របាយការណ៍ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងចំណោមប្រជាជនគោលដៅចាក់វ៉ាក់សាំង១០លាននាក់ មានប្រជាជនជាង៩លាន៣សែននាក់ហើយដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១ ឬស្មើនឹងប្រមាណជិត៩៤%នៃផែនការ ខណៈដែលអ្នកដែលបានចាក់គ្រប់ចំនួន២ដូសវិញមានជាង៨លាននាក់។ រីឯ អ្នកដែលបានចាក់ដូសទី៣ មានជាង៦៣ម៉ឺននាក់។
របាយការណ៍ដដែលបានឲ្យដឹងថា អាត្រានៃសម្ទុះការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំនេះមានការកើនឡើងយ៉ាងគំហុកបែបនេះ ត្រូវបានគេមើលឃើញថា គឺជាការល្អប្រសើរខ្លាំងបំផុតនៅក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា ខណៈដែលដំណើរការនៃការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំ ក៏មានការកើនឡើងដូចគ្នាផងដែរ។
អាត្រានៃការចាក់វ៉ាក់សាំងសម្រាប់កុមារគិតមកត្រឹមថ្ងៃនេះក៏មានការកើនឡើងដល់ជាង ៨១% ហើយ បើធៀបទៅនឹងប្រជាជនគោលដៅប្រមាណ ២លាននាក់នៅទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរ ការចាក់វ៉ាក់នៅប្រទេសកម្ពុជាមានការកើនឡើង ក៏ដោយសារតែកម្ពុជាមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ ចំពោះប្រជាជនគោលដៅរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ល្បឿននៃការចាក់វ៉ាក់សាំងបានលឿនបែបនេះ គឺជាមធ្យាបាយមួយនៅក្នុងការកាត់បន្ថយនៃការឆ្លងរាលដាលកូវីដ១៩ ផងដែរ។
គិតត្រឹមថ្ងៃនេះ កម្ពុជាបានរកឃើញចំនួន អ្នកឆ្លងកូវីដ១៩ ចំនួន ៤៩១ ករណី និងមានអ្នកជាសះស្បើយថ្មីបន្ថែមចំនួន ៣៩៧នាក់ និងមានស្លាប់ចំនួន ៩នាក់។ សរុបអ្នកឆ្លងទាំងអស់នៅកម្ពុជាមានជាង ៩ម៉ឺន៤ពាន់នាក់ អ្នកជាសះស្បើយជិត៩ម៉ឺននាក់ និង អ្នកស្លាប់មានជិត២ពាន់នាក់៕
អត្ថបទ៖ ហួន ស្រីនីត