភារបន្ធូរកម្ដៅធំៗនៅលើពិភពលោកជាក់ជាមិនខាន៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អ្នកជំនាញថា កម្ពុជាដាច់ខាតត្រូវតែបង្ហាញប្រវត្តិសាស្ត្រដ៏ជូរចត់តាមរយៈភាពយន្ត«សោកនាដកម្មភ្នំខ្មោច»ទោះមានប្រតិកម្មពីថៃ

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ម្ចាស់ស្នាដៃដើមនៃសៀវភៅ«ភ្នំដងរែកទីពុំអាចភ្លេច» ដែលត្រូវបានយកទៅកែសម្រួលផលិតជាខ្សែភាពយន្តខ្នាតធំចំណងជើងថា …

តើអាជីវកម្មត្រូវបត់បែន និងផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មបែបណា ដើម្បីធានាការរស់រានក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា?

ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ច ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងរងសម្ពាធពីព្យុះវិបត្តិសកល បាននិងកំពុងរុញច្រានឱ្យម្ចាស់អាជីវកម្មជាច្រើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ