តួយ៉ាង នៅជិត២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាបានបន្ដកំណើនរបស់ខ្លួនជាលំដាប់ ក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ។ ការងើបលូតលាស់របស់កម្ពុជានេះ ក៏បានធ្វើឲ្យស្ថាប័នអន្តរជាតិមួយចំនួន បានផ្ដល់រហ័សនាមសម្រាប់កម្ពុជាថា គឺជា“ខ្លាសេដ្ឋកិច្ចនៅអាស៊ី នាពេលអនាគត”។ តើអ្វីជាខ្លាសេដ្ឋកិច្ច? ហើយកម្ពុជាពិតជាស័ក្ដិសមនឹងឈ្មោះនេះដែរ ឬទេ?
បើយើងពិនិត្យទៅមើលទិដ្ឋភាពជាក់ស្ដែង នាពេលបច្ចុប្បន្ន ប្រទេស ឬទីតាំងសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលត្រូវបានចាត់ទុកថាជាខ្លាសេដ្ឋកិច្ច ឬហៅថា នាគសេដ្ឋកិច្ច នៅអាស៊ីរួមមាន៖
១, ប្រទេសកូរ៉េខាងត្បូង
នៅទសវត្សរ៍ឆ្នាំ១៩៦០ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) របស់ប្រទេសកូរ៉េខាងត្បូង គឺអាចនិយាយបានថា អាចប្រៀបធៀបជាមួយប្រទេសក្រីក្របំផុតនៅអាស៊ី និងអាហ្រ្វិក។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ៤ទសវត្សរ៍បន្ទាប់មក ប្រទេសនេះបានទទួលនូវកំណើនគួរឱ្យកត់សម្គាល់។ គិតត្រឹមខែធ្នូឆ្នាំ២០១៥ ប្រទេសនេះមានផលិតផលក្នុងស្រុកសរុបចំនួន ១,៤ទ្រីលានដុល្លារ និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ មានចំនួនជាង ៣៥.០០០ដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច ៣,៣%។
២, តៃវ៉ាន់
ទោះបីជាតៃវ៉ាន់ មានទំនាក់ទំនងដ៏ចម្រូងចម្រាសជាមួយនឹងប្រទេសចិនក៏ដោយ ប៉ុន្ដែ ដីកោះមួយនេះនៅតែអាចបន្ដកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អនៅ៤ទសវត្សរ៍ចុងក្រោយនេះ តួយ៉ាង ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់តៃវ៉ាន់ បានកើនឡើងដល់ជាង ៤៥.០០០ដុល្លារ។
ទោះបីជាដែនដីកោះមួយនេះ មិនបានក្លាយជារដ្ឋឯករាជ្យមួយ ដោយសារតែរងសម្ពាធពីប្រទេសចិនក៏ដោយ ប៉ុន្ដែ តៃវ៉ាន់នៅតែរក្សាជំហររឹងមាំ ក្នុងនាមជាអ្នកនាំចេញជើងខ្លាំងមួយ ខណៈដែលមានទំហំ GDP ជាង ១,១ទ្រីលានដុល្លារ ជាមួយនឹងប្រជាជនជាង ២៣លាននាក់។
៣, ហុងកុង
ហុងកុងត្រូវបានគេចាត់ទុកថាជាតំបន់រដ្ឋបាលពិសេសមួយរបស់ប្រទេសចិន ប៉ុន្តែ ហុងកុងមានសេរីភាពគ្រប់គ្រាន់លើសកម្មភាពរបស់ខ្លួនក្រៅពីការការពារ ពីចិន រហូតដល់ឆ្នាំ២០៤៧។ បន្ទាប់ពីនោះ ទំនាក់ទំនងរវាងហុងកុងនិងចិន នឹងត្រូវវាយតម្លៃសាជាថ្មីម្ដងទៀត។
ហុងកុងក៏មានចំណាត់ថ្នាក់ខ្ពស់បំផុតមួយ នៅលើមាត្រដ្ឋានវាស់ស្ទង់ផ្នែកសេរីភាពសេដ្ឋកិច្ច ហើយបើគិតត្រឹមឆ្នាំ២០១៥ ផលិតផលក្នុងស្រុកសរុបរបស់ប្រជាជនម្នាក់ៗ មានជាង ៣៦.០០០ដុល្លារ ខណៈដែលចំនួនប្រជាជនសរុប មានជាង ៧លាននាក់។
៤, សាំងហ្គាពួរ
ទោះបីជាមានប្រជាជនរស់នៅត្រឹមតែជាង ៥,៥លាននាក់ក៏ពិតមែន តែប្រទេសដីកោះតូចជាងគេមួយនេះ មានសក្ដានុពលសេដ្ឋកិច្ចមិនតូចទេ។ ប្រទេសដីកោះមួយនេះ មានទំហំផលិតផលក្នុងស្រុកសរុបជាង ៤៥២ពាន់លានដុល្លារ ខណៈដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ មាន ៨២.៧៦២ដុល្លារ។
ត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានកម្រិតនៃភាពពុករលួយតិចតួចជាងគេបំផុតលើពិភពលោក សាំងហ្គាពួរបានក្លាយជាប្រទេសដែលមានបរិយាកាសពាណិជ្ជកម្មប្រកបដោយតម្លាភាព និងសុវត្ថិភាព ពិសេស គឺការគាំទ្រដល់ផ្នែកសន្ដិសុខពាណិជ្ជកម្មដល់វិស័យឯកជនតែម្ដង។
ក្រៅពីខ្លាសេដ្ឋកិច្ចទាំង៤ខាងលើនេះ ក៏មានប្រទេសមួយចំនួនផ្សេងទៀត ក៏ត្រូវបានផ្ដល់រហ័សនាមជាខ្លាសេដ្ឋកិច្ចផងដែរ ដូចជា ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាដើម។ បន្ថែមពីនេះ បច្ចុប្បន្ន ក៏មានប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនផ្សេងទៀតនៅអាស៊ី ដូចជា កម្ពុជា វៀតណាម បង់ក្លាដេស ហ្វ៊ីលីពីន ជាដើម។ល។ ត្រូវបានស្ថាប័នអន្តរជាតិធំៗព្យាករថា នឹងក្លាយជាខ្លាសេដ្ឋកិច្ចនៅអាស៊ី នាពេលអនាគតផងដែរ។
ទន្ទឹមនឹងការព្យាករនេះ ក៏មានការចោទសួរមួយចំនួនផងដែរ ថាតើពេលណាទើបកម្ពុជាអាចក្លាយជាខ្លាសេដ្ឋកិច្ច? ហើយអ្វីជាខ្លាសេដ្ឋកិច្ច? តើកម្ពុជាពិតជាក្លាយជាខ្លាសេដ្ឋកិច្ច ឬក៏ត្រឹមតែជាឆ្មាសេដ្ឋកិច្ចទេ? ទាំងអស់នេះ គឺជាសំណួរដែលមហាជនតែងលើកឡើងជាដដែលៗ។
ជុំវិញនឹងការចោទឡើងនេះ កាលពីពេលកន្លងទៅ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក៏មានការចោទសួរដេញដោលគ្នាពីសំណួរខាងលើ ពីសំណាក់សេដ្ឋវិទូ ក៏ដូចជាអ្នកជំនាញសេដ្ឋកិច្ច រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់កម្ពុជាផងដែរ។
ឆ្លើយតបទៅនឹងសំណួរថា តើពេលណា កម្ពុជានឹងក្លាយជាខ្លាសេដ្ឋកិច្ចពិតប្រាកដ? រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត ដែលជាវាគ្មិន និងជាគណៈអធិបតីនៅក្នុងកិច្ចពិភាក្សាជជែកដេញដោលគ្នានោះ បានឡើងពន្យល់ថា ខ្លាសេដ្ឋកិច្ចមិនមែនសំដៅលើទំហំសេដ្ឋកិច្ចធំ មានប្រជាជនច្រើន និងមានឥទ្ធិពលគ្របដណ្ដប់លើគេឯងនោះទេ តែវាសំដៅលើគុណភាពខាងក្នុង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍរបស់ប្រទេសនោះ។
ហើយកត្តាដែលសំខាន់បំផុតដើម្បីក្លាយខ្លួនជាខ្លាសេដ្ឋកិច្ចទៅបាន មិនមែនគិតលើការបង្កើតប្រជាជនឲ្យច្រើនដើម្បីបង្កើនកម្លាំងពលកម្មនោះទេ តែត្រូវធ្វើយ៉ាងណាបង្កើនចំណូលប្រជាជនឲ្យបានច្រើន បង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ហើយតម្លៃបន្ថែមនោះត្រូវតែមានប្រសិទ្ធភាព និងចីរភាព។ ចីរភាពនេះទៀតសោត ក៏ត្រូវធានាឲ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងផងដែរ។
តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតតាំងពីឆ្នាំ២០១៣ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា មានទំហំជាទឹកប្រាក់ប្រមាណតែជាង ១៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយចំនួននេះបានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺមានប្រមាណជាង ២២ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ និងនៅឆ្នាំ២០១៨ រំពឹងថា នឹងកើនដល់ជាង ២៤ពាន់លានដុល្លារអាមេរិក។ ដោយឡែក នៅឆ្នាំ២០១៧ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ មានចំនួន ១.៤៣៤ដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលក៏បានខិតខំក្នុងការកៀរគរចំណូលថវិកាជាតិ ដើម្បីដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងបានជួយសម្រួលដំឡើងប្រាក់ខែជូនកម្មករកម្មការិនីជាបន្តបន្ទាប់ផងដែរ។
សូមជម្រាបថា តាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ដូច្នេះ យើងអាចសន្និដ្ឋានបានថា នៅប្រមាណជាង២០ ទៅ ៣០ឆ្នាំទៀត នៅពេលដែលកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ ប្រជាជនមានចំណូលកាន់តែខ្ពស់ នោះរហ័សនាមខ្លាសេដ្ឋកិច្ច នឹងត្រូវស័ក្ដិសមនឹងសមត្ថភាពរបស់កម្ពុជាយ៉ាងពិតប្រាកដ៕