ការហូរចេញគ្រាប់ស្វាយចន្ទីឆៅយ៉ាងគំហុគទៅកាន់ទីផ្សារខាងក្រៅនេះ បានធ្វើឲ្យឈ្មួញកណ្ដាល ឬជនខិលខូចមួយចំនួន ឆ្លៀតឱកាសក្រឡុកទីផ្សារក្នុងស្រុក និងអាចបណ្ដាលឲ្យប្រជាកសិករខាតដើមទុន ដែលឈានដល់ការបោះបង់ចោលមុខរបរនេះ។
ប៉ុន្តែ បើទោះជាបែបនេះក្ដីនៅមួយរយៈចុងក្រោយនេះ មានក្រុមវិនិយោគិនបរទេសកាន់តែច្រើនបានបង្ហាញការចាប់អារម្មណ៍វិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាគួរឲ្យកត់សម្គាល់។ តាមរយៈកំណើននៃវត្តមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកជាបន្តបន្ទាប់នេះ វានឹងក្លាយជាផ្នែកមួយបន្ថែមទៀតក្នុងការជួយជំរុញ និងលើកកម្ពស់ផលិតកម្មគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា បច្ចុប្បន្ន វិស័យស្វាយចន្ទីកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។ ជាក់ស្ដែង បច្ចុប្បន្នទាំងស្ថានភាពទីផ្សារ តម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មដំណាំស្វាយចន្ទីនៅក្នុងស្រុកកាន់តែល្អប្រសើរ និងទូលំទូលាយគួរឲ្យកត់សម្គាល់។
ទោះបី កម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កាន់តែច្រើន ក៏ដោយ តែសម្រាប់ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះកត់សម្គាល់ឃើញថា តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅពុំទាន់មានស្ថិរភាពនៅឡើយទេ ដោយសារតែវត្តមានរោងចក្រកែច្នៃនៅកម្ពុជា មានចំនួនតិចពេក ដែលកត្តានេះហើយជំរុញឲ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានរហូតដល់ប្រមាណ៩៥% ខណៈដែលគ្រាប់ស្វាយចន្ទី ដែលត្រូវបានកែច្នៃក្នុងស្រុកមានត្រឹមតែ៥% ប៉ុណ្ណោះ។
យ៉ាងណាមិញ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ធានាស្ថិរភាពនិងបង្កើនតម្លៃគ្រាប់ស្វាយចន្ទី ក៏ដូចជាជំរុញការនាំចេញគ្រាប់ចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យបានកាន់តែច្រើន នោះទាមទារឱ្យកម្ពុជាមានការបង្កើតរោងចក្រធុនមធ្យយ៉ាងតិចប្រមាណ៣០បន្ថែមទៀត។
ដើម្បីជំរុញកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះ បានបញ្ជាក់ទៀតថា សមាគមនៅតែបន្តស្វះស្វែងរកទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីបន្ថែមទៀត ជាពិសេសសមាគមមានផែនការប្រែក្លាយកសិករដាំដុះស្វាយចន្ទី ទៅជាកសិ-ពាណិជ្ជករ។
ក្នុងន័យនេះ លោក អួន ស៊ីឡុត សង្កត់ធ្ងន់ថា នៅពេលកសិករក្លាយទៅជាកសិ-ពាណិជ្ជករ ហើយនោះគ្មានឈ្មួញណាអាចក្រឡុកទីផ្សារគ្រាប់ស្វាយចន្ទីបានទៀតឡើយ ជាពិសេសឈ្មួញដែលមកពីប្រទេសជិតខាងកម្ពុជាតែម្ដង។ ប៉ុន្តែ ដើម្បីអាចសម្រេចទៅតាមផែនការនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា អំពាវនាវឲ្យកសិករដាំដុះដំណាំស្វាយចន្ទី ត្រូវចូលរួមជាមួយសមាគម ឬសហគមន៍ស្វាយចន្ទីនានា ជាមុខសិន។
តាមទិន្ន័យពីសមាគមនស្វាយចន្ទីកម្ពុជា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា។ ការថយចុះនេះ គឺដោយសារតែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ នៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជាសម្រេចបានជាង ៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% គិតជាប្រាក់មានទំហំជាង៨០០លានដុល្លារ ថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២៕