ក្នុងនោះដែរ សម្រាប់កម្ពុជាក៏កំពុងពន្លឿនផែនការបើកទទួលទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួចផងដែរ ដោយរំពឹងថា នៅខែវិច្ឆិកាខាងមុខនេះ នឹងចាប់ផ្ដើមការបើកសាកល្បងជាបណ្ដើរៗហើយ ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរ មិនបានបង្ហើបឲ្យដឹងថា នឹងជ្រើសរើសយកខេត្ត ឬក្រុងណាមួយដើម្បីបើកសាកល្បងគម្រោងនេះនៅឡើយទេ។
បើតាមអ្នកជំនាញផ្នែកទេសចរធ្លាប់បានអះអាងប្រាប់ខេមបូណូមីសថា ក្រុងព្រះសីហនុទំនងជានឹងត្រូវបានរដ្ឋាភិបាលជ្រើសរើសសម្រាប់ការបើកទទួលភ្ញៀវទេសចរបរទេស ក្នុងដំណាក់កាលដំបូងនេះ។
រយៈពេលជិត ២ឆ្នាំមកហើយ ដែលវិបត្តិកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់ក្នុងវិបត្តិងើបមុខមិនទាន់រួចនៅឡើយ។ មិនថាតែនៅកម្ពុជានោះទេ វិស័យទេសចរណ៍នៅប្រទេសក្នុងតំបន់អាស៊ាន ក៏បានជួបនូវព្យុះភ្លៀងមិនចាញ់គ្នានោះដែរ ដែលទាមទារ ឱ្យបណ្ដាប្រទេសទាំងនោះ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ដើម្បីបើកទេសចរណ៍តំបន់ឡើងវិញ នាពេលខាងមុខ។
ដើម្បីចូលរួមស្ដារវិស័យទេសចរណ៍ឡើងវិញ បណ្ដាប្រទេសអាស៊ាន បានបើកវេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ី ដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងមានការចូលរួមពីបណ្ដាប្រទេស ដូចជា កម្ពុជា, ប្រទេសព្រុយណេ,ប្រទេសឥណ្ឌូណេស៊ី,ប្រទេសសិង្ហបុរី,ប្រទេសថៃ និងប្រទេសវៀតណាមជាដើម។
ជុំវិញ ផែនកាបើកទទួលភ្ញៀវបរទេសឡើងវិញនេះដែរ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ឆ្លៀតពេលអាស៊ានកំពុងពន្លឿនការបើកទទួលទេសចរអន្តរជាតិឡើងវិញ កម្ពុជា គួរយកឱកាសនេះ ផ្សព្វផ្សាយឱ្យបានទូលាយ ដល់ជនបរទេស ដែលគ្រោង មានដំណើរកម្សាន្ត មកតំបន់អាស៊ាននៅពេលខាងមុខ។ អ្នកជំនាញរូបនេះ ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ និងសេវាទេសចរណ៍ កម្ពុជា ដែលមានស្រាប់ ដើម្បីជំរុញឱ្យដល់ភ្ញៀវបរទេស។
ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ប្រទេសនីមួយៗ សុទ្ធតែមានសក្ដានុពលរៀងៗខ្លួន ហើយកម្ពុជា មានសក្ដានុពលជាច្រើន ដូចជា ប្រាសាទអង្គរ តំបន់ទេសចរណ៍ធម្មជាតិ រួមទាំងការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សុទ្ធតែជាអ្វី ដែលអាចទាក់ទាញទេសចរអន្តរជាតិ នាពេលខាងមុខ។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជា មានសក្ដានុពលស្រាប់ហើយ ក៏ប៉ុន្តែ អ្វីដែលលោក ធួន ស៊ីណាន មានការព្រួយបារម្ភ នោះថា តើកម្ពុជា ត្រៀមខ្លួនរបៀបណា ក្នុងការទទួលទេសចរបរទេសទាំងនោះ ហើយតើពួកនឹងចូលមកកម្សាន្តនៅកម្ពុជា តាមរបៀបណា?
ពាក់ព័ន្ធផែនការនៃការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ត្រូវបានឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ក្រសួងបានរៀបចំផែនការរួចស្រេចអស់ហើយ សម្រាប់ការត្រៀមអ្នកទេសចរអន្តរជាតិឡើញវិញ។ ក៏ប៉ុន្តែ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់នោះទេថា ខេត្តណាដែលជាគោលដៅ ដើម្បីទទួលទេសចរនៅដំណាក់កាលដំបូងនោះទេ តែឯកឧត្តមបានសង្កត់ធ្ងន់ថា បើគ្មានអ្វីប្រែប្រួល ផែនការនេះ អាចនឹងចាប់ផ្ដើមនៅចុងខែវិច្ឆិកា ខាងមុខ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆមាសទី១ ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ១០ម៉ឺននាក់ ថយចុះ ៩១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕