យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានយ៉ាងធ្ងន់ៗថា ទោះបីជាការវាយប្រហាររបស់អាម៉េរិកក្នុងទ្រង់ទ្រាយតូចក៏ដោយ ក៏អ៊ីរ៉ង់នឹងសងសឹកវិញដោយការវាយប្រហារដ៏យូរអង្វែង និងឈឺចាប់បំផុតទៅលើមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់។ មេបញ្ជាការកងទ័ពអាកាសលោក ម៉ាជីត មូសាវី (Majid Mousavi) បានសង្កត់ធ្ងន់ថា ពិភពលោកបានឃើញរួចហើយនូវអ្វីដែលបានកើតឡើងចំពោះមូលដ្ឋានទ័ពអាម៉េរិក ហើយមេរៀនដដែលនេះ នឹងកើតឡើងចំពោះនាវាចម្បាំងរបស់ពួកគេដូចគ្នា។
ជាមួយគ្នានេះក្នុងសារផ្ញើជូនប្រជាជនអ៊ីរ៉ង់ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូឡា ម៉ូតាបា ខេមេណី (Ayatollah Mojtaba Khamenei) បានប្រកាសយ៉ាងដាច់អហង្ការថា ទីក្រុងតេអេរ៉ង់ នឹងវាយបំបាក់រាល់ការរំលោភបំពានលើផ្លូវទឹករបស់ខ្លួន ជាពិសេសគឺច្រកសមុទ្រ Hormuz។ លោកបានព្រមានថា ជនបរទេសឈ្លានពានដែលមកពីទីឆ្ងាយរាប់ពាន់គីឡូម៉ែត្រ នឹងគ្មានកន្លែងនៅឡើយ ក្រៅពីបាតសមុទ្រ។
ជុំវិញលទ្ធភាពនៃការចរចា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អេស្មាអ៊ីល បាហ្គេអ៊ី (Esmaeil Baghaei) បានលើកឡើងថា វាជារឿងមិនសមហេតុផលដែលអាម៉េរិករំពឹងចង់បានលទ្ធផលឆាប់រហ័សពីការចរចា ខណៈដែលស្ថានភាពនៅតែមានភាពតានតឹងខ្លាំងបែបនេះ។
ដោយឡែកកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ប្រធានាធិបតី ដូណាល់ ត្រាំ បានចូលរួមស្ដាប់ការធ្វើបទបង្ហាញអំពីផែនការវាយប្រហារយោធាជាថ្មី ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចូលតុចរចា។ ភ្លាមៗបន្ទាប់ពីព័ត៌មាននេះត្រូវបានចុះផ្សាយដោយគេហទំព័រ Axios តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់ជាង១២៦ដុល្លារក្នុងមួយបារ៉ែលដ៏គួរឱ្យភ្ញាក់ផ្អើល៕