ក្នុងលិខិតរបស់ក្រុមហ៊ុនបញ្ជាទិញ ដែលបានផ្ញើជូនទៅកាន់ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី៤ មេសាកន្លងទៅនេះ បានលើកឡើងថា ក្រុមហ៊ុនម៉ាក និងអ្នកលក់រាយអន្តរជាតិ ចង់ឃើញ វិស័យដ៏សំខាន់របស់កម្ពុជា មួយនេះនៅតែបន្តការរីកចម្រើននៅកម្ពុជា។ ពិតណាស់ ភាពជោគជ័យ និងស្ថិរភាព វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ (Travel Goods) គឺទាំងពីរនេះ ពិតជាសំខាន់ណាស់សម្រាប់កម្ពុជា រួមទាំងអ្នកបញ្ជាទិញអន្តរជាតិផងដែរ។
ក្រុមហ៊ុនអ្នកបញ្ជាទិញទាំងនោះ បានបញ្ជាក់ក្នុងលិខិតនោះថា «យើងនៅតែមានក្ដីកង្វល់ខ្លាំង ជាមួយនឹងការខ្វះចន្លោះនូវដំណើរការ ដែលបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងបញ្ហាសំខាន់ៗ»។
ក្រុមហ៊ុនបញ្ជាទិញបានចាត់ទុក ការគំរាមកំហែងកាន់តែខ្លាំងនៃការដកប្រព័ន្ធអនុគ្រោះ EBA និង GSP ច្បាស់ណាស់នឹងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មរបស់កម្ពុជា និងប្រជាជនកម្ពុជារាប់លាននាក់ ដែលកំពុងធ្វើការក្នុងវិស័យនេះ។ លើសពីនេះទៀត វាក៏នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានកសាងឡើងមក អស់ប៉ុន្មានទសវត្សរ៍មកនេះ ដើម្បីនាំមកនូវប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា និងប្រជាជនកម្ពុជា។
ទោះយ៉ាងណា ក្រុមហ៊ុនអ្នកបញ្ជាទិញទាំងនោះ បានលើកឡើងថា ពួកគេទទួលស្គាល់ថា កន្លងមករាជរដ្ឋាភិបាល គឺមានការប្ដេជ្ញាចិត្ត បង្កើតភាពខ្លាំង និងភាពប្រកួតប្រជែងនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ។ តាមរយៈ កិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នេះ បានធ្វើឲ្យកម្ពុជាក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ធំៗជាច្រើននូវទូទាំងពិភពលោក។ ជាក់ស្ដែង នៅឆ្នាំ ២០១៨ កម្ពុជា គឺស្ថិតក្នុងលំដាប់ថ្នាក់ទី៦ ដែលមានការផ្គត់ផ្គង់ផលិតផលកាត់ដេរសម្លៀកបំពាក់ច្រើនជាងគេ និងជាប់លំដាប់ថ្នាក់ទី៤ ក្នុងការផ្គត់ផ្គង់ផលិតស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ ទៅកាន់ទីផ្សារអាមេរិក។ លើសពីនេះ កម្ពុជា ក៏ជាប់លំដាប់ថ្នាក់លេខ៥ នាំសម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ទីផ្សារអឺរ៉ុប ខណៈផលិតផលសម្រាប់ការធ្វើដំណើរ ជាប់លេខ៤។
ទន្ទឹមគ្នានេះ កម្ពុជា រកចំណូលពី ការលក់ផលិផលទាំងនេះ ទៅអឺរ៉ុប និងអាមេរិក នៅឆ្នាំ២០១៨ មានប្រមាណ ៨,៥ ពាន់លានដុល្លារអាមេរិក ឬស្មើនឹង១ភាគបី (៣៨%) នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ លើសពីនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ គឺមានរហូតដល់ ៨០% នៃការនាំចេញសរុបរបស់កម្ពុជា៕