ទីផ្សារនាំចេញអង្ករឆ្នាំ២០២៣

សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងទីផ្សារនាំចេញអង្ករឆ្នាំ២០២៣កាន់តែប្រសើរ


សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ចំពោះទីផ្សារនាំចេញអង្ករនៅឆ្នាំ២០២៣នេះ នឹងកាន់តែប្រសើរឡើង ជាពិសេសក្រោយកម្ពុជាបានឈ្នះក្ដីក្នុងការនាំចេញអង្ករលើគណៈកម្មការអឺរ៉ុប កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបកាន់តែប្រសើរឡើង។
សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងទីផ្សារនាំចេញអង្ករឆ្នាំ២០២៣កាន់តែប្រសើរ

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថានភាពទីផ្សារនាំចេញអង្ករនៅឆ្នាំ២០២២ នៅតែមានភាពល្អប្រសើរ បើទោះបីពិភពលោកជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ហើយលោកក៏រំពឹងដែរថា ឆ្នាំ២០២៣នេះ ទីផ្សារអង្ករកម្ពុជានៅតែមានភាពវិជ្ជមាន ជាពិសេសក្រោយកម្ពុជាទទួលបានយុត្តិធម៌ ពីការសម្រេចរបស់តុលាការអន្តរជាតិ នៅប្រទេសលុចសំបួ​ ដោយសម្រេចបញ្ចប់សុពលភាព ការកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ដែលជាការបង្កើតច្រកងាយស្រួលសម្រាប់កម្ពុជា សម្រាប់បញ្ជូនអង្ករកម្ពុជាទៅកាន់អឺរ៉ុប កាន់តែប្រសើរជាងមុន។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពវិស័យស្រូវ-អង្ករ កម្ពុជា នៅឆ្នាំ២០២២ នៅតែមានភាពល្អប្រសើរ បើទោះបី នៅឆ្នាំ២០២២ វិស័យនេះបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន​ ក៏ដោយចុះ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករជាង ៦៣ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់សរុប ៤១៤លានដុល្លារ។ ដោយឡែក កម្ពុជាក៏បាននាំចេញស្រូវ ជាង ៣លានតោន ផងដែរ ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៨៤១លានដុល្លារ។ យ៉ាងណាក៏ដោយ សម្រាប់ទីផ្សារអង្ករនាឆ្នាំនេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅតែបង្ហាញពីគំនិតសុទិដ្ឋិនិយមខ្ពស់ថា​នឹងនៅអាចរក្សាបាននូវភាពវិជ្ជមាន ដោយលោកបញ្ជាក់ថា អង្ករកម្ពុជាបានក្លាយជាទំនិញយុទ្ធសាស្រ្តរបស់សេដ្ឋកិច្ច។ លើសពីនោះ អង្ករមិនត្រឹមតែជាទំនិញយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចកម្ពុជា នោះទេ តែក៏ជាទំនិញយុទ្ធសាស្រ្តសម្រាប់ក្នុងតំបន់ និងពិភពលោក ផងដែរ។ ត្រង់ចំណុចនេះហើយ ទើបប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅតែបង្ហាញពីភាពវិជ្ជមានសម្រាប់ទីផ្សារអង្ករកម្ពុជា សម្រាប់ឆ្នាំ២០២៣នេះ នៅតែមានភាពវិជ្ជមាន និងល្អប្រសើរ។ ជាមួយគ្នានោះ លោកក៏បានបង្ហាញនូវក្ដីរំពឹងចំពោះការនាំចេញអង្ករកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុប ​មានការកើនឡើង​វិញ នៅក្នុងឆ្នាំ២០២២។ ខណៈនៅឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅអឺរុបក្នុងបរិមាណជាង ២០ម៉ឺនតោន​កើនឡើង ​៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលស្មើនឹង ៣៥% នៃបរិមាណនាំចេញសរុប។

ដោយឡែក ចំពោះការនាំចេញអង្ករទៅចិននៅឆ្នាំ២០២២វិញ ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា ហាក់មានការធ្លាក់ចុះ ​គឺពាក់ព័ន្ធនឹងបញ្ហានៃ​អត្រាប្តូរប្រាក់​។ មួយវិញទៀត កាលពីឆ្នាំ២០២១ ​ចិនបានទិញស្បៀងសម្រាប់បំរុងច្រើន ទើបអង្ករសល់នៅក្នុងស្តុកច្រើន ហេតុដូច្នេះ ទើបធ្វើឱ្យការបញ្ជាទិញអង្ករ ក្នុងឆ្នាំ២០២២​ មានការយឺតយ៉ាវ។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ នៅតែរំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ ការនាំចេញអង្ករទៅចិននឹងមានកំណើនឡើងវិញ បន្ទាប់ពីចិនបើកប្រទេសដែលឱ្យដំណើរការពាណិជ្ជកម្មឡើងវិញ។

​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានជាង ៦៣ម៉ឺនតោន និងនាំចេញស្រូវក្នុងបរិមាណជាង ៣លានតោន ដែលគិតជាទឹកប្រាក់សរុប ​ ជាង ១ ២៥៥លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែក ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប បែរជាមានកំណើនបន្តិច​​​ឡើងវិញ។ ដោយឡែក សម្រាប់ប្រទេសចិន ដែលជាប្រទេសឈរនៅលេខទី១ ដែលបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងរយៈពេល១០ឆ្នាំនេះ​ បែរជាមានការថយចុះបន្តិចវិញនៅឆ្នាំ២០២២នេះ៕




អត្ថបទបន្ទាប់


ពលរដ្ឋខេត្តកែប៥០គ្រួសារបានផ្អាកការផលិតអំបិល ខណៈមន្ត្រីជំនាញរំពឹងរដ្ឋមានការឧបត្ថម្ភធន

ថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មខេត្តកែបអះអាងថា មានអ្នកផលិតអំបិលជាច្រើនគ្រួសារនៅខេត្តកែបបានបោះបង់ការផលិតអំបិលនៅឆ្នាំនេះ ក្រោយការផលិតអំបិលនៅ…

អ៊ុយក្រែនទទួលបានជំនួយយោធាជាបន្តបន្ទាប់ ខណៈរុស្ស៊ីប្រកាសបន្ដការវាយប្រហារកាន់តែខ្លាំង

ប្រធានាធិបតីអ៊ុយក្រែនបានសម្តែងការរីករាយយ៉ាខ្លាំងដែលសហរដ្ឋអាមេរិកបានរួមបញ្ចូលរថពាសដែកធន់ធ្ងន់នៅក្នុងកញ្ចប់ជំនួយយោធាចុងក្រោយបង្អស់ដែលមានត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ