ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់សារព័ត៌មានខេមបូណូមីសថា ការដឹកជញ្ចូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងដំណំនៅអំឡុងវិបត្តិកូវីដ-១៩ បានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ជាពិសេសការដឹកជញ្ជូនទៅកាន់តំបន់អឺរ៉ុបតែម្តង។ បើតាមប្រធានសមាគមរូបនេះ នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ការដឹកជញ្ចូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជាមានកំណើនរហូតដល់ជាង១០០% ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ស្របពេលនៅមួយរយៈចុងក្រោយនេះ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកបានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ួធី នៅសមុទ្រក្រហម បានធ្វើឱ្យក្រុមហ៊ុនកប៉ាល់ដឹកទំនិញមួយចំនួនបានប្រើប្រាស់ផ្លូវវាងបន្ថែមរាប់ពាន់គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញពីតំបន់អាស៊ីទៅតំបន់អឺរ៉ុប និងធ្វើឱ្យតម្លៃដឹកជញ្ជូនទំនិញកើនឡើងទ្វេដង និងត្រូវចំណាយពេលថែមប្រមាណជាង១០ថ្ងៃឯណោះ។ កត្តានេះបានជំរុញឱ្យអ្នករកស៊ីមួយចំនួនបានងាកមកប្រើប្រាស់ការដឹកជញ្ជូនទំនិញរបស់ខ្លួនតាមផ្លូវអាកាសជំនួសវិញ ដែលធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅដើមឆ្នាំ២០២៤នេះ មានសម្ទុះកើនឡើងជាបន្តបន្ទាប់។
ទោះបីវិស័យដឹកជញ្ជូនអាចបន្តជួបបញ្ហាប្រឈមយ៉ាងណាក្តី តែលោកឧកញ៉ា ស៊ិន ចន្ធី រំពឹងថា វិស័យដឹកជញ្ជូនរបស់កម្ពុជានៅឆ្នាំ២០២៤ នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅវិស័យដឹកជញ្ជូនរបស់កម្ពុជាមានការចុះតិចតួចបើធៀបនឹងឆ្នាំ២០២២ដោយសារវិបត្តិសេដ្ឋកិច្ច បញ្ហាអតិផរណា ការបញ្ជាទិញធ្លាក់ចុះពីតំបន់អឺរ៉ុប និងបញ្ហាមួយចំនួនទៀត៕