លោកភារធារី ម៉ៃឃើល ញូបៀល (Michael Newbill) នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ថ្លែងនៅថ្ងៃព្រហស្បតិ៍ ក្នុងសុន្ទរកថានៅឯកិច្ចពិភាក្សាអំពីឥទ្ធិពលពាណិជ្ជកម្មរបស់អាមេរិកនិងចិន នៅកម្ពុជា ថា ៨៧ភាគរយនៃការធ្វើពាណិជ្ជកម្ម គឺជាការនាំចូលពីចិន ដែលភាគច្រើនគឺជាវត្ថុធាតុដើមសម្រាប់សម្លៀកបំពាក់និងវិស័យសំណង់។
លោក ម៉ៃឃើល ញូបៀល បានបន្តថា លើបញ្ហានេះ សហរដ្ឋអាមេរិក ឬ អឺរ៉ុប បានដើរតួនាទីជំរុញការវិនិយោគក្នុងវិស័យនាំចេញសំខាន់ៗ បង្កើតការងារជាច្រើន ដូចជា ប្រព័ន្ធអនុគ្រោះ GSP ដែលបានផ្តល់ឱ្យកម្ពុជា នៅឆ្នាំ២០១៦ សម្រាប់ទំនិញធ្វើដំណើរ បានបង្កើតឧស្សាហកម្ម ៥០០លានដុល្លារក្នុងរយៈពេលពីរឆ្នាំ និងគាំទ្រដល់ការងាររបស់ប្រជាជនកម្ពុជារាប់ពាន់នាក់។
លោក ម៉ៃឃើល ញូបៀល បាននិយាយដូច្នេះថា ៖ «ចំពោះទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជាក៏កំពុងបង្ហាញនូវអតុល្យភាពដូចគ្នា ដែលសហរដ្ឋអាមេរិកមានជាមួយប្រទេសចិន។»
លោកភារធារីស្ថានទូតអាមេរិកដដែល ក៏បានលើកហេតុផលមួយចំនួន ដែលត្រូវព្រួយបារម្ភ ដូចជា ទី១ ប្រសិនបើសេដ្ឋកិច្ចរបស់ចិនយឺតយ៉ាវ នោះសេដ្ឋកិច្ចកម្ពុជាក៏នឹងធ្លាក់ចុះដែរ។
ទីពីរ ដោយសារការពឹងផ្អែក មានភាពកាន់តែងាយរងគ្រោះ ប្រទេសចិនបានបង្ហាញនៅក្នុងបរិបទផ្សេងទៀតថា ខ្លួននឹងប្រើកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីបង្ខំឱ្យប្រទេសនានាព្រមទទួលយកជាលក្ខណៈការទូត ឬនយោបាយ លើបញ្ហាដែលមានសារសំខាន់ចំពោះចិន។ លោក ម៉ៃឃើល ញូបៀល បានបន្តថា លើសពីនេះទៀត ដោយសារក្រុមហ៊ុនចិនដែលគ្រប់គ្រងដោយរដ្ឋ កាន់តែមានតួនាទីធំនៅក្នុងសេដ្ឋកិច្ច អ្នកមិនអាចបែងចែករវាងវិស័យឯកជននិងរដ្ឋាភិបាលបានទេ។
ទីបី មានបញ្ហាខាងក្រៅដែលយើងមើលឃើញថា អវិជ្ជមានជាច្រើន ទាក់ទងនឹងការវិនិយោគរបស់ចិន ដូចជា ការខ្វះនូវតម្លាភាព ឬគណនេយ្យភាព ការកើនឡើងនៃអំពើពុករលួយ និងការនាំចេញនូវរបស់មិនល្អ។ ទីបួន វិនិយោគទុនចិនត្រូវបានតម្រង់ទិសដៅដើម្បីតែប្រយោជន៍របស់រដ្ឋាភិបាលចិន។
លោក ម៉ៃឃើល ញូបៀល បានបញ្ជាក់ថា កម្ពុជាគួរតែទទួលអត្ថប្រយោជន៍ជាច្រើនពីដៃគូផ្សេងទៀតជាច្រើនផងដែរ មិនមែនពឹងផ្អែកតែលើចិន ដើម្បីអភិវឌ្ឍប្រទេស ដោយគួរតែផ្តល់កន្លែងសម្រាប់មនុស្សគ្រប់គ្នា ហើយលោកយល់ថា នេះជាអ្វីដែលប្រជាជនកម្ពុជាចង់បាន ផងដែរ។
លោក ម៉ៃឃើល ញូបៀល បាននិយាយថា កិច្ចព្រមព្រៀងជាមួយចិន នៅកម្ពុជា គួរតែមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីឲ្យប្រាកដថា វាមានផលប្រយោជន៍សម្រាប់អ្នករាល់គ្នា និងមិនត្រឹមតែសម្រាប់ពីរបីនាក់នោះទេ។
លោកភារធារី បាននិយាយដូច្នេះថា ៖ «ការវិនិយោគរបស់ចិនអាចមានអត្ថប្រយោជន៍ ប៉ុន្តែ កិច្ចព្រមព្រៀងទាំងនេះ ត្រូវការការពិនិត្យពិច័យនិងការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីធានាថា អត្ថប្រយោជន៍បានទៅដល់ប្រទេសជាតិនោះ មិនមែនបានទៅដល់បុគ្គលដែលចុះកិច្ចព្រមព្រៀងប៉ុណ្ណោះនោះទេ។ នេះជាមធ្យោបាយតែមួយគត់ដែលយើងអាចធានាថា ប្រទេសកម្ពុជាទទួលបាននូវកិច្ចព្រមព្រៀងដែលល្អប្រសើរបំផុត»៕