ក្រុមហ៊ុនផលិតរថយន្ត BYD ដែលមានការិយាល័យកណ្ដាលនៅទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិន ទើបតែបានបើករោងចក្រដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ ក៏ជារោងចក្រដំបូងរបស់ខ្លួននៅក្នុងតំបន់អាស៊ាន កាលពីសប្តាហ៍មុន។ រោងចក្រដែលមានតម្លៃ៤៩០លានដុល្លារអាម៉េរិកនេះ មានសមត្ថភាពផលិតរថយន្តបាន១៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងផ្តល់ឱកាសការងារចំនួន១ម៉ឺនកន្លែង។
ក្រុមហ៊ុន Rever Automotive ដែលមានសាលតាំងបង្ហាញរថយន្ត ឬ Showroom ជាង១០០កន្លែងនៅក្នុងប្រទេសថៃ បានចាប់ផ្តើមលក់រថយន្ត BYD ក្នុងឆ្នាំ២០២២ ហើយមិនយូរទេ ក្រុមហ៊ុន BYD នឹងក្លាយជាម៉ាកយីហោរថយន្តអគ្គិសនី ដែលលក់ដាច់បំផុតប្រចាំប្រទេសថៃ។
លោក លីវ ស៊ូលាំង (Liu Xueliang) នាយកគ្រប់គ្រងទូទៅផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុន BYD មានក្ដីរំភើបរីករាយយ៉ាងខ្លាំងក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីពន្លឿនការប្រើប្រាស់រថយន្តអគ្គិសនី និងដើម្បីរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសថៃ ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តថ្នាក់តំបន់ ហើយត្រូវបានគ្រប់គ្រងជាយូរមកហើយដោយក្រុមហ៊ុនផលិតរថយន្តជប៉ុន ដូចជាក្រុមហ៊ុន Toyota Motor ក្រុមហ៊ុន Honda Motor និងក្រុមហ៊ុន Isuzu Motors ជាដើម។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ក្រុមហ៊ុនចិន BYD ដណ្ដើមចំណែកទីផ្សារបានរហូតដល់ទៅ៤៦% នៃទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសថៃ៕
ដោយ: តែម សុខុម