កំណើនផ្សារទំនើប

ផ្សារទំនើបខ្នាតធំ២ ជាប់ឈ្មោះ​សាងសង់​យូរ​ជាងគេ និងមិនទាន់​មាន​តម្រុយ​បើកដំណើរការ!


រាជធានីភ្នំពេញ ត្រូវបានទទួលស្គាល់ថា គឺជាបណ្ដុំនៃចរន្ដអភិវឌ្ឍន៍ដ៏ក្ដៅគគុកជាងគេមួយ នៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។ អគារខ្ពស់ៗរាប់ពាន់អគារ ត្រូវបានសាងសង់ឡើងយ៉ាងគំហុកនៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ក្រៅពីសំណង់អគារលំនៅដ្ឋានបុរី ខុនដូ និងការិយាល័យ ត្រូវបានសាងសង់ឡើងជ្រោងច្រាង គេសង្កេតឃើញថា សំណង់ផ្សារទំនើបទាំងធំតូច យីហោជាតិ និងអន្តរជាតិ ក៏បាននិងកំពុងរំលេចខ្លួនកាន់តែច្រើនឡើងផងដែរ។ ទោះយ៉ាងណា ក៏មានផ្សារទំនើបធំៗ ចំនួន ២ បានជាប់គាំងមិនទាន់បើកដំណើរការនៅឡើយ ខណៈដែលការសាងសង់ត្រូវបានអូសបន្លាយមកជាច្រើនឆ្នាំមកហើយ។
ផ្សារទំនើបខ្នាតធំ ២ ជាប់ឈ្មោះសាងសង់យូរជាងគេ គ្មានតម្រុយបើកដំណើរការ!
ដោយ

មួយរយៈ​ចុងក្រោយ​នេះ ផ្សារទំនើប​ធំៗណាខ្លះ​ ​បានបើក​ដំណើរការ និងពង្រីក​សាខា?

មួយរយៈចុង​ក្រោយនេះ គេសង្កេត​ឃើញថា ចំនួនផ្សារ​ទំនើប​ធំៗ​​ជាច្រើន បានបើក​ដំណើរ​ការ​ជាបន្ត​បន្ទាប់ ខណៈដែល​គម្រោង​​បុកគ្រឹះ​សាងសង់​ផ្សារ​ទំនើប​ថ្មីៗ ក៏នៅ​តែបន្ត​​មាន​ផងដែរ។ ជាក់ស្ដែង ផ្សារទំនើប​​អ៊ីអន ដែល​បច្ចុប្បន្ន​​អាច​ចាត់​ទុកថា ជាផ្សារ​ទំនើប​​ខ្នាតយក្ស​ធំជាងគេ​បង្អស់​មួយ​នៅកម្ពុជា ទើបតែ​បាន​បើកសម្ពោធ​សាខា​ទី​២ របស់​ខ្លួនកាល​ពីប៉ុន្មាន​ខែមុន​នេះ ក្រោយពី​ផ្សារ​ទំនើប​របស់​ជប៉ុន​មួយនេះ បាន​ឈានជើង​ចូលកម្ពុជា​លើកដំបូង​នៅឆ្នាំ ២០១៤។ ​បើគិត​ទាំង​​សាខាទី១ និងទី២ ផ្សារទំនើប​អ៊ីអន​នេះ បានបោះ​ទុន​​ជាង ៣០០លាន​ដុល្លារ​ហើយ សម្រាប់​វិនិយោគ​នៅ​កម្ពុជា ខណៈដែល​សាខាទី ៣ ត្រូវបាន គេដឹងថាអាច​នឹង​ចាប់ផ្ដើម​សាងសង់​ឆាប់ៗ​នេះ ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ៦០​ម៉ែត្រ (ផ្លូវសម្តេច​តេជោ​ ហ៊ុន សែន)។ 

បន្ថែមពីនេះ ផ្សារទំនើប​លក់ទំនិញ​បោះ​ដុំពី​ប្រទេសថៃ ដ៏ធំ គឺផ្សារ​ម៉ាក្រូ ក៏ត្រៀម​នឹងសាង​សង់​សាខាទី​២ របស់​ខ្លួន​ផងដែរ នៅខេត្តសៀមរាប ដែលគ្រោង​ចំណាយ​ទុន​ប្រមាណ ១៥លាន​ដុល្លារ​អាមេរិក ក្រោយពី​ផ្សារទំនើប​យីហោ​ពីប្រទេស​ថៃ​មួយ​នេះ បានឈាន​ជើងចូល​កម្ពុជា​នៅចុង​ឆ្នាំ ២០១៧​កន្លង​ទៅ។ បើតាម ​ការអះអាង​ពីនាយក​គ្រប់គ្រង​ផ្សារ​ម៉ាក្រូ ធ្លាប់បាន​ប្រាប់​ខេមបូណូមីស​ថា នឹងបើក​សាខា​ឲ្យបាន​ដល់ ​៩កន្លែង​នៅទូទាំង​ប្រទេស​កម្ពុជា។

ជាមួយគ្នានេះ នៅចុងឆ្នាំនេះ​ដែរ មាន​ផ្សារទំនើប​ថ្មី​មួយទៀត ឈ្មោះថា Mid Town Mall របស់​វិនិយោគិន​តៃវ៉ាន់ ក៏នឹង​បើកឲ្យ​ដំណើរការ​​ផងដែរ។

តាមរបាយការណ៍ពី ក្រុមហ៊ុន​អចលនទ្រព្យ CBRE បានបង្ហាញ​ថា គិតមក​ដល់ពេលនេះ ចំនួនផ្សារ​ទំនើប​បែប​បស្ចិម​ប្រទេស​នៅកម្ពុជា​មាន​ប្រមាណ ១៣ ផ្សារទំនើប ស្មើនឹង​ជាង ៣៧ម៉ឺន​ម៉ែត្រ​ការ៉េ។ ចំនួននេះរាប់​ទាំង​រាជធានី​ភ្នំពេញ និងនៅ​បណ្តា​ខេត្ត ហើយខេត្ត​ដែលទើប​រីកចម្រើន​ខ្លាំង​នូវការអភិវឌ្ឍ​ផ្សារ​ទំនើប គឺខេត្ត​សៀមរាប និងបន្ត​ទៀត​នឹងរីក​ទៅដល់​ខេត្ត​ព្រះសីហនុ។

គម្រោងផ្សារទំនើបជិត ១០ ទីតាំង នឹងបើកដំណើរការនៅប្រមាណ ២ ទៅ៣ឆ្នាំក្រោយ

ក្រៅពី​ផ្សារទំនើប​ធំៗ​ទាំងពីរ​ខាងលើ ដែលបាន​បើកដំណើរការ ក៏មាន​គម្រោង​​ផ្សារទំនើប​​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​​ចំនួន​២ ទៀត ក៏ទើប​តែបាន​ប្រកាស​បុកគ្រឹះ​សាងសង់​ដែរ ខណៈដែល​នៅប្រមាណ​តែ ២ ទៅ៣ឆ្នាំ​ទៀត​ប៉ុណ្ណោះ ផ្សារទំនើប​​ថ្មីៗ​ប្រមាណ ជិត១០ សាខា នឹង​បើក​ដំណើរ ក្រោយពី​គម្រោង​ផ្សារ​របស់ក្រុម​ទាំងពីរ​នេះ​​ត្រូវ​បាន​​បញ្ចប់។

តួយ៉ាង ក្រុមហ៊ុន​ជីប ម៉ុង នាពេលថ្មីៗនេះ បាន​ប្រកាស​​ចំណាយ​ទុន​ជាង ២៥០ លានដុល្លារ​អាមេរិក​ សាងសង់​ផ្សារទំនើប​​ចំនួន ​៥សាខា ដែលសាខា​នីមួយៗ គ្រោង​នឹងបញ្ចប់​យូរ​បំផុត​ត្រឹម​ឆ្នាំ ២០២០-២០២១​​ខាងមុខ។ រីឯ ក្រុមហ៊ុន បុរី​ប៉េង ហួត ក៏មិន​ឲ្យចាញ់​​ក្រុមហ៊ុន​ ជីបម៉ុង ប៉ុន្មានដែរ ដោយ​កាលពេល​កន្លង​ទៅនេះ បាន​សម្ពោធ​បុកគ្រឹះ​សាងសង់​​ផ្សារទំនើប​​គ្រាក់ៗ ចំនួន ២ទីតាំងដែរ ដោយ​ចំណាយ​ទុន​ប្រមាណ ២៦០ លាន​ដុល្លារ​អាមេរិក ខណៈដែល​ពេលវេលា​សាងសង់​បញ្ចប់​គម្រោង គឺដូចគ្នា​ទៅ​នឹង​គម្រោង​ផ្សារ​របស់​ក្រុមហ៊ុន​​ជីបម៉ុង​ដែរ។

គួររំឭក​ដែរថា តាមព័ត៌មាន​ដែល​ខេមបូណូមីសទទួល​បាន​ ក្រុមហ៊ុន​​វិនិយោគ និងគ្រប់គ្រងផ្សារទំនើប​ដ៏ធំ​របស់ថៃ Central Group ក៏បាននិង​កំពុង​​សិក្សា​ពីឱកាស​ និងលទ្ធភាពមួយចំនួន​ ដើម្បីវិនិយោគ​នៅកម្ពុជា​ផងដែរ ខណៈដែល​កន្លងទៅ​ថ្មីៗនេះ ក្រុមហ៊ុនយក្ស​មួយនេះ បានពង្រីក​ការវិនិយោគ​រួចទៅហើយ​នៅ​ប្រទេស​​វៀតណាម។ ​ 

ចំនួនផ្សារ​ទំនើប​ទាំងនេះ នៅមិន​ទាន់រាប់​បញ្ចូល​​ផ្សារទំនើប​មួយចំនួន ​នៅតាម​គម្រោង​​អគារ​ពាណិជ្ជកម្ម​ធំៗ​មួយចំនួន​​ទៀត​ផង​ដូចជា គម្រោងផ្សារ​ទំនើប​​នៅក្នុង​អគារ​អូឡាំ​ព្យា​ស៊ីធី និង The Bridge ជាដើម។ល។ ​

ផ្សារទំនើប​ធំៗ​ចំនួ​ន ២ ដែល​ជាប់គាំង​ និងមិន​ទាន់​មានតម្រុយ​​បើក​ដំណើរ​ការ

ដ្បិតថា​ផ្សារ​ទំនើប​​កំពុង​រីកដូច​ផ្សិត​ក៏ដោយចុះ ប៉ុន្ដែ ក៏មាន​ផ្សារទំនើប​​ធំៗ​ចំនួន២ កំពុង​​ជាប់​គាំង មិនបើក​ដំណើរ​ការ ខណៈដែល​ការសាងសង់​​ត្រូវ​បាន​អូសបន្លាយ​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ គិតមកទល់ពេល​នេះ។

ទី១ គឺផ្សារ​ទំនើប Young Commercial ដែល​ផ្សារនេះ ត្រូវបាន​ដឹងថា វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់ ១៥លានដុល្លារ នៅតាម​បណ្ដោយ​ផ្លូវជាតិ លេខ៦A។ ផ្សារដែល​មាន​ការសាងសង់​ជារូបរាង​ជា​កញ្ចក់​បិទ​ជុំវិញ​មួយនេះ ត្រូវបាន​វិនិយោគ​ដោយ​វិនិយោគិន​ខ្មែរ និង​​ធ្លាប់​បានបើក​ដំណើរ​ការ​​នៅ​ឆ្នាំ២០១៣ តែក្រោយ​​មកក៏ផ្អាក​ដំណើរ​ការ​វិញមក​ដល់បច្ចុប្បន្ន។ កាលពី​អំឡុង​ផ្សារ​មួយនេះ បើក​ដំបូង វត្តមាន​របស់វា ត្រូវបានគេចាត់​ទុកថា គឺជាផ្សារ​ទំនើប​​ធំជាងគេ​មួយ​នៅ​រាជធានី​ភ្នំពេញ ពិសេស​នៅតំបន់​ជ្រោយ​ចង្វារ។ រហូតមកទល់ពេលនេះ ផ្សារទំនើប Young Commercial នេះ គេនៅ​មិនទាន់​ដឹងថា នឹងបើក​ដំណើរការ​ឡើងវិញ​នៅពេល​ណា​នៅឡើយ​ទេ ខណៈដែល​​បច្ចុប្បន្ន​​កំពុង​នៅបន្ត​​ដាក់​ការដ្ឋាន​ជួស​ជុល។

ទី២ គឺផ្សារទំនើប Parkson ដែលផ្សារ​ទំនើប​​យីហោ​ពីម៉ាឡេស៊ី​មួយនេះ ត្រូវបាន​គេចាត់ទុក​ថា ជាដៃគូប្រជែង​ធំមួយ​​របស់​ផ្សារ​ទំនើប អ៊ីអន ហើយប្រហែល​ជាមាន​មនុស្ស​មិនតិច​នោះដែរ ដែលរង់ចាំ​ឡើងដើរ​កម្សាន្ដ​នៅផ្សារ​មួយ​នេះ។

ត្រូវបានចាប់​ផ្ដើមសាងសង់​តាំងពី​ឆ្នាំ ២០១២ និងធ្លាប់​ប្រកាស​ថា បើកដំណើរការ​នៅឆ្នាំ​២០១៥ លុះក្រោយ​មកទៀត​ប្រកាសថា នឹងបើក​ដំណើរការ​នៅដើមឆ្នាំ ២០១៧ ប៉ុន្ដែ គិត​មកទល់​ជាងពាក់​កណ្ដាល​ឆ្នាំ២០១៨​នេះទៅ​ហើយ ផ្សារទំនើប Parkson នេះ នៅមិន​ទាន់បាន​​បើកដំណើរការ​នៅឡើយ​ទេ។ ទោះជាយ៉ាង​នេះក្ដី តាមព័ត៌មាន​​ដែល​បានចុះផ្សាយ​នាពេលកន្លង​មក ផ្សារយីហោ​របស់​​ម៉ាឡេស៊ី​​មួយនេះ ក៏ធ្លាប់​បាន​បង្ហាញ​ពី​មហិច្ឆតា​​របស់ខ្លួន​ថា នឹង​សាងសង់​ជាច្រើន​សាខា​​នៅកម្ពុជា​ផងដែរ។ ​

ស្របពេលដែល ផ្សារទំនើប​ Parkson នៅកម្ពុជា​មិនទាន់​បើក​ដំណើរការ​ កាលពី​ដើម​ឆ្នាំ ​២០១៨ ផ្សារទំនើ​ប​ Parkson នៅប្រទេស​វៀតណាម ត្រូវបាន​​បិទ​​ទ្វារ​​ ៤សាខា​រួចហើយ។

គួរជម្រាបដែរថា កំណើន​ផ្សារទំនើប​ធំៗ​​ថ្មីៗ ដែលបាន​រីកដុះឡើង​នាពេល​បច្ចុប្បន្ន ក៏កំពុង​ធ្វើទុក្ខ​បុក​ម្នេញ​ដល់​វឌ្ឍន​ភាព​របស់​ផ្សារទំនើប​​វ័យចំណាស់​​ក្នុង​ស្រុក​មួយចំនួន​ផងដែរ ដូចជា​ផ្សារទំនើប សូរិយ៉ា និងផ្សារទំនើប​​សុវណ្ណា​ជាដើម។ យ៉ាងណាក៏ដោយ ផ្សារ​ទំនើប​​ក្នុងស្រុក​ទាំងនោះ ក៏បាន​ខិតខំ​ដកដង្ហើមណាស់ដែរ ដ្បិតថា​​ទីផ្សារ​ការប្រកួត​ប្រជែង​​កាន់តែ​យ៉ាប់យឺនពីមួយថ្ងៃ​ទៅ​មួយថ្ងៃ។ តួយ៉ាង ផ្សារទំនើប​សូរិយ៉ា កាល​ពីពេល​កន្លង​ទៅ បានធ្វើ​ការ​កែប្រែ និងបន្ថែម​នូវ​រចនាបទ​ថ្មីៗនៃអគារខាងក្នុង​ និងខាងក្រៅ ក៏ដូចជា​លក្ខណៈ​ពិសេស​ផ្សេង​ៗទៀត ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​ត្រឡប់​មកវិញ ប៉ុន្ដែ វាមិន​ស្រួល​ប៉ុន្មាន​ទេ ពោលគឺ ដូចជា​ការទប់​ទឹក​ទំនប់ ដែល​កំពុង​បាក់​យ៉ាង​ដូច្នេះ​ដែរ៕ 

None



អត្ថបទបន្ទាប់


ប្រទេសតំបន់អាស៊ីអាគ្នេយ៍ អាចនឹងត្រូវបាត់បង់ការងារជាង ៦លាននាក់ ដោយសារឥទ្ធិពលបច្ចេកវិទ្យា

កំណើននៃការប្រើប្រាស់បច្ចេកវិទ្យា តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិនៅក្នុងវិស័យឧស្សាហកម្ម នៅត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឲ្យបាត់បង់ចំនួនការងារដោ…

ក្រុមហ៊ុន​ចិនតៃវ៉ាន់​​ទិញ​ភាគហ៊ុន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​នៅ​កម្ពុជា​មួយ​ទៀត​ហើយ

ទើបតែ​ប៉ុន្មានថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន​ចិន​មួយ​បាន​ទិញ​ភាគហ៊ុន​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អេ អឹម ខេ (AMK) ឥឡូវ ក្រុមហ៊ុន​ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ